ប្រភពព័ត៌មានមួយចេញពីក្រសួងមហាផ្ទៃអ៊ីរ៉ាក់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២៨នាក់ស្លាប់ និង៦៦នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយក្នុងផ្សារមួយកន្លែងនៅភាគខាងកើតទីក្រុងបាកដាដនៅថ្ងៃចន្ទ។
តាមប្រភពជនអនាមិក គ្រាប់បែកមួយគ្រាប់ត្រូវបានគេបំផ្ទុះក្នុងផ្សារដ៏អ៊ូរអរមួយកន្លែងក្នុងទីក្រុងសាដស៊ីធី (Sadr City) ដែលស្ថិតនៅជាយក្រុងបាកដាដមុនពេលថ្ងៃលិច ដោយបានបំផ្លាញហាង និងតូបក្បែរៗនោះជាច្រើនរួមទាំងបានបំផ្លាញអគារជុំវិញនោះផងដែរ។
អាជ្ញាធរអ៊ីរ៉ាក់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ព័ត៌មានបន្ថែមនឹងមានចេញផ្សាយជាបន្ត ក្រោយពីមានការស៊ើបអង្កេតលើឧប្បត្តិហេតុនេះរួច។
លោកហាដ័រ (Haider Gatie) ជាអាជីវករក្នុងផ្សារនោះបានបង្ហាញអារម្មណ៍ខឹងសម្បារចំពោះឧប្បត្តិហេតុដ៏សាហាវនេះ ដោយលោកមានប្រសាសន៍ថា៖ “ហេតុការណ៍ផ្ទុះនេះបានបំផ្លាញហាងរបស់យើង ហើយមនុស្សជាច្រើននៅទីនេះត្រូវបានសម្លាប់ និងរងរបួស។ លើសពីនេះ ប្រជាជនទាំងអស់នៅទីនេះសុទ្ធតែជាអ្នកក្រីក្រ និងត្រូវប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចចិញ្ជឹមជីវិតបាន។”
បច្ចុប្បន្ននេះ ហេតុការណ៍បំផ្ទុះគ្រាប់បែកសម្លាប់មនុស្សគឺកម្រកើតមានណាស់នៅក្នុងទីក្រុងបាកដាដ ព្រោះស្ថានការណ៍សន្តិសុខមានភាពប្រសើរឡើងវិញនៅក្នុងប្រទេសអ៊ីរ៉ាក់ចាប់តាំងពីកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់ក្រុមសកម្មប្រយុទ្ធ IS នៅទូទាំងប្រទេសនៅចុងឆ្នាំ២០១៧។
ទោះជាយ៉ាងណាក៏ដោយក្រុមឧទ្ទាមISដែលនៅសេសសល់បានលាក់ខ្លួនតាមតំបន់ទីក្រុង ឬតំបន់វាលខ្សាច់ រួមទាំងតំបន់រឹងមាំផ្សេងទៀត ដោយធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន gbhackers ចុះផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១