ក្រុមសកម្មប្រយុទ្ធតាលីបង់អះអាងថា ដណ្តើមបានការគ្រប់គ្រងលើទីក្រុងអ៊ីបាក នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រទេសអាហ្វហ្គានីស្ថាន៖ក្រុមសកម្មប្រយុទ្ធតាលីបង់នៅថ្ងៃចន្ទបានអះអាងថា ពួកគេដណ្តើមបានការកាន់កាប់លើទីក្រុងអ៊ីបាក ( Aybak) នៃខេត្តសាម៉ានហ្គាន (Samangan) ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន។

អ្នកនាំពាក្យតាលីបង់លោកហ្សាប៉ីហូឡាស់ម៉ូចាហ៊ីដ ( Zabihullah Mujahid) បានសរសេរនៅលើគណនីបណ្តាញសង្គមរបស់លោកមានខ្លឹមសារថា ក្រុមសកម្មប្រយុទ្ធដណ្តើមបាន ប៉ុស្តិ៍ប៉ូលិសខេត្ត អគ្គនាយកទូរគមនាគមន៍ខេត្ត ក៏ដូចជាការិយាល័យរបស់ភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិនៅពេលថ្ងៃត្រង់នៅថ្ងៃចន្ទ។

រដ្ឋាភិបាលអាហ្វហ្កានីស្ថានពុំទាន់បានបញ្ជាក់ពីការអះអាងរបស់ក្រុមតាលីបង់ទេរហូតមកដល់ពេលនេះ។ យ៉ាងណាមិញ មន្រ្តីក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថានបានប្រាប់ឲ្យដឹងថាកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានទបស្កាត់ការវាយប្រហារ ដោយក្រុមសកម្មប្រយុទ្ធលើទីក្រុងអ៊ីបាក(Aybak)​ នៅយប់ថ្ងៃអាទិត្យ ហើយថែមទាំងបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធតាលីបង់ ២០នាក់ និងបណ្តាលឲ្យសមាជិកតាលីបង់ ៨នាក់ផ្សេងទៀតរងរបួស។

គួរបញ្ជាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានតំបន់សារីផូល (Sari Pul) និងតាលូហ្គាន (Taluqan) នៅតំបន់ភាគខាងជើង និងក្នុងទីក្រុងហ្សារ៉ាន (Zaranj)​ នៅភាគខាងលិចនៃប្រទេស។

សូមរំលឹកផងដែរថា ការប្រយុទ្ធគ្នាបានកើនឡើងចាប់តាំងពីខែឧសភាមកនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនាពេលថ្មីៗនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់បាន និងកំពុងដាក់សម្ពាធលើទីក្រុងធំៗជាច្រើន៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩​ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here