ប្រទេសអាហ្វហ្គានីស្ថាន៖ប៉ូលិសបញ្ជាក់ថា ជនស៊ីវិលម្នាក់ត្រូវបានសម្លាប់ និងកម្លាំង
សន្តិសុខ២នាក់រងរបួស នៅពេលដែលមានហេតុការណ៍បំផ្ទុះគ្រាប់បែកបានកើតឡើងវាយប្រហារលើរថយន្តដឹកមន្ត្រីរដ្ឋាភិបាលម្នាក់នៅស្រុកបាហ្ក្រាមី (Bagrami) ភាគខាងកើតទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទ។
អ្នកនាំពាក្យប៉ូលិសទីក្រុងកាប៊ុលលោកហ្វឺរ ហ្វារមាស់ (Ferdaus Faramarz) ប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “ជនស៊ីវិល១នាក់ត្រូវបានសម្លាប់ និងបុគ្គលិកសន្តិសុខ ២នាក់រងរបួស ក្រោយពីមានហេតុការណ៍ផ្ទុះបានកើតឡើងលើរថយន្តមួយគ្រឿងនៅក្នុងស្រុកបាហ្ក្រាមី នៅម៉ោងប្រមាណជា ៧និង៣០នាទីព្រឹកម៉ោងក្នុងតំបន់។” លោកបន្ថែមថា ការស៊ើបអង្កេតមួយកំពុងដំណើរការ ហើយប៉ូលិសនឹងផ្តល់ព័ត៌មានបន្ថែមទៀតនៅពេលក្រោយ។
យ៉ាងណាមិញ គេមិនទាន់ស្គាល់អត្តសញ្ញាណរបស់មន្ត្រីនៅលើរថយន្តនោះនៅឡើយ។ យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្នុងតំបន់បានឲ្យដឹងថា អ្នកស្លាប់គឺជាជនស៊ីវិលដែលបានដើរឆ្លងកាត់តំបន់នោះ ខណៈអ្នករងរបួសទាំង ០២នាក់គឺជាសមាជិកកម្លាំង
សន្តិសុខ ដែលស្ថិតនៅលើរថយន្តនោះ។
ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះទេ។ យ៉ាងណាមិញ មន្ត្រីអាហ្វហ្គានីស្ថានបានស្តីបន្ទោសលើក្រុមសកម្មប្រយុទ្ធតាលីបង់សម្រាប់ហេតុការណ៍ផ្ទុះគ្រាប់បែកជាច្រើនដែលកើតឡើងក្នុងពេលប៉ុន្មានខែចុងក្រោយនេះ។
នៅថ្ងៃសុក្រ លោកនាយកមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មានរបស់រដ្ឋាភិបាលត្រូវបានខ្មាន់កាំភ្លើងតាលីបង់បាញ់សម្លាប់នៅខាងក្រៅវិហារអ៊ីស្លាមមួយ ក្នុងសង្កាត់ប៉ូលិសទី៧ នៃទីក្រុងកាប៊ុលផងដែរ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១