កម្លាំងអាកាសអាហ្វហ្គានីស្ថានវាយប្រហារតាមអាកាសសម្លាប់ក្រុមសកម្មប្រយុទ្ធ៥៤នាក់

0

ប្រទេសអាហ្វហ្គានីស្ថាន៖​មន្ត្រីយោធាម្នាក់លើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ មានសេចក្តីថា ក្រុមសកម្មប្រយុទ្ធសរុបចំនួន ៥៤នាក់ស្លាប់ក្នុងប្រតិបត្តិការវាយប្រហារកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធតាលីបង់នៅទីក្រុងឡាស់កាហ្គាស់(Lashkar Gah) នៅភាគខាងត្បូងខេត្តហេលម៉េន(Helmand) នៅថ្ងៃអង្គារ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា យន្តហោះចម្បាំងបានវាយប្រហារកំណត់គោលដៅលើការជួបជុំរបស់ក្រុមយុទ្ធជនតាលីបង់នៅតំបន់រេក(Reg) នៃទីក្រុងឡាស់កាហ្គាស់( Lashkar Gah)នៅយប់ថ្ងៃអង្គារ និងបានសម្លាប់សមាជិកសកម្មប្រយុទ្ធ ៥៤នាក់ដោយក្នុងនោះមានមេបញ្ជាការសំខាន់២នាក់ ដែលស្គាល់អត្តសញ្ញាណថាជាលោកហារ៉ាត(Hajrat) និងលោកហាជី ម៉ូម៊ីន( Hajji Momin)។​ លើសពីនេះ នៅមានសមាជិកក្រុមសកម្មប្រយុទ្ធជាច្រើននាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍នោះផងដែរ។

ទីក្រុងឡាស់កាហ្គាស់ ជាទីក្រុងសំខាន់មួយនៅភាគខាងត្បូងនៃប្រទេសអាហ្វហ្គានីស្ថាន ហើយទីនោះបានក្លាយជាទីតាំងជម្លោះរវាងកម្លាំងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅរយៈពេលប៉ុន្មានខែថ្មីៗនេះ។ យ៉ាងណាមិញ សម្រាប់ជម្លោះប្រយុទ្ធគ្នាយ៉ាងចាស់ដៃនៅថ្ងៃចន្ទ បណ្តាលឲ្យជនស៊ីវិល៤០នាក់ស្លាប់។

បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បានថ្កោលទោសចំពោះការវាយប្រហារទៅលើជនស៊ីវិល និងបានអំពាវនាវដល់ភាគីដែលកំពុងមានជម្លោះឲ្យចូលរួមការពារជនស៊ីវិល និងជនដែលមិនមែនអ្នកប្រយុទ្ធផ្សេងទៀត៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃ០៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here