មន្ត្រីបេសកកម្មរបស់អង្គការសហប្រជាជាតិជម្រុញឲ្យកម្លាំងលីបង់ និងអ៊ីស្រាអែលឈប់បាញ់គ្នា

0

ប្រទេសលីបង់៖កម្លាំងជំនួយបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) បានធ្វើការជម្រុញនៅថ្ងៃពុធថា កម្លាំងលីបង់ និងអ៊ីស្រាអែលគួរតែបង្កើតបទឈប់បាញ់គ្នា និងអនុវត្តការអត់ធ្មត់អតិបរមាដើម្បីចៀសវាងការកើតជម្លោះបន្ថែមទៀតក្រោយពីមានហេតុការណ៍បាញ់គ្រាប់រ៉ូកែតពីភាគខាងត្បូងប្រទេសលីបង់ទៅភាគខាងជើងប្រទេសអ៊ីស្រាអែលកាលពីពេលព្រឹកនេះ។

លោកស្រីកាឌីស អាដែល(Kandice Ardiel) អនុប្រធានផ្នែកទំនាក់ទំនងយុទ្ធសាស្ត្រ និងព័ត៌មានសាធារណៈរបស់កម្លាំងជំនួយ UNIFIL មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយដោយបេសកកម្មរបស់អង្គការសហប្រជាជាតិមានសេចក្តីថា៖ “កម្លាំងជំនួយ
បណ្តោះអាសន្ន UNIFIL នៅតែបន្តចូលរួមយ៉ាងពេញលេញជាមួយភាគីទាំងអស់តាមរយៈបណ្តាញទំនាក់ទំនង និងសម្របសម្រួលរបស់យើង ហើយយើងថែមទាំងកំពុងធ្វើការជាមួយកម្លាំងប្រដាប់អាវុធលីបង់ដើម្បីធានាឲ្យបាននូវការតាមដានភ្លាមៗនៅលើដី និងដើម្បីពង្រឹងសន្តិសុខនៅតាមតំបន់បន្ទាត់ខៀវ(Blue Line)”។

លោកស្រីបានបញ្ជាក់ឲ្យដឹងថា វាគឺជារឿងចាំបាច់បំផុតដើម្បីស្តារស្ថិរភាពឡើងវិញជាបន្ទាន់ ដូច្នេះកម្លាំងជំនួយ UNIFIL អាចចាប់ផ្តើមការស៊ើបអង្កេតរបស់ខ្លួន។

គួរំលឹកផងដែរថា ជនជាតិអ៊ីស្រាអែល ៤នាក់បានរងរបួសនៅពេលព្រឹក ក្រោយពីមានគ្រាប់រ៉ូកែត៣គ្រាប់បានបាញ់ចេញពីភាគខាងត្បូងប្រទេសលីបង់ទៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយគ្រាប់រ៉ូកែតនោះ កម្លាំងអ៊ីស្រាអែលបានសងសឹកវិញ ដោយប្រើកាំភ្លើងធំបាញ់ឆ្ពោះទៅតំបន់មួយចំនួននៅភាគខាងត្បូងនៃប្រទេសលីបង់ រួមទាំងតំបន់សាហាល់អាល់ឃីយ៉ាម (Sahl al-Khiyam) ថែមទៀតផង៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here