កាលពីថ្ងៃសៅរ៍នេះកងទ័ពអ៊ីរ៉ាក់បានចាប់ផ្តើមប្រតិបត្តិការយោធាមួយស្ថិតនៅក្នុងរដ្ឋធានីបាដាដដើម្បីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមបន្ទាប់ពីការជូនដំណឹងសន្តិសុខនៅក្នុងប្រទេសដើម្បីបញ្ឈប់ការវាយប្រហារលើបង្គោលបញ្ជូនអគ្គិសនី។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសន្តិសុខ Media Cell របស់ក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងនៃបញ្ជាការប្រតិបត្តិការរដ្ឋធានីបាដាដដែលមានការគាំទ្រពីសំណាក់កងទ័ពអាកាស និងសម្ព័ន្ធអន្តរជាតិបានចាប់ផ្តើមប្រតិបត្តិការសន្តិសុខដ៏ធំមួយរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍នេះក្នុងតំបន់ភាគខាងជើងរដ្ឋធានីបាដាដ។
សេចក្តីថ្លែងការណ៍បានប្រាប់ឱ្យដឹងទៀតថាកងកម្លាំងពិសេស ប៉ូលិសសហព័ន្ធ កងកម្លាំងចលនានិយម និងកងកម្លាំងសន្តិសុខផ្សេងទៀតបានចូលរួមក្នុងប្រតិបត្តិការនេះក្នុងគោលបំណងតាមដាន និងស្វែងរកក្រុមឧក្រិដ្ឋជនរដ្ឋអ៊ីស្លាមដែលស្ថិតនៅក្នុងតំបន់ទាំងនេះ។
គួរបញ្ជាក់ថាប្រតិបត្តិការយោធានេះកើតឡើងមួយថ្ងៃបន្ទាប់ពីការប្រកាសរបស់កងទ័ព និងកងកម្លាំងប៉ូលិសនៅក្នុងប្រទេសដើម្បីបញ្ឈប់ការវាយប្រហារលើបង្គោលបញ្ជូនថាមពលអគ្គិសនី។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី kurdiu ចេញផ្សាយថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១