ប្រទេសអាហ្វហ្កានីស្ថាន៖អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់និយាយថា ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានទីក្រុងម៉ៃដានស្ហា (Maidan Shar) ដែលជារាជធានីស្ថិតក្នុងខេត្តវ៉ាដាក (Wardak) នៅថ្ងៃអាទិត្យ។
លោកហ្សាប៊ីហូឡាស់ ម៉ូចាហ៊ីដ (Zabihullah Mujahid) អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់បានសរសេរអះអាងលើបណ្តាញសង្គមរបស់ខ្លួនថា ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានការគ្រប់គ្រងលើទីក្រុង ដែលមានចម្ងាយប្រមាណជា ៣៥គីឡូម៉ែត្រនៅភាគខាងលិចនៃទីក្រុងកាប៊ុល ក្រោយពីកម្លាំងរដ្ឋាភិបាលបានដកថយទៅកាន់ទីក្រុងកាប៊ុល។
ការអះអាងរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់មិនទាន់អាចបញ្ជាក់ថា ពិតប្រកដបាននៅឡើយទេរហូតមកដល់ពេលនេះ។
យ៉ាងណាមិញ មុននេះផងដែរ ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានទីក្រុងធ័រខាម (Torkham) ដែលជាចំណុចជាប់ព្រំដែនសំខាន់ស្ថិតក្នុងខេត្តណានហ្គាហា (Nangarhar) នៅតំបន់ជាប់ព្រំដែនជាមួយប្រទេសប៉ាគីស្ថាន និងដណ្តើមបានគ្រប់គ្រងលើទីក្រុងចាឡាឡាបាដ (Jalalabad) ដែលស្ថិតក្នុងទីរួមខេត្តណានហ្គាហា (Nangarhar) ដោយពុំមានការប្រយុទ្ធ ឬការប៉ះទង្គិចគ្នានោះទេ នៅព្រឹកថ្ងៃអាទិត្យ។
ប្រភពព័ត៌មានពីអ្នកស្រុកមួយចំនួននៅក្នុងទីក្រុងឃូស (Khost) ដែលជារាជធានីស្ថិតនៅតំបន់ភាគខាងកើតខេត្តឃូសបានអះអាងថា ផ្នែកមួយនៃទីក្រុងឃូសបានធ្លាក់ក្រោមការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅព្រឹកថ្ងៃអាទិត្យ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១