យោធារុស្ស៊ីបានបង្ហើបឱ្យដឹងថា មីស៊ីលទាំង៤គ្រាប់ដែលបាញ់ដោយយន្តហោះចម្បាំងរបស់អ៊ីស្រាអែលទៅលើខេត្តហូម(Homs)ក្នុងប្រទេសស៊ីរីនៅព្រឹកថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់ទម្លាក់ ដោយកងទ័ពស៊ីរីតាមរយៈប្រព័ន្ធការពារដែនអាកាសដែលផលិតដោយប្រទេសរុស្ស៊ី។ ប្រព័ន្ធការពារដែនអាកាសនោះមានឈ្មោះថា Buk។
យន្ដហោះចម្បាំង F-16 របស់អ៊ីស្រាអែលចំនួន ២គ្រឿងបានបាញ់ មីស៊ីលចេញពីដែនអាកាសនៃប្រទេសលីបង់នៅម៉ោងប្រមាណជា ១និង ១១នាទីយប់ម៉ោងក្នុងស្រុកនៅថ្ងៃព្រហស្បតិ៍។ មន្រ្តីនៅមជ្ឈមណ្ឌលបង្រួបបង្រួមជាតិរុស្ស៊ីក្នុងប្រទេសស៊ីរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ មីស៊ីលទាំង ៤គ្រាប់ត្រូវបានកម្ទេចដោយអង្គភាពការពារដែនអាកាសស៊ីរី តាមរយៈការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Buk-M2E ដែលផលិតដោយប្រទេសរុស្ស៊ី”។
វីដេអូរ និងរូបថតជាច្រើនបង្ហាញពីទិដ្ឋភាពការស្ទាក់ចាប់ ត្រូវបានចែកចាយលើបណ្តាញសង្គម។ គួរបញ្ជាក់ផងដែរថា នេះគឺជាការវាយប្រហារលើកទី២ ហើយរបស់កម្លាំងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសស៊ីរីនៅក្នុងសប្តាហ៍នេះ ដែលធ្វើឡើងចំថ្ងៃឈប់សម្រាកបុណ្យអ៊ីស្លាម អ៊ីដ អាល អាដ (Eid al-Adha) ដែលបានចាប់ផ្តើមប្រារព្ធតាំងពីថ្ងៃច័ន្ទមក។
លើសពីនេះ ប្រធានមជ្ឈមណ្ឌលផ្សះផ្សាជាតិលោកឧត្តមនាវីឯកវ៉ាឌីម កូលីត(Vadim Kulit) មានប្រសាសន៍ថា នៅថ្ងៃអង្គារយន្ដហោះច្បាំងអ៊ីស្រាអែល ៤គ្រឿងបានបាញ់មីស៊ីល ៨គ្រាប់ ទៅក្នុងខេត្តអាឡិបប៉ូ ដោយបានវាយប្រហារលើវិទ្យាសា្ថនស្រាវជ្រាវវិទ្យាសាស្ត្រមួយកន្លែងនៅទីក្រុងសាហ្វ្រៀរ(Safira) ។ យ៉ាងណាមិញ មីស៊ីល ៧គ្រាប់ក្នុងចំណោមមីស៊ីល ៨គ្រាប់ត្រូវបានបាញ់ទម្លាក់ ដោយអង្គភាពការពារដែនអាកាសស៊ីរ៉ី តាមរយៈការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Buk-M2 និងPantsir-S។ ចំពោះហេតុការណ៍វាយប្រហារនៅថ្ងៃអង្គារនោះ យន្ដហោះចម្បាំងអ៊ីស្រាអែលបានហោះចូលដែនអាកាសប្រទេសស៊ីរីដោយឆ្លងកាត់តំបន់អាត ថាន(At-Tanf) តាមព្រំដែនប្រទេសហ្សកដានី ដែលតំបន់នោះត្រូវបានគ្រប់គ្រងដោយយោធាអាមេរិក។
គួរបញ្ជាក់ផងដែរថា កម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារតាមអាកាសទៅក្នុងទឹកដីនៃប្រទេសស៊ីរីអស់ពេលជាច្រើនឆ្នាំមកហើយ ខណៈដែលមន្រ្តីនៅក្នុងទីក្រុងថែល អាទីវ(Tel Aviv) បាននិយាយថា ពួកគេគ្រាន់តែចាត់ធានការណ៍ការពារខ្លួន ដោយគោលដៅរបស់ពួកគេបានសំដៅលើកម្លាំងអ៊ីរ៉ង់ក្នុងប្រទេសស៊ីរ៉ី។
កម្លាំងការពារនៅក្រុងដាម៉ាសបានទប់ស្កាត់រាល់ការវាយប្រហារទាំងអស់ ដោយបានចាត់ទុកសកម្មភាពទាំងអស់នោះថា ជាការឈ្លានពាន។ នៅដើមខែនេះ ប្រទេសរុស្ស៊ី ប្រទេសតួកគី និងប្រទេសអ៊ីរ៉ង់បានរួមគ្នាធ្វើការថ្កោលទោសលើសកម្មភាពវាយប្រហារជាបន្តបន្ទាប់របស់ប្រទេសអ៊ីស្រាអែល ដោយបានចាត់ទុកសកម្មភាពទាំងនោះថាជាការបំពានលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ អធិបតេយ្យភាពរបស់ប្រទេសស៊ីរី និងប្រទេសជិតខាង៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១