ករណីបំផ្ទុះគ្រាប់បែកនៅប្រទេសប៉ាគីស្ថានត្រូវបានរកឃើញដាននៃការបំផ្ទុះ ខណៈប្រទេសចិនប្តេជ្ញាជួយក្នុងការស៊ើបអង្កេត

0

រដ្ឋមន្ត្រីប៉ាគីស្ថានមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធក្នុងការស៊ើបអង្កេតលើករណីបំផ្ទុះឡានក្រុងមួយនៅថ្ងៃពុធ ដែលបានសម្លាប់មនុស្ស ១៣នាក់រួមទាំងកម្មករចិន ៩នាក់ បានរកឃើញដាននៃគ្រឿងផ្ទុះ។

នៅក្នុងសារធ្វីតធ័រកាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកហ្វាវ៉ាដ ឆូដរ៉ី(Fawad Chaudhry) បានសរសេរថា លោកនាយករដ្ឋមន្រ្តីអ៊ីមរ៉ាន ខាន( Imran Khan) កំពុងតែធ្វើការស៊ើបអង្កេតដោយផ្ទាល់ទៅលើហេតុការណ៍ផ្ទុះដ៏សាហាវនោះ។

ផ្ទុយពីរបាយការណ៍មុនៗដែលបានលើកថា រថយន្តបានផ្ទុះឡើងក្រោយពីរថយន្តនោះបានខូចផ្នែកមេកានិចបណ្តាលឱ្យមានការលេចធ្លាយឧស្ម័ន ដោយលោករដ្ឋមន្រ្តីបានបញ្ជាក់ថាឥឡូវនេះក្រុមអ្នកស៊ើបអង្កេតបានរកឃើញសំណាកបំផ្ទុះ។ លោកបន្ថែមថា មិនគួរមើលរំលងអំពើភេរវកម្មបាននោះទេ។

លោកឆូដរ៉ីថែមទាំងមានប្រសាសន៍ទៀតថា រដ្ឋាភិបាលកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរចិន និងស្ថានទូតចិនព្រោះមានអ្នកស្លាប់ ៩នាក់គឺជាជនជាតិចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកចាវ លីចៀន(Zhao Lijian) បានប្រាប់សន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍ថា ទាំងទីក្រុងអ៊ីស្លាម៉ាបាដ និងទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលុបបំបាត់អំពើភេរវកម្ម។ លោកចាវមានប្រសាសន៍ថា៖ “ ថ្ងៃនេះប្រទេសចិននឹងបញ្ជូនក្រុមការងាររួមគ្នាជាមួយនឹងបុគ្គលិកមន្ទីរមួយទៅកាន់ប្រទេសប៉ាគីស្ថានដើម្បីជួយការងារដែលពាក់ព័ន្ធ” ។

គួររំលឹកផងដែរថា ក្នុងសន្និសីទកាសែតនៅថ្ងៃពុធ លោកចាវបានចាត់ទុកហេតុការណ៍ផ្ទុះនោះថា ជាការវាយប្រហារបំផ្ទុះគ្រាប់បែក ប៉ុន្តែការលើកឡើងនេះត្រូវបានបដិសេធនៅពេលនោះ ដោយសារតែអាជ្ញាធរប៉ាគីស្ថានបានចាត់ទុកថា ហេតុការណ៍ផ្ទុះនោះបានកើតឡើងដោយសារតែខូចផ្នែកមេកានិចក្នុងរថយន្ត។

ស្រដៀងគ្នានេះដែរ នៅខែមេសា ឆ្នាំ២០២១ មនុស្ស ៥នាក់បានស្លាប់ ប៉ុន្តែពុំមានជនជាតិចិននោះទេ ក្រោយពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកមួយបានកើតឡើងនៅខាងក្រៅសណ្ឋាគារប្រណីតមួយក្នុងខេត្តបាឡូជីស្ថាន ខណៈដែលមានឯកអគ្គរដ្ឋទូតចិនម្នាក់កំពុងស្នាក់នៅ។ ក្រោយមកក្រុមតាលីបង់បានអះអាងទទួលខុសត្រូវចំពោះហេតុការណ៍ផ្ទុះនេះ បើទោះបីជាឯកអគ្គរដ្ឋទូតចិនម្នាក់នោះមិនមែនគឺជាគោលដៅពិតប្រាកដដែលពួកគេចង់បានក៏ដោយ។

ប្រទេសប៉ាគីស្ថានគឺជាផ្នែកសំខាន់មួយនៃតំបន់ក្រវ៉ាត់ និងមានផ្លូវចូលទៅប្រទេសចិន ហើយកម្មករជនជាតិចិនជាច្រើននាក់ត្រូវបានបញ្ជូនឱ្យទៅធ្វើការ និងត្រួតពិនិត្យលើគម្រោងសាងសង់នៅទីនោះ។ យ៉ាងណាមិញ មានប្រជាជនប៉ាគីស្ថានខ្លះបានប្រមូលផ្តុំគ្នាចុះឈ្មោះបង្ហាញពីការមិនពេញចិត្តចំពោះចំនួនកម្មករចិន ដែលបានធ្វើការលើគម្រោងទាំងនោះ ដោយសារតែកម្មករចិនមានចំនួនច្រើនជាងកម្មករក្នុងស្រុក ហើយថែមទាំងមានភាពខុសគ្នាចំពោះតម្លៃប្រាក់ឈ្នួលរវាងកម្មករចិន និងប៉ាគីស្ថានផងដែរ៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here