ក្រុមអ្នកឃ្លាំមើលសង្រ្គាមបានបង្ហើបឱ្យដឹងថាការវាយប្រហារតាមអាកាសកាលពីថ្ងៃអង្គារនេះបានតម្រង់គោលដៅទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ស្ថិតនៅតាមបណ្តោយព្រំដែនអ៊ីរ៉ាក់ និងស៊ីរី។
ការវាយប្រហារតាមអាកាសត្រូវបានគេសង្ស័យថាបានធ្វើឡើងដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកដែលបានតម្រង់គោលដៅទៅលើច្រកទ្វារយោធារបស់កងជីវពលអ៊ីរ៉ង់ស្ថិតនៅក្នុងភូមិអាល់ហារី (al-Hari) ក្បែរទីក្រុងអាល់បាគូម៉ាល់ (Albukamal) តាមបណ្តោយព្រំដែនអ៊ីរ៉ាក់ និងស៊ីរី។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថាចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើតមាន ប៉ុន្តែមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។
យោងតាមក្រុមឃ្លាំមើលដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឲ្យដឹងថា កងកំលាំងអាមេរិករួមគ្នាជាមួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដឹកនាំដោយជនជាតិឃឺដ (SDF) បានធ្វើសមយុទ្ធយោធាមួយស្ថិតនៅក្នុងតំបន់ប្រេងអាល់អូម៉ា (al-Omar) កាលពីព្រឹកថ្ងៃច័ន្ទនេះ។
បញ្ហានេះកើតឡើងស្របពេលដែលកម្លាំងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះអន្តរជាតិបានរងការវាយប្រហារដោយគ្រាប់រ៉ូកែត និងគ្រាប់បែកជាច្រើនស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដែលការវាយប្រហារទាំងនេះត្រូវបានទីក្រុងវ៉ាស៊ីនតោនស្តីបន្ទោសទៅលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ជាអ្នកប្រព្រឹត្ត។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១