ហេតុការណ៍សំខាន់ៗដែលនាំឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមប្រទេសមកកាន់កាប់យ៉ាងឆាប់រហ័ស

0

ប្រទេសអាហ្វហ្កានីស្ថាន៖ លោកចូបាយដិន (JoeBiden) បានប្រកាសដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថានតាមលំដាប់លំដោយ និងបានបង្ហាញជំនឿ
ទៅលើកម្លាំងរដ្ឋាភិបាល។ យ៉ាងណាមិញ ការប្រកាសនេះធ្វើឡើងមិនទាន់បាន ២ខែស្រួលបួលផង ក្រុមសកម្មប្រយុទ្ធតាលីបង់ បានវាយលើប្រទេសអាហ្វហ្កានីស្ថាន និងបានទម្លាក់ប្រធានាធិបតីរបស់ខ្លួន។ តើមានហេតុការណ៍អ្វីខ្លះកើតឡើងទើបបណ្តាលឲ្យស្ថានភាពសន្តិសុខក្នុងប្រទេសអាហ្វហ្កានីស្ថានធ្លាក់ចុះយ៉ាងលឿន
បែបនេះ?

បើក្រឡេកទៅមើលហេតុការណ៍ពីមុនវិញឃើញថា កម្លាំងយោធាអាមេរិកបាន ឈ្លានពានប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ២០០១ ក្រោយពីមានហេតុការវាយប្រហារយ៉ាងកក្រើកមួយក្នុងទឹកដីសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។ ការចូលមកក្នុងទឹកដីនៃប្រទេសអាហ្វហ្កានីស្ថាននេះមានគោលបំណងច្បាស់លាស់គឺ ដើម្បីប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដា និងក្រុមសកម្មប្រយុទ្ធជីហាដដទៃផ្សេងទៀត។ ក្រោយមកទៀតកម្លាំងចម្រុះលោកខាងលិចបានបណ្តេញក្រុមសកម្មប្រយុទ្ធតាលីបង់ចេញពីទីក្រុងធំៗបានយ៉ាងឆាប់រហ័សបំផុត តែទោះជាយ៉ាងណាក៏ដោយក្រុមសកម្មប្រយុទ្ធទាំងនេះមិនដែលឈប់ធ្វើសកម្មភាពវាយប្រហារឡើយ ហើយសង្គ្រាមនៅតែបន្តអស់រយៈពេលពីរទសវត្សរ៍គិតមកដល់ពេលបច្ចុប្បន្ននេះ។

ហេតុការណ៍ដែលបានកើតឡើងនៅខែកុម្ភៈ ឆ្នាំ២០២១

លោកត្រាំ (Trump) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមសកម្ម ប្រយុទ្ធតាលីបង់នៅក្នុងប្រទេសកាតា (Qatar) ដោយបានយល់ព្រមដកកម្លាំងយោធារបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល១៤ខែ។ ចំណែកឯភាគីក្រុមសកម្មប្រយុទ្ធបានសន្យាថា ពួកគេនឹងមិនវាយប្រហារលើជនជាតិអាមេរិក និង សម្ព័ន្ធមិត្តរបស់អាមេរិកឡើយ ហើយពួកគេថែមទាំងបានបើកកិច្ចសន្ទនាជាមួយមន្រ្តី នៅក្នុងទីក្រុងកាប៊ុលថែមទៀតផង។ ទោះជាយ៉ាងនេះក្តី ការប្រយុទ្ធនៅតែបន្តកើតមានភ្លាមៗជាហូរហែរ។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

ខណៈដែលប្រធានាធិបតីថ្មី លោកចូបាយដិនចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក លោកបានប្រកាសថា កងទ័ពអាមេរិកនឹងចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ដែលសេចក្តីប្រកាសនេះជាការពន្យាពេលខុសផែនការមុនរបស់លោកត្រាំ (Trump) ដែលធ្លាប់បានកំណត់ឲ្យទ័ពអាមេរិកចាកចេញនៅក្នុងខែឧសភា។

លោកបាយដិនបានប្រកាសថា “យើងមិនអាចបន្តវដ្តនៃការពន្យាពេលឬបង្កើនវត្តមានយោធារបស់យើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានទៀតទេ ដោយយើងសង្ឃឹមថានឹងអាចបង្កើតលក្ខខណ្ឌសមស្រប ក្នុងការដកកងទ័ពអាមេរិក ហេីយយេីងរំពឹងថានឹងមានលទ្ធផលមួយផ្សេងទៀត”។ លោកមានប្រសាសន៍ថា កងទ័ពអាមេរិកមិនអាចស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានរហូតនោះទេ ហើយកងទ័ពអាមេរិកក៏មិនត្រូវបានប្រើប្រាស់ជាអាជ្ញាកណ្តាលក្នុងការ ចរចារវាងភាគីសង្គ្រាមនោះដែរ ។

រយៈពេល ២សប្តាហ៍កន្លងមកទៀត ក្រុមសកម្មប្រយុទ្ធតាលីបង់បានបើកការវាយប្រហារដ៏ធំមួយនៅភាគខាងត្បូងខេត្តហេលម៉ាន (Helmand)។ ក្រោយមកទៀត សកម្មភាពវាយប្រហារកើនឡើងកាន់តែខ្លាំងឡេីងនៅទីនោះ ខណៈដែលការព្យាយាមចរចាសន្តិភាពឡើងវិញក៏ទទួលបរាជ័យ។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១

លោកចូបាយដិនបានប្រកាសសារជាថ្មីថា បេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ដោយការប្រកាសកំណត់ពេល ចាកចេញថ្មីនេះ លឿនជាង២សប្តាហ៍នៃការប្រកាសលើកទី១របស់លោក។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង ក្រោយពីកងទ័ពអាមេរិកបានចាកចេញពីមូលដ្ឋានអាកាសបាក្រាម (Bagram)ដែលជាទីតាំងយោធាធំបំផុតរបស់មន្ទីរបញ្ចកោណនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ក្រោយពីមានការសាកសួរបន្ថែមពីអ្នកសារព័ត៌មានដែលថា ក្រុមសកម្មប្រយុទ្ធតាលីបង់នឹងដណ្តើមបានការកាន់កាប់ទាំងស្រុងគឺជារឿងដែលអាចទៅរួចឬយ៉ាងណានោះ? លោកចូបាយដិនបានឆ្លើយយ៉ាងសាមញ្ញថា “ទេ មិនដូច្នោះនោះទេ”។ លោកថែមទាំងបានលើកសរសើរដល់កងទ័ពអាហ្វហ្គានីស្ថានដែលទទួលបានការបណ្តុះបណ្តាល ពីកម្លាំងសហរដ្ឋអាមេរិក ដោយលោកបានអះអាងថា កងទ័ពអាហ្វហ្គានីស្ថានក៏មានសមត្ថភាពគ្រប់គ្រាន់ ដូចកងទ័ពផ្សេងទៀតនៅលើពិភពលោកដែរ។
បន្ទាប់មកទៀត លោកចូបាយដិនបានច្រានចោលរបាយការណ៍មុនៗ ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែលមានខ្លឹមសារថា ក្រុមស៊ើបការណ៍សម្ងាត់ផ្ទាល់របស់លោកបានសន្និដ្ឋានថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាននឹងអាចដួលរលំ ភ្លាមៗក្នុងរយៈពេល៦ខែក្រោយពីអាមេរិកដកទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន ។
ទោះយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធតាលីបង់នឹងមិនចំណាយពេលយូរដល់ម្លឹងនោះទេ។

ក្រោយមកទៀត ក្រុមសកម្មប្រយុទ្ធតាលីបង់បានធ្វើការវាយប្រហារយ៉ាងឆាប់រហ័សទៅលើតំបន់ភាគខាងជើងនៃប្រទេស ដែលបានបង្ខំឲ្យកងទ័ពរដ្ឋាភិបាលប្រមាណជា១,៥០០នាក់ភៀសខ្លួនចូលទៅក្នុងប្រទេសតាហ្ស៊ីគីស្ថាន។ ភ្លាមៗនោះទីក្រុង វ៉ាស៊ីនតោនបានបង្កើនការវាយប្រហារតាមអាកាសប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាលីបង់ ដើម្បីគាំទ្រដល់កងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលកំពុងជាប់គាំង ក៏ប៉ុន្តែពួកគេបានអះអាងថា ការវាយប្រហារតាមអាកាសគ្មានប្រសិទ្ធភាពនោះទេ។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១

ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោកអាស្រាហ្វហ្កានីបានបន្ទោសលើការដកទ័ព ភ្លាមៗរបស់អាមេរិក ចំពោះស្ថានភាពសន្តិសុខនៅក្នុងប្រទេសរបស់លោក។ ចំណែកឯ អ្នកនាំពាក្យក្រុមសកម្មប្រយុទ្ធតាលីបង់បានឆ្លើយតប ដោយថែមទាំងព្រមានលោក ហ្កានីថា “ពេលវេលារបស់លោកគឺបានដល់ទីបញ្ចប់ហើយ”។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី០៦ ដល់ទី០៨ ខែសីហា ឆ្នាំ២០២១

នៅក្នុងចលនាវាយប្រហារយ៉ាងផុសផុល ដែលហាក់បីដូចជាមិនអាចបញ្ឈប់បាននោះ ក្រុមសកម្មប្រយុទ្ធបានចាប់ផ្តើមវាយប្រហារដណ្តើមយករាជធានីខេត្តបានយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យកម្លាំងទ័ពអាហ្វហ្កានីស្ថានដកថយជាគំហុកនៅគ្រប់ទីកន្លែង។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១

បណ្តាញសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍(Washington Post) និងអេប៊ីស៊ីញូវស៍(ABC News) បានចុះផ្សាយមានខ្លឹមសារថា មន្ទីរបញ្ចកោណជឿជាក់ថា ទីក្រុងកាប៊ុលប្រឈមនឹងការបាត់បង់គ្រប់ពេលក្នុងរយៈពេលពី៣០ទៅ៩០ថ្ងៃ។ ភ្នាក់ងារសារព័ត៌មាន បានដកស្រង់សម្តីរបស់មន្ត្រីអណាមិកម្នាក់ដែលមានខ្លឹមសារថា “ស្ថានភាពទាំងអស់កំពុងដំណើរការខុសទិសដៅ”។

ក្រោយមកទៀត ក្រុមសកម្មប្រយុទ្ធតាលីបង់ក៏ដណ្តើមបានផ្លូវប្រសព្វយុទ្ធសាស្ត្រមួយ ដែលឆ្ពោះទៅភាគខាងជើងទីក្រុងកាប៊ុល និងជាផ្លូវដែលព័ទ្ធរាជធានី។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១

សហរដ្ឋអាមេរិកបានបញ្ចូនទាហាន ៣,០០០នាក់ និងទាហានម៉ារីនដើម្បីសម្របសម្រួលដល់ការជម្លៀសបុគ្គលិកការទូតអាមេរិក ខណៈដែលក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានទីក្រុងធំៗដែលមានដូចជា ទីក្រុងកានដាហា (Kandahar) ទីក្រុងហេរ៉ាត (Herat) និងទីក្រុងម៉ាហ្សាអ៊ីហ្សារីហ្វ(Mazar-i-Sharif)។

ហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

ក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលទៅគ្រប់គ្រងទៅលើវិមានប្រធានាធិបតីក្នុងទីក្រុងកាប៊ុលដោយស្ទើរតែពុំមានការប្រឆាំងអ្វីនោះឡើយ ហើយពួកគេថែមទាំងបានប្រកាសពីជ័យជំនះរបស់ខ្លួនថែមទៀតផង។

ចំណែកឯប្រធានាធិបតីអាហ្វហ្កានីស្ថាន លោកហ្កានីបានភៀសខ្លួនចេញពីប្រទេស ដោយលោកបានអះអាងថា ការធ្វើដូច្នេះគឺដើម្បីការពារមិនឲ្យក្រុមសកម្មប្រយុទ្ធតាលីបង់សម្លាប់រង្គាលលើជនស៊ីវិល។

លើសពីនេះទៅទៀត ប្រជាជនអាហ្វហ្កានីស្ថានជាច្រើននាក់ប្រញាប់ប្រញាល់ទៅព្រលានយន្តហោះទីក្រុងកាបុលដោយសង្ឃឹមថា ពួកគេនឹងអាចជិះយន្តហោះចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ក្រោយមកទៀត យន្តហោះពាណិជ្ជកម្មក៏ត្រូវបានផ្អាក ដំណើរការជាផ្លូវការនៅថ្ងៃចន្ទ។

ចំណែកឯ ឧទ្ធម្ភាគចក្ររបស់កងទ័ពអាមេរិក បានជម្លៀសជនជាតិអាមេរិកចេញពី ស្ថានទូត ដោយហេតុការណ៍មួយនេះបានរំលឹកដល់ហេតុការណ៍ជម្លៀសខ្លួនយ៉ាង បន្ទាន់ចេញពីទីក្រុងសៃហ្គននៅឆ្នាំ១៩៧៥ មុនពេលរាជធានីនៃប្រទេសវៀត ណាមខាងត្បូងធ្លាក់ក្រោមការកាន់កាប់របស់វៀតកុង។

លោករដ្ឋលេខាធិការអាតូនី ប៊ីនឃិន (Antony Blinken) បានធ្វើការបដិសេធលើការ ប្រៀបធៀបដ៏អាក្រក់បែបនេះ ដោយលោកបានអះអាងថា “សូមចងចាំថា នៅទីនេះមិនមែនជាទីក្រុងសៃហ្គននោះទេ”៕

ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន rt ចុះផ្សាយថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here