នាយកប្រឆាំងភេរវកម្មប្រចាំតំបន់ឃឺដកាលពីថ្ងៃអាទិត្យនេះបានប្រកាសថាបានចាប់ខ្លួនបុរសម្នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការធ្វើផែនការនៃការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីពេលថ្មីៗនេះនៅទីរដ្ឋធានីបាដាដ។
គួររំលឹកថាកាលពីថ្ងៃទី១៩ ខែកក្កដាកន្លងទៅអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រាប់បែកអាវកាក់របស់គាត់ស្ថិតនៅផ្សារដ៏មមាញឹកមួយក្នុងទីក្រុងសាដ (Sadr) ភាគខាងកើតរដ្ឋធានីបាដាដដោយបានសម្លាប់មនុស្ស៣៥នាក់ និងរងរបួសជាច្រើននាក់ទៀត។ ក្រោយមកការវាយប្រហារនេះ ត្រូវបានអះអាងទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ីស្លាម។
កន្លងមកកម្លាំងអ៊ីរ៉ាក់បានចាប់ខ្លួនក្រុមមួយមានគ្នា៣នាក់ជុំវិញការវាយប្រហារនេះ។ អង្គភាពប្រឆាំងភេរវកម្មប្រចាំតំបន់ឃឺដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថារដ្ឋធានីបាដាដបានស្នើសុំកិច្ចសហប្រតិបត្តិការដើម្បីចាប់ជនសង្ស័យទី៤។
បន្ទាប់ពីការស៊ើបអង្កេតរបស់អគ្គនាយកដ្ឋានប្រឆាំងភេរវកម្មនៃតំបន់ឃឺដ បុរសដែលចូលរួមប្រព្រឹត្តអំពើភេរវកម្មត្រូវបានចាប់ខ្លួន។
អត្តសញ្ញាណជនសង្ស័យរូបនេះ គឺជាអ្នកដែលមានដើមកំណើតនៅស្រុកហាវីចារ (Hawija) ខេត្តគីរីគូ(Kirkuk) ដែលត្រូវបានកងកម្លាំងរកឃើញ និងធ្វើការចាប់ខ្លួនស្ថិតនៅក្នុងជំរុំជនភៀសខ្លួនហាសាន់សាម (Hassan Sham)។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១