យ៉ាងហោចណាស់ទាហានអ៊ីរ៉ាក់៦នាក់ត្រូវបានសម្លាប់កាលពីថ្ងៃពុធនេះ បន្ទាប់ពីរថយន្តដឹកទំនិញមួយគ្រឿងដែលផ្ទុកទៅដោយគ្រឿងផ្ទុះបានផ្ទុះឡើងនៅខេត្តសាឡាហាដិន (Salahaddin) ភាគខាងជើងរដ្ឋធានីបាដាដ។
ហេតុការណ៍ផ្ទុះនេះបានកើតឡើងនៅពេលដែលកងកម្លាំងទាហានបានបញ្ជូនគ្រឿងផ្ទុះដែលពួកគេបានរឹបអូសក្នុងកំឡុងពេលប្រតិបត្តិការប្រឆាំងក្រុមរដ្ឋអ៊ីស្លាម (IS) ទៅកាន់មូលដ្ឋានមួយកន្លែង។
ប្រភពប៉ូលិសក្នុងតំបន់បានប្រាប់ទីភ្នាក់ងារសាព័ត៌មានស៊ីនហួ (Xinhua) ថាការផ្ទុះនេះក៏បានបណ្តាលឱ្យទាហាន១១នាក់រងរបួសផងដែរ។
ទីបញ្ជាការប្រតិបត្តិការចម្រុះនៅខេត្តសាឡាហាដិនបានបើកការស៊ើបអង្កេតលើករណីផ្ទុះនេះដើម្បីកំណត់ថាតើមានការពាក់ព័ន្ធនឹងផែនការបំផ្លិចបំផ្លាញដែរឬទេ។
គួរបញ្ជាក់ថាកងកម្លាំងអ៊ីរ៉ាក់អនុវត្តប្រតិបត្តិការជាប្រចាំនៅខេត្តសាឡាហាដឌីន និងបណ្តាខេត្តនានាដើម្បីតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ ប្រតិបត្តិការភាគច្រើនបានរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមជ្រុលនិយម ខណៈក្រុមនេះបានផ្លាស់ទីឥតឈប់ឈរចេញពីកន្លែងលាក់ខ្លួនទាំងឡាយរបស់ពួកគេ ។
តំបន់ភាគខាងជើងនៃខេត្តសាឡាហាដិនជាប់ព្រំដែននឹងខេត្តគៀរគុក(Kirkuk) និងខេត្តឌីយ៉ាឡា(Diyala) ដែលជារឿយៗត្រូវបានគេហៅថាជាតំបន់ត្រីកោណនៃសេចក្តីស្លាប់។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមតែងតែងមានសកម្មភាពជាច្រើនស្ថិតនៅក្នុងតំបន់ទាំងនោះ ហើយពួកគេតែងតែកំណត់គោលដៅវាយប្រហារលើកងកម្លាំងសន្តិសុខ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី Basnews ចេញផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១