ការវាយប្រហារដោយមីស៊ីលរបស់ក្រុមសកម្មប្រយុទ្ធហ៊ូទីសម្លាប់ទាហានយេម៉ែន៨នាក់

0

ប្រទេសយេម៉ែន៖មន្រ្តីយោធាម្នាក់ប្រាប់ភ្នាក់ងារសារព័ត៌មាននៅថ្ងៃពុធនេះថា ទាហានសរុប៨នាក់របស់កម្លាំងគាំទ្ររដ្ឋាភិបាលយេម៉ែន ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយមីស៊ីលរបស់ក្រុមសកម្មប្រយុទ្ធហ៊ូទី (Houthi) ក្នុងខេត្តស្ហាបវ៉ា (Shabwa)នៅភាគអាគ្នេយ៍នៃប្រទេសយ៉េម៉ែន។

ប្រភពយោធាអនាមិកក្នុងតំបន់និយាយថា៖”អង្គភាពយោធារបស់កម្លាំងរដ្ឋាភិបាលដែលឈរជើង ក្នុងស្រុកបាយហាន (Bayhan) ភាគខាងលិចខេត្ត Shabwa រងការវាយប្រហារពីកាំជ្រួចមីស៊ីល ដែលបាញ់ដោយក្រុមសកម្មប្រយុទ្ធហ៊ូទី(Houthis)” ។ លោកមានប្រសាសន៍ថា៖ “ទាហានទាំងអស់ដែលរងរបួសរួមទាំងមន្រ្តីយោធាជាន់ខ្ពស់ត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យរដ្ឋបាយហាន”។

លោកបានបញ្ជាក់ឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធហ៊ូទីបានបង្កើនប្រតិបត្តិការយោធារបស់ពួកគេ និងចាប់ផ្តើមពង្រីកកម្លាំងយោធានៅតាមមូលដ្ឋានឆ្ពោះទៅកាន់ខេត្តភាគខាងត្បូង និងភាគអាគ្នេយ៍ដែលជាតំបន់គ្រប់គ្រងដោយរដ្ឋាភិបាល។

កម្លាំងគាំទ្រដោយរដ្ឋាភិបាល ដែលទទួលបានការគាំទ្រពីកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតបានពង្រាយអង្គភាពជាច្រើននៅតាមតំបន់សំខាន់ៗនៅភាគខាងត្បូងប្រទេសដើម្បីប្រឈមមុខនឹងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូទីដែលនឹងអាចកើតមាន។

ចំណែកឯខេត្តក្បែរគ្នានៃខេត្តអាល់បាយដា(al-Bayda) នៅតាមតំបន់ធំៗមានការប្រឈមមុខគ្នាយ៉ាងតឹងតែងខាងប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាលយេម៉ែន និងក្រុមសកម្មប្រយុទ្ធហ៊ូទីក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយកត្តានេះបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសរវាងភាគីទាំងពីរ។

ប្រទេសយេម៉ែនបានជាប់គាំងក្នុងសង្គ្រាមស៊ីវិលនៅឆ្នាំ២០១៤ ចាប់តាំងពីកងជីវពល
ស៊ីអ៊ីតហូធី(Shiite Houthi) ដែលគាំទ្រដោយកម្លាំងអ៊ីរ៉ង់បានធ្វើការត្រួតត្រាតំបន់ជាច្រើនក្នុងប្រទេស ហើយថែមទាំងបានកាន់កាប់ខេត្តមួយចំនួននៅភាគខាងជើងរួមទាំងរដ្ឋធានីសាណាផងដែរ។

សូមបញ្ជាក់ផងដែរថា កម្លាំងអារ៉ាប៊ីសាអ៊ូឌីតបានដឹកនាំសម្ព័ន្ធយោធាអារ៉ាប់ ដែលបានធ្វើអន្តរាគមន៍ក្នុងប្រទេសយេម៉ែននៅឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលរបស់ប្រធានាធិបតីអាប់រ៉ាបូម៉ាន់សួហាឌី(Abd-Rabbu Mansour Hadi) ក្រោយពីក្រុមសកម្មប្រយុទ្ធហ៊ូទីបានបង្ខំឲ្យលោកនិរទេសខ្លួន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here