កម្លាំងយោធាបញ្ជាក់ឲ្យដឹងថា យ៉ាងហោចណាស់សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ ១៩នាក់ត្រូវបានសម្លាប់ និងរថពាសដែក ៤គ្រឿងត្រូវបានបំផ្លាញចោលនៅថ្ងៃពុធ ក្រោយពីកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថាន បានវាយប្រហារលើមូលដ្ឋានរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅខេត្តហ្វាយ៉ាប(Faryab)ភាគខាងជើងនៃប្រទេស។
កងអនុសេនាធំ ២០៩ សេអ៉ីន ហ្វលខុន ( Shaheen Corps) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កម្លាំងទ័ពអាកាសបានវាយប្រហារលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ក្នុងស្រុកអាល់ម៉ា(Almar) នៅពេលថ្ងៃត្រង់ នៅពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់បានបង្កើនការវាយប្រហារពួកគេប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលនៅជាយក្រុងម៉ៃម៉ាណា (Maimana)។
ក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា កាំភ្លើងធំរបស់ក្រុមសកម្មបរយុទ្ធតាលីបង់ក៏ត្រូវបានបំផ្លាញ ដោយយន្តហោះចម្បាំងអាហ្វហ្គានីស្ថាននៅតំបន់ជិតទីក្រុងម៉ៃម៉ាណា ក្នុងអំឡុងពេលនៃការវាយប្រហារនោះ។
សូមរំលឹកផងដែរថា មុនហេតុការណ៍នេះកើតឡើង ក្រុមសកម្មប្រយុទ្ធបានបាញ់គ្រាប់កាំភ្លើងធំជាច្រើនគ្រាប់ទៅក្នុងទីក្រុងនាពេលពីរថ្ងៃចុងក្រោយនេះ ដែលបណ្តាលឱ្យជនស៊ីវិលរងរបួស និងមានការបំផ្លិចបំផ្លាញជាច្រើន។
ខេត្តហ្វាយ៉ាបគឺជាខេត្តមួយដែលរងការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ក្រោយពីក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានការកាន់កាប់ស្រុកជាច្រើននៅជាយក្រុង រួមទាំងស្រុកអាល់ម៉ាផងដែរនាពេលប៉ុន្មានសប្តាហ៍ថ្មីៗមកនេះ។
យ៉ាងណាមិញ ក្រុមសកម្មប្រយុទ្ធមិនទាន់ធ្វើអត្ថាធិប្បាយណាមួយនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១