ប៉ូលិសនិយាយថា សមាជិកតាលីបង់ ៥នាក់ត្រូវបានសម្លាប់ និងមេបញ្ជាការសំខាន់ ១នាក់ ដែលមានឈ្មោះថា ម៉ូហ្វី អ៊ីសម៉េល (Mufti Ismael) បានរងរបួសពីហេតុការណ៍ផ្ទុះគ្រាប់មីនចំរថយន្តរបស់ពួកគេនៅភាគខាងជើងខេត្តហ្វាយ៉ាប (Faryab) នៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអាទិត្យ។
ប៉ូលិសខេត្តហ្វាយ៉ាបបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ “មេបញ្ជាការតាលីបង់លោកម៉ូហ្វី អ៊ីសម៉េល (Mufti Ismael) ក្រោយពីបានចូលរួមក្នុងការប្រជុំរបស់មេបញ្ជាការតាលីបង់នៅក្នុងស្រុកស្ហីរ៉ីន តាហ្គាប(Shirin Tagab) នៅពេលរសៀលរួច គាត់បានធ្វើដំណើរដល់ទីតាំងផ្ទុះគ្រាប់មីននោះ ខណៈដែលគ្រាប់មីនបានកំណត់គោលដៅលើរថយន្តរបស់គាត់ ដោយបានសម្លាប់អង្គរក្សរបស់គាត់ ៥នាក់ និងបណ្តាលឲ្យគាត់រងរបួស។”
ក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយប្រហារក្នុងស្រុកទាំង ៧នៅក្នុងខេត្តហ្វាយ៉ាប ហើយបាននិងកំពុងដាក់សម្ពាធលើតំបន់ទីរួមខេត្តម៉ាម៉ាណា(Maimana) ដែលមានចម្ងាយ៤២៥ គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងកាប៊ុល។ ក្រុមសកម្មប្រយុទ្ធពុំបានធ្វើការអត្ថាធិប្បាយចំពោះឧប្បត្តិហេតុដែលបានកើតឡើងនៅថ្ងៃអាទិត្យនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានxinhuanet ចុះផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១