ប្រទេសអាហ្វហ្គានីស្ថាន៖រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ឲ្យដឹងនៅថ្ងៃអង្គារថា យ៉ាងហោចណាស់សមាជិកក្រុមសកម្មប្រយុទ្ធ ៩នាក់ត្រូវបានសម្លាប់ និង៦នាក់ផ្សេងទៀតរងរបួស ក្រោយពីកម្លាំងទ័ពអាកាសអាហ្វហ្គានីស្ថានបានធ្វើប្រតិបត្តិការកំណត់គោលដៅលើទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធនៅភាគខាងត្បូងខេត្តអ័ររ៉ូហ្គាន(Uruzgan)នៅថ្ងៃចន្ទ។
មន្ត្រីម្នាក់បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីតាំងលាក់ខ្លួនរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់មួយកន្លែង ផ្លូវរូងក្រោមដីសម្រាប់វាយប្រហារ អាវុធនិងគ្រាប់កាំភ្លើងមួយចំនួនត្រូវបានបំផ្លាញដោយការវាយប្រហារតាមអាកាសនៅភូមិនេឈិន(Nechin) ដែលស្ថិតនៅជាយខេត្តតឺរ៊ីនកត់(Tirin Kot)។
គួរបញ្ជាក់ផងដែរថា ខេត្តអ័ររ៉ូហ្គានគឺជាខេត្តមួយដែលប្រឈមនឹងការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងកម្លាំងសន្តិសុខ និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលប៉ុន្មានខែចុងក្រោយនេះ។
យ៉ាងណាមិញ ក្រុមសកម្មប្រយុទ្ធតាលីបង់ពុំទាន់ធ្វើការឆ្លើយតបចំពោះរបាយការណ៍នេះនៅឡើយទេ។ សូមរំលឹកផងដែរថា ហេតុការណ៍ប្រយុទ្ធគ្នាបានកើនឡើងចាប់តាំងពីខែឧសភាមកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនាពេលថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់បាន និងកំពុងដាក់សម្ពាធលើទីក្រុងធំៗជាច្រើន៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សយថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១