ប្រទេសនីហ្សរីយ៉ា៖ប៉ូលិសនីហ្សេរីយ៉ានៅថ្ងៃអង្គារបានបញ្ជាក់ថា ខ្មាន់កាំភ្លើង ៦នាក់ និងមន្រ្តីប៉ូលិសជាន់ខ្ពស់ ១នាក់ត្រូវបានសម្លាប់ក្រោយពីមានជម្លោះប្រដាប់អាវុធរវាងប៉ូលិស និងក្រុមប្រដាប់អាវុធនៅភាគអាគ្នេយ៍នៃរដ្ឋអ៊ីមូ(Imo)។
អ្នកនាំពាក្យប៉ូលិសនៅរដ្ឋអ៊ីម៉ូ (Imo) លោកមៃឃើល អាបាតថាម (Micheal Abattam) បញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្មាន់កាំភ្លើងចំនួន១១នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលមានជម្លោះប្រដាប់អាវុធនៅតំបន់អ័រ៉ូ អេស(Oru-East) នៅល្ងាចថ្ងៃចន្ទ។
លោកអាបាតថាមមានប្រសាសន៍ថា ក្រុមប្រដាប់អាវុធ ដែលបង្កអំពើរភេរវកម្មក្នុងតំបន់កំពុងតែធ្វើដំណើរក្នុងក្បួនរថយន្ត ខណៈដែលប៉ូលិសបានពួនវាយឆ្មក់ និងឈានដល់ការបាញ់គ្នាជាមួយក្រុមប្រដាប់អាវុធទាំងនោះ។ លោកបន្ថែមឲ្យដឹងថា ខ្មាន់កាំភ្លើងភាគច្រើនបានរត់ចូលព្រៃ ដោយសារតែកម្លាំងប៉ូលិសមានសមត្ថភាពខ្ពស់។
ប្រភពព័ត៌មានពីមន្ត្រីមានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងទៀតថា ក្រុមអ្នកជំនាញពិសេសរបស់ប៉ូលិសបានបើកការស្រាវជ្រាវស្វែងរកក្រុមខ្មាន់កាំភ្លើង ដែលបានរត់គេចខ្លួន ដោយធ្វើការរុករកទាំងក្នុងព្រៃ និងសហគមន៍ជុំវិញនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន២៧ ខែកក្កដា ឆ្នាំ២០២១