ហេតុការណ៍ផ្ទុះគ្រាប់បែកយ៉ាងកក្រើកវាយប្រហារក្នុងទីក្រុងកាប៊ុល

0

ប្រទេសអាហ្វហ្គានីស្ថាន៖ប៉ូលិសបានប្រាប់ឲ្យដឹងថា ហេតុការណ៍ផ្ទុះគ្រាប់បែកយ៉ាងកក្រើកបានកើតឡើងនៅយប់ថ្ងៃអង្គារ នៅម៉ោង ៨:០០នាទីយប់ក្នុងទីក្រុងកាប៊ុល។ ក្រោយមកទៀត មានហេតុការណ៍វាយប្រហារដោយកាំភ្លើងកើតឡើងជាបន្ត។

អ្នកនាំពាក្យប៉ូលិសក្រុងកាប៊ុលលោកបាសឺរ ម៉ូចាហ៊ីដ(Basir Mujahid) មានប្រសាសន៍ថាហេតុការណ៍ផ្ទុះនោះបានកើតឡើងនៅសង្កាត់ប៉ូលិសទី១០ ដោយបន្ថែមថា ព័ត៌មានលម្អិត នឹងផ្តល់ជូនជាបន្តក្រោយពីមានការស៊ើបអង្កេតរួច។

ដំបូងឡើយ ក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណបានបំផ្ទុះគ្រាប់បែកនៅក្បែរផ្ទះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វហ្គានីស្ថានលោកប៊ីសមីឡាស់ ខានម៉ូហាម៉ាឌី (Bismillah Khan Mohammadi) ដោយក្រោយពីមានហេតុការណ៍បំផ្ទុះគ្រាប់បែកបានកើតឡើងរួច ក៏មានហេតុការណ៍បាញ់កាំភ្លើងជាច្រើនគ្រាប់កើតឡើងជាបន្ត។ បើយោងតាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ជាក់ស្តែងបញ្ជាក់ឲ្យដឹងថា ក្រោយពីមានហេតុការណ៍ផ្ទុះបានកើតឡើងនៅបរិវេណផ្ទះរបស់លោករដ្ឋមន្រ្តីការពារជាតិ មានហេតុការណ៍បាញ់កាំភ្លើងកើតឡើងជាបន្ត។

អ្នកវាយប្រហារថែមទាំងបានប្រើគ្រាប់បែកដៃ ដែលនាំឲ្យមានការផ្ទុះផ្សេងទៀតកើតឡើងជាបន្តបន្ទាប់។មន្ត្រីសន្តិសុខ​មានភាពស្ទាក់ស្ទើរក្នុងការអត្ថាធិប្បាយលើហេតុការណ៍នេះ។ លោកហ្វាវ៉ាដ អាម៉េន(Fawad Aman) អ្នកនាំពាក្យសម្រាប់ក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិមានសុវត្ថិភាព។

ប្រភពសាក្សីអានាមិកបានបញ្ជាក់ឲ្យដឹងផងដែរថា មានមនុស្សជាច្រើនរងរបួស ប៉ុន្តែដោយសារតំបន់នោះត្រូវបានបិទ ហើយហេតុការណ៍បាញ់កាំភ្លើងនៅតែបន្តកើតឡើង ដូច្នេះវាពិតជាមានការលំបាកក្នុងការយកព័ត៌មានលម្អិតបន្ថែម៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here