ប្រទេសស៊ីរ៉ី៖ក្រុមភេរវករបានវាយប្រហារកំណត់គោលដៅដោយបាញ់គ្រាប់រ៉ូកែតទៅលើភូមិណាវ័រស្ហាថាហារក្នុងតំបន់អាល ហ្គាប (al-Ghab) នៅទីក្រុងហាម៉ា (Hama) ភាគពាយ័ព្យនៃប្រទេសស៊ីរ៉ី។
ភ្នាក់ងារសារព័ត៌មានសាណាក្នុងទីក្រុងហាម៉ាបានរាយការណ៍ថា ក្រុមភេរវករមកពីអង្គភាពចាបាតអាល់ណឺស្រា (Jabhat al-Nusra) ក្នុងតំបន់ចាបាល អាលហ្សាវីយ៉ា (Jabal al-Zawiya)នៅខេត្តអ៊ីដលីប(Idleb) ភាគខាងត្បូងប្រទេសស៊ីរ៉ី បានបាញ់គ្រាប់រ៉ូកែតលើភូមិណាវ័ស្ហាថាហារ (Naaour Shataha) នៅខេត្តហាម៉ាភាគពាយ័ព្យនៃប្រទេស បណ្តាលឲ្យខូចខាតដល់សម្ភារៈ និងផ្ទះជាច្រើន។
ក្នុងហេតុការណ៍មួយផ្សេងទៀត នៅល្ងាចថ្ងៃសៅរ៍ ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ក្នុងហេតុការណ៍ផ្ទុះគ្រាប់មីន ដែលបន្សល់ទុកដោយក្រុមភេរវករចាបាតអាល់ណឺស្រានៅទីក្រុងតាលម៉ាស (Tal Mah) ក្នុងតំបន់ម៉ារ៉ាដាស់ (Mahardah) នៃខេត្តហាម៉ា (Hama) ភាគខាងជើងនៃប្រទេស។
មន្ត្រីក្រសួងការបរទេសរុស្ស៊ីនិយាយនៅថ្ងៃអាទិត្យថា ក្រុមភេរវករចាបាតអាល់ណឺស្រា បានឈរជើងនៅក្នុងតំបន់បន្ថយជម្លោះក្នុងខេត្តអ៊ីលីប(Idleb) និងតំបន់ផ្សេងៗទៀត ដោយបានធ្វើការវាយប្រហារចំនួន ២៨លើក ហើយក្នុងនោះមាន ៦លើកបានវាយប្រហារទៅលើតំបន់សុវត្ថិភាពក្នុងខេត្តហ៉ាម៉ា (Hama) ភាគខាងជើងនៃប្រទេស៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មានសាណាចុះផ្សាយថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១