ទាហានស៉ូម៉ាលីអះអាងថាដណ្តើមបានតំបន់សំខាន់ពីក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាប

0

ប្រទេសសូម៉ាលី៖ មន្ត្រីបានប្រាប់ឲ្យដឹងថា កងទ័ពជាតិសូម៉ាលី (SNA) នៅព្រឹកថ្ងៃចន្ទនេះ
ដណ្តើមបានតំបន់សំខាន់ៗមួយចំនួននៅសង្កាត់កៃកាដ(Qaycad)ក្នុងតំបន់ម៉ូដុក(Mudug) ក្រោយពីបានវាយប្រហារប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់ហ្សាបាប(al-Shabab)។

បើយោងតាមមន្ត្រីរបស់ក្រសួងសន្តិសុខផ្ទៃក្នុងនៃរដ្ឋហ្គាលម៉ូដុក(Galmudug) បានឲ្យដឹងថា កងទ័ពជាតិស៉ូម៉ាលី និងកងកម្លាំងហ្គាលម៉ូដុកដណ្តើមបានអាវុធ និងសម្ភារៈទំនាក់ទំនងមួយចំនួនធំអំឡុងពេលធ្វើប្រតិបត្តិការក្នុងប្រទេសសូម៉ាលី។

មន្ត្រីបាននិយាយថា៖ “យើងដណ្តើមបានការកាន់កាប់ទាំងស្រុងលើតំបន់សំខាន់ៗមួយចំនួននៅភាគខាងកើត និងភាគខាងត្បូងនៃសង្កាត់កៃកាដ ដែលក្រុមសកម្មប្រយុទ្ធបានព្យាយាមការពារនៅប៉ុន្មានថ្ងៃមុន។ យើងថែមទាំងរកឃើញកំាភ្លើងប្រហែលជា ២០ដើម ឧបករណ៍ទំនាក់ទំនងមួយចំនួន រួមទាំងសម្ភារៈផ្សេងទៀតនៅពេលព្រឹក”។

កម្លាំងវរជនដាណាប(Danab)របស់រដ្ឋាភិបាល និងកម្លាំងដៃគូអន្តរជាតិ ថែមទាំងបានវាយប្រហារកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់កណ្តាលផងដែរ ដោយធ្វើការវាយប្រហារចំនួន ៣លើកក្នុងរយៈពេល២សប្តាហ៍នៅប្រទេសសូម៉ាលី៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here