ប្រទេសអាហ្វហ្គានីស្ថាន៖ប្រធានាធិបតីប្រទេសអាហ្វហ្គានីស្ថានលោកម៉ូហាម៉ាដ អាស់រាហ្វ ហ្គាននី (Mohammad Ashraf Ghani) មានប្រសាសន៍នៅថ្ងៃសៅរ៍ថា លោកចង់បញ្ចប់ការប្រយុទ្ធគ្នា ដែលកំពុងតែផ្ទុះកាន់តែខ្លាំងឡើងនៅក្នុងប្រទេស ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់កំពុងតែឈានមុខក្នុងការប្រយុទ្ធគ្នាដណ្តើមការកាន់កាប់ទឹកដីនៅទូទាំងប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ជាសាធារណៈលើកដំបូងរបស់លោក ក្រោយពីក្រុមសកម្មប្រយុទ្ធតាលីបង់ទទួលបានជោគជ័យធំៗ លោកមានប្រសាសន៍ថា៖ “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការប្រមូលផ្តុំកម្លាំងសន្តិសុខ និងកម្លាំងការពាររបស់យើងឡើងវិញ គឺជារឿងអាទិភាពកំពូល ហើយជំហានដ៏ធំបន្ទាប់កំពុងតែត្រូវបានអនុវត្តសម្រាប់បញ្ហានេះ”។
លោកប្រធានាធិបតីបានអះអាងថា លោកនឹងមិនអនុញ្ញាតឱ្យមានអស្ថិរភាពបន្ថែម ទៀតនៅក្នុងប្រទេសឡើយ។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបានចាប់ផ្តើមពិគ្រោះយោបល់យ៉ាងទូលំទូលាយនៅក្នុងជួររដ្ឋាភិបាលជាមួយអ្នកនយោបាយចាស់ទុំ មេដឹកនាំនយោបាយ អ្នកតំណាងរាស្ត្រ និងដៃគូអន្តរជាតិ លើការសម្រេចឲ្យបាននូវដំណោះស្រាយនយោបាយសមហេតុផលដែលសន្តិភាព និងស្ថិរភាពរបស់ប្រជាជនអាហ្វហ្គានីស្ថានត្រូវបានរំពឹងទុកថានឹងទទួលបាន” ។
លោកមានប្រសាសន៍បន្ថែមទៀតថា៖“ជនជាតិអាហ្វហ្គានីស្ថានកំពុងតែរងការឈឺចាប់ដោយសារសង្គ្រាមដែលបានកើតឡើងនេះ ហើយខ្ញុំសូមធានាដល់អ្នកថា នឹងការពារមិនឲ្យមានការរងទុក្ខវេទនាបន្ថែមទៀតចំពោះប្រជាជនអាហ្វហ្គានីស្ថាន ហើយនេះគឺជាការទទួលខុសត្រូវក្នុងប្រវត្តិសាស្ត្ររបស់ខ្ញុំ”។
ខណៈដែលកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីប្រទេស
ដែលហែកហួរដោយសង្រ្គាមមួយនេះ ក្រុមសកម្មប្រយុទ្ធតាលីបង់បានបង្កើនការវាយរបស់ពួកគេកាន់តែខ្លាំងឡើង និងទទួលបានជោគជ័យយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
គួរបញ្ចាក់ផងដែរថា ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានខេត្តក្រុងចំនួន ២០ក្នុងចំណោមខេត្តក្រុង ៣៤ដោយក្នុងនោះរាប់បញ្ចូលទាំងទីក្រុងធំទី ២របស់ប្រទេសអ្វាហ្គានីស្ថាន ដែលជាទីក្រុងកានដាហារ(Kandahar)។ យោងតាមរបាយការណ៍ថ្មីមួយមានខ្លឹមសារថា ខេត្តក្រុងភាគច្រើនបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ដោយពួកគេពុំបានប្រើកម្លាំងច្រើននោះទេ។
ប្រជាជនក្នុងតំបន់និយាយថា នៅក្នុងស្ថានភាពចុងក្រោយនេះ ទីក្រុងអាសាដាបាដ(Asadabad) ដែលជារាជធានីស្ថិតក្នុងខេត្តគូណា(Kunar) បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅថ្ងៃសៅរ៍។
មុននេះ ទីក្រុងស្ហារ៉ាន(Sharan) ដែលជារាជធានីមួយស្ថិតនៅភាគខាងកើតខេត្តផាកធីកា (Paktika) ត្រូវក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានផងដែរ។
ប្រធានក្រុមប្រឹក្សាខេត្តលោកហ្សាដ្រានបានប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “រាជធានីស្ហាដ្រាន បានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅពេលព្រឹក ហើយគ្រប់ផ្នែកក្នុងខេត្តផាកធីកា(Paktika)គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់”។
មហន្តរាយមនុស្សធម៌ និងបញ្ហាប្រឈមដែលស្មុគស្មាញកំពុងតែកើនឡើងខ្លាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីសហរដ្ឋអាមេរិកបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានដោយប្រញាប់ប្រញាល់ នាំឱ្យមានការកើនឡើងជម្លោះភ្លាមៗ និងមានការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃកងកម្លាំងសន្តិសុខ។
សូមរំលឹកផងដែរថា នៅយប់ថ្ងៃព្រហស្បតិ៍ អ្នកតំណាងជាច្រើនបានចេញសេចក្តីថ្លែងការណ៍រួម ដោយបានអំពាវនាវឱ្យភាគីសង្គ្រាមក្នុងប្រទេសអាហ្វហ្គានីស្ថានពន្លឿនដំណើរការសន្តិភាព និងឈានដល់ដំណោះស្រាយនយោបាយ រួមទាំងបទឈប់បាញ់ដ៏ទូលំទូលាយឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ចំណែកឯអ្នកចូលរួមក្នុងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ពួកគេនឹងមិនទទួលស្គាល់រដ្ឋាភិបាលណាមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដែលត្រូវបានតែងតាំងឡើងដោយបង្ខំ និងមានការព្រួយបារម្ភច្រើនពីអំពើហិង្សាដែលកំពុងតែកើតឡើងនោះទេ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១