ក្រុមសកម្មប្រយុទ្ធតាលីបង់អះអាងទទួកខុសត្រូវចំពោះការវាយប្រហារនៅផ្ទះរដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖ក្រុមសកម្មប្រយុទ្ធតាលីបង់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនៅផ្ទះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិអាហ្វហ្គានីស្ថាន នៅល្ងាចថ្ងៃអង្គារ ដោយពួកគេបានអះអាងថា បានវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត ហើយថែមទាំងបានបង្កឲ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់ថែមទៀតផង។

អ្នកនាំពាក្យតាលីបង់លោក ហ្សាប៊ីហូឡាស់ ម៉ូចាហ៊ីដ(Zabihullah Mujahid)ផុសលើគណនីបណ្តាញសង្គមទ្វីតធេី(Twitter) របស់លោកនៅថ្ងៃពុធមានខ្លឹមសារថា៖ “អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៤នាក់ ក្រោយពីបានបំផ្ទុះគ្រាប់បែករថយន្តផ្ទុកគ្រឿងផ្ទុះរួច ពួកគេបានដើរចូលផ្ទះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃទីក្រុងកាប៊ុល និងបង្កឲ្យមានមនុស្សជាច្រើននាក់ស្លាប់ និងរបួស។

លោកម៉ូចាហ៊ីដបញ្ចាក់ឲ្យដឹងបន្ថែមទៀតថា៖ “លោកមូចាហ៊ីឌីន” (Mujahideen) គឺជាអ្នកចម្បាំងដ៏អស្ចារ្យរបស់ក្រុមអ៊ីស្លាមអេមីរ៉ាត(Emirate ជាឈ្មោះនៃរបបក្រុមសកម្មប្រយុទ្ធតាលីបង់ដែលត្រូវបានបណ្តេញចេញ) នឹងបន្តធ្វើការវាយប្រហារស្រដៀងគ្នាលើទីក្រុងកាប៊ុលដើម្បីប្រឆាំងនឹងពួកគេ។”

គួររំលឹកផងដែរថា ក្រុមសកម្មប្រយុទ្ធមួយក្រុមបានធ្វើការវាយប្រហារបំផ្ទុះគ្រាប់បែករថយន្តនៅក្បែរផ្ទះរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិលោកប៊ីសម៊ីលឡាស់ ខានម៉ូហាម៉ាឌី(Khan Mohammadi) នៅល្ងាចថ្ងៃអង្គារ បណ្តាលឲ្យមានការប្រយុទ្ធគ្នាដោយប្រើកាំភ្លើងរយៈពេល៥ម៉ោង និងបណ្តាលឱ្យមនុស្ស ១២នាក់ស្លាប់ ដោយក្នុងនោះមានអ្នកវាយប្រហារ ៤នាក់ និងជនស៊ីវិល ៨នាក់។ ហេតុការណ៍បាញ់ប្រហារបានកើតឡើងបន្ត ដោយបណ្តាលឲ្យមនុស្ស ២២នាក់ផ្សេងទៀតរងរបួស ហើយពួកគេសុទ្ធតែជាជនស៊ីវិលចំណែកឯ រដ្ឋមន្ត្រីក្រសួងការពារជាតិបានប្រាប់ឲ្យដឹងថា រូបលោក និងសមាជិកគ្រួសារមានសុវត្ថិភាព ក្រោយពេលហេតុការណ៍នេះបានកើតឡើង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here