កងទ័ពនីហ្សេរីយ៉ានិយាយថា ពួកគេបានទប់ស្កាត់ការវាយប្រហាររបស់ក្រុមភេរវករបូកូហារ៉ាម

0

ប្រទេសនីហ្សេរីយ៉ា៖អ្នកនាំពាក្យកងទ័ពបានប្រាប់ឲ្យដឹងនៅថ្ងៃចន្ទនេះថា កងទ័ពនីហ្សេរីយ៉ា បានទប់ស្កាត់ការវាយប្រហារនៅព្រឹកថ្ងៃអាទិត្យ ដោយក្រុមភេរវករបូកូហារ៉ាមដែលបានប៉ុនប៉ងជ្រៀតចូលទីក្រុងដាមបាវ (Damboa)។

លោកអូនីម៉ា វ៉ាឆូកវូ​ (Onyema Nwachukwu) បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានសេចក្តីថា៖ “ក្រុមភេវករបានប៉ុនប៉ងជ្រៀតចូលទីក្រុង​ ជាមួយនឹងសមាជិកក្រុមភេរវករថ្មើរជើងជាច្រើននាក់ និងមួយចំនួនផ្សេងទៀតធ្វើដំណើរដោយជិះម៉ូតូ”។ លោកបន្ថែមឲ្យដឹងផងដែរថា កងទ័ពពិសេសថាស់ ហ្វ័ស ប្រាយហ្គេត (Task Force Brigade) ពលទី២៥ នៅក្នុងទីក្រុងប័រណូ (Borno) បានបើកការបាញ់ប្រហារយ៉ាងខ្លាំង ជាហេតុនាំឲ្យក្រុមភេរវកររងរបួស និងបង្ខំចិត្តដកថយ ដោយលែងខ្វល់ខ្វាយពីការប្រយុទ្ធគ្នា។

យ៉ាងណាមិញ លោកវ៉ាឆូកវូបញ្ជាក់ឲ្យដឹងផងដែរថា រថយន្ត ២គ្រឿង ដែលជាកម្មសិទ្ធិរបស់ក្រុមការងារកម្លាំងចម្រុះស៊ីវិលគាំទ្រដោយរដ្ឋាភិបាល ឆេះនៅក្នុងប្រតិបត្តិការប្រយុទ្ធជាមួយក្រុមភេរវករបូកូហារ៉ាមនោះ។

គួរបញ្ជាក់ផងដែរថា ក្រុមភេរវករបូកូហារ៉ាម បានព្យាយាមបង្កើតរដ្ឋអ៊ីស្លាមនៅភាគឥសាននៃប្រទេសនីហ្សេរីយ៉ាចាប់តាំងពីឆ្នាំ២០០៩មកម្លេះ។ លើសពីនេះ ក្រុមភេរវករថែមទាំងបានបង្កើនការវាយប្រហាររបស់ពួកគេទៅកាន់បណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ឡេកឆាដ បាស៊ីន (Lake Chad Basin)៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here