ប្រទេសប៉ាឡេស្ទីន៖យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន១នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតរងរបួសនៅថ្ងៃព្រហស្បតិ៍ ក្នុងហេតុការណ៍ផ្ទុះនៅផ្សារធំបំផុតមួយក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
មន្ត្រីក្រសួងមហាផ្ទៃគ្រប់គ្រងតំបន់ហាម៉ា(Hamas)បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា ហេតុការណ៍ផ្ទុះមួយបង្កការខូចខាតយ៉ាងខ្លាំងដល់ផ្សារអាលហ្សាយ៉ា(al-Zawya)និងបំផ្លាញផ្ទះជាច្រើននៅសង្កាត់ដែលមានមនុស្សច្រើនកកកុញ។
លោកអ៊ីយ៉ាដ អាលប៉ូហ្សូម(Eyad al-Bozzom) អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់អ្នកយកព័ត៌មានថា កម្លាំងការពារស៊ីវិលអាចពន្លត់ភ្លើងដែលឆេះបណ្តាលមកពីការផ្ទុះ និងបានជម្លៀសអ្នកដែលនៅរស់រានមានជីវិត។
គេសង្ស័យថា ហេតុការណ៍ផ្ទុះនេះកើតឡើងបណ្តាលមកពីការផ្ទុះហ្គាស ប៉ុន្តែមន្ត្រីក្រសួងបាននិយាយថា ពួកគេកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះដើម្បីកំណត់ពី
មូលហេតុ។
យ៉ាងណាមិញ អ្នកដែលរងគ្រោះថ្នាក់ពីហេតុការណ៍ផ្ទុះនេះមានចំនួនតិចតួច ដោយសារតែហេតុការណ៍នេះកើតឡើងចំថ្ងៃឈប់សម្រាករបស់អ៊ីស្លាមអេដអាល់អាដា (Eid al-Adha) ឬពិធីបូជា ខណៈដែលហាងទាំងអស់នៅក្នុងផ្សារអាលហ្សាយ៉ាត្រូវបានបិទ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១