បុគ្គលិកសន្តិសុខ ២នាក់ ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារភេរវកម្មនៅប្រទេសប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖សេចក្តីថ្លែងការណ៍មួយរបស់កងទ័ពនៅថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា មន្ត្រី ១នាក់ និងទាហាន ១នាក់របស់កងទ័ពប៉ាគីស្ថានត្រូវបានសម្លាប់ នៅពេលដែលក្រុមភេរវករបានវាយប្រហារកំណត់គោលដៅលើពួកគេដោយការបំផ្ទុះគ្រឿងផ្ទុះកែច្នែមួយនៅតំបន់ផាស់នី(Pasni)ក្នុងខេត្តប៉ាឡូជីស្ថាន( Balochistan) ភាគនិរតីនៃប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍ដដែល ភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) របស់យោធាបានប្រាប់ឲ្យដឹងថា យោធាបានបើកប្រតិបត្តិការស្រាវជ្រាវមួយក្រោយពីហេតុការណ៍នេះបានកើតឡើងដើម្បីតាមចាប់អ្នកបំផ្ទុះគ្រាប់បែក។

ក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា រាល់សកម្មភាពកំសាកបែបនេះ ដែលធ្វើឡើងដោយសមាជិកក្រុមសកម្មប្រយុទ្ធមិនអាចបំផ្លាញសន្តិភាព និងវិបុលភាពដ៏រឹងមាំរបស់ប្រទេសបាននោះទេ។កម្លាំងសន្តិសុខថែមទាំងបានប្តេជ្ញាចិត្តដើម្បីកម្ចាត់រាល់សកម្មភាពវាយប្រហារគ្រប់រូបភាពទាំងអស។

គួរបញ្ជាក់ផងដែរថា ឧប្បត្តិហេតុភេរវកម្ម ដែលបានកំណត់គោដៅលើកម្លាំងសន្តិសុខ មានការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងប្រទេសប៉ាគីស្ថាន។ នៅព្រឹកថ្ងៃអង្គារ បុគ្គលិកសន្តិសុខ ២នាក់រួមទាំងមន្រ្តី១នាក់ និងភេរវករ ៣នាក់បានស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយនៅភាគពាយព្យនៃខេត្ត ខាយបឺរ ផាកថុនវ៉ា(Khyber Pakhtunkhwa)។

លើសពីនេះ នៅថ្ងៃទី២៥ ខែមិថុនា កម្លាំង ISPR បាននិយាយថា ទាហាន ៥នាក់មកពីក្រុមទ័ពប៉ារ៉ាត្រូវបានសម្លាប់ ក្រោយពីក្រុមភេរវករវាយប្រហារកំណត់គោលដៅទៅលើកងទ័ពល្បាតនៅស្រុកស៊ីប៊ី(Sibi) នៃខេត្តប៉ាឡូជីសស្ថាន(Balochistan)៕

ប្រែសម្រួ៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានxinhuanet ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here