ប្រទេសម៉ាលី៖ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានចុះផ្សាយនៅថ្ងៃចន្ទនេះថា ជនស៊ីវិលច្រើនជាង ៥០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយចំនួននៅតំបន់ហ្កាវ (Gao) ភាគខាងជើងនៃប្រទេសម៉ាលី។
ប្រព័ន្ធផ្សព្វផ្សាយអនឡាញហ្កាវ អ៊ីនហ្វូ(Gao-Infos) បានចុះផ្សាយថា កម្លាំងសន្តិសុខក្នុងតំបន់ធ្លាប់បានបញ្ជាក់រួចហើយថា ការវាយប្រហារទាំងនោះបានបណ្តាលឲ្យមានអ្នករងរបួសធ្ងន់ធ្ងរ ប៉ុន្តែពុំបានបញ្ជាក់ពីចំនួនអ្នកស្លាប់ពិតប្រាកដនោះទេ។
មន្រ្តីអណាមិកក្នុងតំបន់ម្នាក់បានប្រាប់ឲ្យដឹងថា យោងតាមប្រភពសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់បញ្ជាក់បន្ថែមថា ភូមិចំនួន ៤រងការវាយប្រហារ ដោយភូមិទាំងនោះរួមមានភូមិអ៊ូតាហ្គូណា (Ouatagouna) ភូមិឌឺហ្គឺ (Dirgua) ភូមិដៀរតេហ្គេហ្វ (Deouteguef) និងភូមិការូ (Karou)។ លើសពីនេះទៅទៀត នៅមានហាងជាច្រើនត្រូវបានប្លន់ ហើយសត្វមួយចំនួនក៏ត្រូវបានក្រុមចោររឹបអូសយកផងដែរ។
អាជ្ញាធរប្រទេសម៉ាលី ពុំទាន់បានបញ្ជាក់ជាផ្លូវការ ចំពោះការវាយប្រហារដែលបានកើតឡើងលើប្រជាជននៅភាគខាងជើងនៃប្រទេសម៉ាលីនៅឡើយទេ។
គួររំលឹកផងដែរថា ចាប់តាំងពីឆ្នាំ២០១២ មក ប្រទេសម៉ាលីបានប្រឈមមុខជាមួយនឹងវិបត្តិ សន្តិសុខ នយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ក្រុមបះបោរឯករាជ្យមួយចំនួន រួមទាំងក្រុមភេរវករជីហាដ (jihadist) និងក្រុមប្រើអំពើហិង្សាអន្តរសហគមន៍ បានបណ្តាលឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរាប់សែននាក់ផ្សេងទៀតត្រូវផ្លាស់ប្តូរទីលំនៅ បើទោះបីជា ក្នុងប្រទេសនេះមានវត្តមានរបស់កម្លាំងទ័ពជំនួយរបស់អង្គការសហប្រជាជាតិ (MINUSMA) កម្លាំងទ័ពជំនួយបារាំង (Barkhane) និងកងកម្លាំងទ័ពជំនួយរបស់អឺរ៉ុប(Takuba)ក៏ដោយ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន xinhuanet ចុះផ្សាយថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១