សេចក្តីថ្លែងការណ៍មួយបានប្រកាសនៅថ្ងៃពុធនេះថាកងកម្លាំងសន្តិសុខនៅក្នុងខេត្តស៊ូឡាអ៊ីម៉ានីយ៉ា (Sulaimaniya) និងហាឡាបា (Halabja) នៃតំបន់ឃឺដបានចាប់ខ្លួនក្រុមតូចៗនៃរដ្ឋអ៊ីស្លាមមួយក្រុមរួមទាំងសមាជិកជាន់ខ្ពស់។
កងកម្លាំងសន្តិសុខផ្ទៃក្នុងខេត្តស៊ូស៊ូឡាអ៊ីម៉ានីយ៉ាសហការជាមួយកងកម្លាំងអាសៃយ៉ាស (Asayish) ក្នុងស្រុកសារ៉ាសវ៉ា (Sharazwr) បានចាប់ខ្លួនសមាជិកក្រុមជីហាដចំនួន៤នាក់ក្នុងនោះពីរនាក់ជាមេដឹកនាំជាន់ខ្ពស់ដែលបានចូលរួមក្នុងសកម្មភាពភេរវកម្មផ្សេងៗ។
មេដឹកនាំកងកម្លាំងអាសៃយ៉ាសនៅតំបន់ឃឺដបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រុមបះបោរទាំង៤នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការចំនួន៤ផ្សេងៗគ្នាដោយផ្អែកលើព័ត៌មានចារកម្ម ធ្វើឡើងស្ថិតនៅក្នុងខេត្តស៊ូឡាអ៊ីម៉ានីយ៉ា និងខេត្តហាឡាបា។
យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាក្រុមសកម្មប្រយុទ្ធដែលស្ថិតនៅក្នុងបញ្ជីចាប់ខ្លួនទាំងនេះបានរៀបចំផែនការធ្វើសកម្មភាពភេរវកម្មផ្សេងៗស្ថិតនៅកន្លែងផ្សេងៗគ្នានៃតំបន់ឃឺដ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១