នៅចំពេលមានការកើនឡើងនៃការវាយប្រហារដោយពួកតាលីបង់មុនពេលការដកកងទ័ពសហរដ្ឋអាមេរិក និងកងទ័ពអន្តរជាតិដទៃទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននោះ មេបញ្ជាការយោធាជាន់ខ្ពស់អាមេរិកនិយាយថា សហរដ្ឋអាមេរិកនឹងបន្តអនុវត្តការវាយឆ្មក់តាមផ្លូវអាកាសដើម្បីគាំទ្រដល់កងកម្លាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ពួកតាលីបង់បានទទួលជោគជ័យក្នុងសមរភូមិជាច្រើនសប្តាហ៍ថ្មីៗនេះ នៅពេលដែលកម្លាំងបរទេសដឹកនាំដោយសហរដ្ឋអាមេរិកជិតដល់ពេលត្រូវដកខ្លួនចេញ បន្ទាប់ពីការតាំងនៅអស់រយៈពេលជាង ២០ ឆ្នាំហើយនៅក្នុងប្រទេសនេះ។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សន្យាថា កងទ័ពអាមេរិកទាំងអស់នឹងត្រូវចាកចេញពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី ១១ ខែកញ្ញាដែលជាខួបគម្រប់ ២០ ឆ្នាំនៃការវាយប្រហារព្រឹត្តិការណ៍ ៩/១១ ប៉ុន្តែក្រោយមកបានរំកិលថ្ងៃផុតកំណត់មកនៅត្រឹមចុងខែសីហា។
នៅសន្និសីទសារព័ត៌មាននៅរដ្ឋធានីកាប៊ុលកាលពីថ្ងៃអាទិត្យនេះ ឧត្តមសេនីយ៍កងម៉ារីនសហរដ្ឋអាមេរិកលោក Kenneth McKenzie និយាយក្នុងសុន្ទរកថាមួយថា“ សហរដ្ឋអាមេរិកបង្កើនការវាយប្រហារតាមផ្លូវអាកាសដើម្បីគាំទ្រកងកម្លាំងអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយយើងត្រៀមបន្តការគាំទ្រកម្រិតខ្ពស់នេះនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ប្រសិនបើពួកតាលីបង់នៅតែបន្តការវាយប្រហារ”។
លោក McKenzie ដែលដឹកនាំបញ្ជាការកណ្តាលសហរដ្ឋអាមេរិកបដិសេធមិនអធិប្បាយថា តើកងកម្លាំងអាមេរិកនឹងបន្តការវាយឆ្មក់តាមអាកាសឬយ៉ាងណា បន្ទាប់ពីបញ្ចប់បេសកកម្មយោធារបស់ពួកគេនៅថ្ងៃទី ៣១ ខែសីហានេះ។ លោក McKenzie មានប្រសាសន៍ថា“ រដ្ឋាភិបាលអាហ្វហ្គានីស្ថានប្រឈមមុខនឹងស្ថានភាពដ៏តឹងរឹងមួយនៅប៉ុន្មានថ្ងៃខាងមុខ។ ជ័យជម្នះរបស់ពួកតាលីបង់គឺមិនអាចចៀសផុតបានទេ ហើយដំណោះស្រាយនយោបាយនៅតែអាចធ្វើទៅបាន។” គួរបញ្ជាក់ផងដែរថា ពួកតាលីបង់បង្កើនការវាយលុករបស់ខ្លួននៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗផងដែរនៅតាមព្រំដែន និងស្រុកជាច្រើនដែលនៅព័ទ្ធជុំវិញទីក្រុងជាច្រើនផងដែរ៕