សមាជិកក្រុមសកម្មប្រយុទ្ធ ៥០នាក់សុំចុះចាញ់កម្លាំងសន្តិសុខរដ្ឋាភិបាល

0

ប្រទេសអាហ្វហ្គានីស្ថាន៖មន្រ្តីក្រសួងការពារជាតិបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍ថា ក្រុមសកម្មប្រយុទ្ធតាលីបង់៥០នាក់បានចុះចាញ់កម្លាំងសន្តិសុខរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅក្នុងខេត្តចាវច៉ាន់(Jawzjan)ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន នៅយប់ថ្ងៃពុធក្រោយពីមានការប្រយុទ្ធគ្នាបានកើតឡើងក្នុងតំបន់។

លោកហ្វា វ៉ាដ អាម៉េន (Fawad Aman) អ្នកនាំពាក្យរងក្រសួងបានសរសេរនៅលើបណ្តាញសង្គមទ្វីតធើ (Twitter) មានសេចក្តីថា​​​​៖ “សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ ៥០នាក់បានចុះចាញ់ចំពោះកម្លាំងការពារជាតិ និងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF) ជាមួយអាវុធ និងគ្រាប់រំសេវរបស់ពួកគេនៅស្រុកខាចា ដូកូស (Khawja Dokoh ) ក្នុងខេត្តចាវច៉ាន់”​​។

មន្រ្តីក្រសួងក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ព័ត៌មានលម្អិតជាមួយនឹងរូបថត រួមទាំងវីដេអូឃ្លីប ស្តីពីការសុំចុះចាញ់របស់ក្រុមសកម្មប្រយុទ្ធនឹងមានការចែកចាយជាមួយបណ្តាញសារព័ត៌មាននាពេលឆាប់ៗនេះ។

យ៉ាងណាមិញ រហូតមកដល់ពេលនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់មិនទាន់បានធ្វើការអត្ថាធិប្បាយលើរបាយការណ៍នេះទេ។

គួរបញ្ជាក់ផងដែរថា ខេត្តចាវ ច៉ាន គឺជាខេត្តមួយដែលរងការប៉ះទង្គិចគ្នា និងមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈដែលក្រុមសកម្មប្រយុទ្ធបានឡោមព័ទ្ធទីក្រុងស៊ីប៊ែរហ្គេន(Shiberghan)​ក្នុងខេត្តនេះក្នុងគោលបំណងចង់ដណ្តើមយកទីក្រុងនេះមកកានកាប់៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៥ ខែ០៨ ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here