តើក្រុមសកម្មប្រយុទ្ធតាលីបង់ជាអ្នកណា?

0
តើក្រុមសកម្មប្រយុទ្ធតាលីបង់ជាអ្នកណា?
រូបភាពរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅខេត្តឡេកម៉េនក្នុងខែមីនា ឆ្នាំ២០២០។ ក្រុមនេះបានធ្វើការវាយប្រហារសារជាថ្មី ក្រោយពេលកងទ័ពអាមេរិកចាកចេញ។

ក្រុមសកម្មប្រយុទ្ធតាលីបង់ត្រូវបានដកចេញពីអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០០១ ក៏ប៉ុន្តែក្រុមនេះវាយលុកក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ហើយឥឡូវនេះឈានដល់រឹបអូសយកអំណាចសារជាថ្មី។

ដូចដែលសហរដ្ឋអាមេរិកត្រៀមខ្លួនបញ្ចប់ការដកកងទ័ពទាំងអស់នៅត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២១ ខាងមុខនេះ (បន្ទាប់ពីសង្គ្រាមរយៈពេល២ទសវត្សរ៍) ក្រុមសកម្មប្រយុទ្ធបានដណ្តើមយកទីក្រុងធំៗជាច្រើន ហើយឥឡូវនេះបានចូលដល់រដ្ឋធានីកាប៊ុល។

ក្រុមសកម្មប្រយុទ្ធតាលីបង់បានចូលជួបចរចាផ្ទាល់ជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៨ ហើយនៅខែកុម្ភៈឆ្នាំ២០២០ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុងដូហា ដែលអាមេរិកប្តេជ្ញាថាដកទ័ពចេញ និងក្រុមសកម្មប្រយុទ្ធតាលីបង់ត្រូវការពារការវាយប្រហារលើកងកម្លាំងអាមេរិក។ ការសន្យាផ្សេងទៀតរួមមាន មិនអនុញ្ញាតឱ្យក្រុមសកម្មប្រយុទ្ធអាល់កៃដាឬក្រុមសកម្មប្រយុទ្ធដទៃទៀតវាយប្រហារនៅក្នុងតំបន់ដែលខ្លួនកាន់កាប់ និងបន្តកិច្ចចរចាសន្តិភាពថ្នាក់ជាតិ។ ប៉ុន្តែនៅឆ្នាំបន្ទាប់ ក្រុមសកម្មប្រយុទ្ធតាលីបង់បានបន្តការវាយប្រហារកំណត់គោលដៅទៅលើកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន និងជនស៊ីវិល ហើយថែមទាំងបានបន្តវាយលុកចូលខេត្តនានាយ៉ាងឆាប់រហ័សនៅទូទាំងប្រទេស។

ការបង្ហាញអំណាច

“តាលីបង់” ឬ “សិស្ស” (ជាភាសាប៉ាសតូ) បានលេចចេញពាក្យនេះនៅដើមទសវត្សរ៍ឆ្នាំ១៩៩០ នៅភាគខាងជើងប្រទេសប៉ាគីស្ថានបន្ទាប់ពីកងទ័ពសូវៀតដកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ គេជឿជាក់ថាចលនាប៉ាសស្តុនបង្ហាញរូបរាង្គលើកដំបូងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសាសនា ហើយភាគច្រើនទទួលបានប្រាក់ពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយបង្ហាញវត្តមានក្នុងទម្រង់សាសនាអ៊ីស្លាមស៊ុននី។

ការសន្យាដែលបានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធតាលីបង់នៅតំបន់ប៉ាសស្តុនដែលស្ថិតនៅតាមព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន គឺធ្វើឡើងដើម្បីស្តារសន្តិភាព និងសន្តិសុខឡើងវិញ និងអនុវត្តច្បាប់កំណែតឹងរឹងរបស់ពួកគេ​ដែលហៅថា​ “ស្ហារៀរឬច្បាប់អ៊ីស្លាម” នៅពេលដែលពួកគេបានឡើងកាន់អំណាច។

រចនាសម្ព័ន្ធថ្នាក់ដឹកនាំក្រុមសកម្មប្រយុទ្ធតាលីបង់

ចាប់ពីភាគនិរតីនៃប្រទេសអាហ្វហ្គានីស្ថាន ក្រុមសកម្មប្រយុទ្ធតាលីបង់បានពង្រីកឥទ្ធិពលរបស់ពួកគេយ៉ាងឆាប់រហ័ស។ នៅខែកញ្ញា ឆ្នាំ១៩៩៥ ពួកគេដណ្តើមបានខេត្តហេរ៉ាតដែលស្ថិតនៅជាប់ព្រំដែនប្រទេសអ៊ីរ៉ង់ ហើយនៅរយៈពេលមួយឆ្នាំក្រោយមក ពួកគេដណ្តើមបានរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបានផ្តួលរំលំរបបរបស់ប្រធានាធិបតី ប៊ូហាណូដិន រ៉ាបានី ដែលជាបិតាស្ថាបនិកនៃមូចាហ៊ីឌីន (mujahideen)
ដែលជាក្រុមឧទ្ទាមអ៊ីស្លាមជីហាដអាហ្វហ្កានីស្ថាន ដែលធ្លាប់ប្រឆាំងនឹងការកាន់កាប់របស់សូវៀត។ នៅឆ្នាំ១៩៩៨ ក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានប្រទេសអាហ្វហ្គានីស្ថានមកកាន់កាប់ស្ទើរតែ៩០% ។

ជនជាតិអាហ្វហ្គានីស្ថានធុញទ្រាន់នឹងភាពលើសលុបរបស់ក្រុមឧទ្ទាមអ៊ីស្លាមជីហាដ និង ការឈ្លោះប្រកែកបែកបាក់ផ្ទៃក្នុងបន្ទាប់ពីពួកសូវៀតដកកងទ័ពចេញនោះ ទើបពួកគេបានស្វាគមន៍ក្រុមសកម្មប្រយុទ្ធតាលីបង់ ខណៈដែលពួកគេបានបង្ហាញខ្លួនទាន់ហេតុការណ៍។ ប្រជាប្រិយភាពដ៏ធំធេងរបស់ពួកគេភាគច្រើនទទួលបានដោយសារតែភាពជោគជ័យក្នុងការបង្រ្កាបអំពើពុករលួយ ការទប់ស្កាត់ភាពគ្មានច្បាប់ទម្លាប់ និងការរៀបចំភូមិសាស្រ្ត និងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេមានសុវត្ថិភាពសម្រាប់ជម្រុញឲ្យមានការរីកចម្រើនលើវិស័យពាណិជ្ជកម្ម។

ប៉ុន្តែក្រុមសកម្មប្រយុទ្ធតាលីបង់ក៏បានដាក់ចេញឬគាំទ្រដល់ការដាក់ទណ្ឌកម្មស្របតាមច្បាប់យ៉ាងតឹងរ៉ឹងរបស់ពួកគេ​ ដោយអនុលោមតាមច្បាប់ស្ហារៀរដែលមានដូចជាការប្រហារជីវិតជាសាធារណៈសម្រាប់អំពើឃាតកម្ម និងអ្នកផិតក្បត់ ហើយត្រូវធ្វើការផ្តន្ទាទោសកាត់ដៃកាត់ជើងចំពោះអ្នក ដែលមានទោសពីបទលួចគេជាដើម។ ចំណែកឯបុរសៗវិញត្រូវបានគេតម្រូវឱ្យទុកពុកចង្កាវែង ហើយស្ត្រីត្រូវពាក់រ៉ូបប៊ឺកាដែលគ្របតាំងពីក្បាលរហូតដល់ចុងជើង។

ក្រុមសកម្មប្រយុទ្ធតាលីបង់ក៏បានហាមឃាត់មិនឲ្យមានការប្រើទូរទស្សន៍ ការចាក់ចម្រៀង ឬមើលភាពយន្ត ហើយថែមទាំងមិនអនុញ្ញាតឱ្យក្មេងស្រីអាយុ១០ឆ្នាំ ឬអាយុច្រើនជាងនេះ ទៅសាលារៀននោះទេ។ ហេតុនេះហើយ ពួកគេត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស និងវប្បធម៌យ៉ាងធ្ងន់ធ្ងរ។ ឧទាហរណ៍ដ៏ល្បីល្បាញមួយដែលបានកើតឡើងនៅឆ្នាំ២០០១ នៅពេលដែលក្រុមសកម្មប្រយុទ្ធ តាលីបង់មិនញញើតក្នុងការបំផ្លាញរូបសំណាកព្រះពុទ្ធបាមីយ៉ាន (Bamiyan) ដ៏ល្បីល្បាញនៅកណ្តាលប្រទេសអាហ្វហ្គានីស្ថាន បើទោះជាមានការខឹងសម្បារពីអន្តរជាតិក៏ដោយ។
ប្រទេសប៉ាគីស្ថានធ្លាប់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមែនជាអ្នកបង្កើតក្រុមសកម្មប្រយុទ្ធតាលីបង់នោះទេ។ ប៉ុន្តែនៅមានចម្ងល់មួយដែលថាជនជាតិអាហ្វហ្គានីស្ថានជាច្រើននាក់ដែលធ្លាប់បានចូលរួមចលនានេះតាំងពីដំបូងសុទ្ធតែត្រូវបានអប់រំឲ្យមានចំណេះដឹងជ្រៅជ្រះនៅក្នុង ម៉ាដ្រារ៉ាសាស់ (madrassas) ដែលជាសាលាសាសនាអ៊ីស្លាម នៅក្នុងប្រទេសប៉ាគីស្ថាន។

ប្រទេសប៉ាគីស្ថានក៏ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីរួមជាមួយប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងអារ៉ាប់រួម ដែលធ្លាប់បានទទួលស្គាល់ក្រុមសកម្មប្រយុទ្ធតាលីបង់ នៅពេលពួកគេកំពុងកាន់អំណាចក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ប្រទេសប៉ាគីស្ថានក៏ជាប្រទេសចុងក្រោយដែលបានផ្តាច់ទំនាក់ទំនងការទូតជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់នោះផងដែរ។

ជាមួយគ្នានេះដែរ ក្រុមសកម្មប្រយុទ្ធតាលីបង់បានគំរាមកំហែងបង្កឲ្យមានអស្ថិរភាពក្នុងប្រទេសប៉ាគីស្ថាន នៅតាមតំបន់ដែលពួកគេគ្រប់គ្រងនៅទិសភាគពាយ័ព្យ។ ការថ្កោលទោសដ៏ធំបំផុត និងជាអន្តរជាតិមួយត្រូវបានធ្វើឡើង ចំពោះសកម្មភាពវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធតាលីបង់នៅប្រទេសប៉ាគីស្ថានដែលបានកើតឡើងនៅខែតុលា ឆ្នាំ២០១២ នៅពេលដែលក្មេងស្រីសិស្សសាលាឈ្មោះ ម៉ាឡាឡា យូសាហ្វហ្សៃ (Malala Yousafzai) ត្រូវបានគេបាញ់សម្លាប់នៅតាមផ្លូវត្រឡប់មកផ្ទះរបស់នាងវិញ ក្នុងទីក្រុងមីងហ្គោរ៉ា (Mingora)។

មានការបង្ក្រាបដ៏ធំធេងរយៈពេលពីរឆ្នាំ ក្រោយពីមានហេតុការណ៍សម្លាប់រង្គាលនៅសាលាផេសហាវើរ (Peshawar) ដោយប្រតិបត្តិការបង្ក្រាបនោះបានកាត់បន្ថយយ៉ាងខ្លាំងនូវឥទ្ធិពលរបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថាន។ យ៉ាងហោចណាស់ បុគ្គលសំខាន់ៗ ៣រូបរបស់ក្រុមសកម្មប្រយុទ្ធក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៣ ដោយក្នុងនោះមានទាំងមេដឹកនាំក្រុមសកម្មប្រយុទ្ធម្នាក់មានឈ្មោះថា​ លោក ហាគីមូឡាស់ មេស៊ូត Hakimullah Mehsud ។

ជម្រករបស់ក្រុមសកម្មប្រយុទ្ធអាល់កៃដា

ពិភពលោកមានការចាប់អារម្មណ៍ទៅលើក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្រោយពីមានហេតុការណ៍វាយប្រហារនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនៅទីក្រុងញូវយ៉ក។ ក្រុមសកម្មប្រយុទ្ធតាលីបង់ត្រូវបានចោទប្រកាន់ពីបទផ្តល់ជម្រកដល់ជនសង្ស័យសំខាន់មួយរូបគឺលោក អូសាម៉ា ប៊ីនឡាដិន(Osama Bin Laden) ​និងសមាជិកចលនាអាល់កៃដារបស់គាត់។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១ កងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកបានបើកការវាយប្រហារនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយនៅសប្តាហ៍ដំបូងនៃដើមខែធ្នូ របបក្រុមសកម្មប្រយុទ្ធតាលីបង់បានដួលរលំ។ មេដឹកនាំបន្ទាប់របស់ក្រុមសកម្មប្រយុទ្ធគឺលោក មូលឡាស់ ម៉ូហាម៉ាត់ អូម៉ា (Mullah Mohammad Omar) និងឥស្សរជនជាន់ខ្ពស់ដទៃទៀតរួមទាំងលោក ប៊ីនឡាដិន ផងដែរនោះបានរត់គេចផុតពីការចាប់ខ្លួន បើទោះបីជាមានខ្មាន់កាំភ្លើងដ៏ពូកែបំផុតម្នាក់នៅលើពិភពលោកក៏ដោយ។

មេដឹកនាំជាន់ខ្ពស់ក្រុមសកម្មប្រយុទ្ធតាលីបង់ជាច្រើននាក់ត្រូវបានគេរាយការណ៍ថា បានជ្រកកោននៅក្នុងទីក្រុងឃ្វេតា (Quetta) នៃប្រទេសប៉ាគីស្ថាន ជាទីកន្លែងដែលពួកគេហ្វឹកហាត់ក្រុមសកម្មប្រយុទ្ធតាលីបង់។ ប៉ុន្តែការដាក់ឈ្មោះថ្មីថា “ឃ្វីតាស៊ូរ៉ា” ( “Quetta Shura”) ត្រូវបាន ​បដិសេធដោយក្រុងអ៊ីស្លាមាបាដរបស់ប្រទេសប៉ាគីស្ថាន។

ទោះបីជាមាកងទ័ពបរទេសជាច្រើននៅក្នុងប្រទេស ក៏ក្រុមសកម្មប្រយុទ្ធតាលីបង់អាចចាប់ផ្ដើមបង្កើនឥទ្ធិពលរបស់ខ្លួនឡើងវិញជាបន្តបន្ទាប់ៗ ហើយថែមទាំងបានពង្រីកសក្ដានុពលបស់ពួកគេនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយបង្ហាញថាប្រទេសនេះគ្មានសុវត្ថិភាព ហើយអំពើហិង្សានៅក្នុងប្រទេសបានវិលត្រឡប់មករកកម្រិតខ្លាំងក្លាដែលមិនធ្លាប់ឃើញចាប់តាំងពីឆ្នាំ២០០១ មក។

ក្រុមសកម្មប្រយុទ្ធតាលីបង់បានធ្វើការវាយប្រហារជាច្រើនលើទីក្រុងកាប៊ុល ហើយនៅខែកញ្ញា ឆ្នាំ២០១២ ក្រុមសកម្មប្រយុទ្ធតាលីបង់បានវាយឆ្មក់ទៅលើមូលដ្ឋានខេមបាស្ហិន (Camp Bastion) ដ៏ល្បីល្បាញមួយរបស់អង្គកការណាតូ។

ក្ដីសង្ឃឹមនៃកិច្ចចរចារសន្តិភាពត្រូវបានលើកឡើងក្នុងឆ្នាំ២០១៣ នៅពេលដែលក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រកាសពីផែនការបើកការិយាល័យនៅកាតា (Qatar)។ ប៉ុន្តែការមិនទុកចិត្តគ្នារវាងភាគីទាំងសងខាងនៅតែមានកម្រិតខ្ពស់ ហើយអំពើហិង្សានៅតែបន្តកើតមាន។

នៅខែសីហា ឆ្នាំ២០១៥ ក្រុមសកម្មប្រយុទ្ធតាលីបង់បានសារភាពថា ពួកគេបានបិទបាំងការស្លាប់របស់ លោក ម៉ូឡាស់ អូម៉ា (Mullah Omar) ដែលត្រូវបានគេរាយការណ៍ថាមានបញ្ហាសុខភាពនៅមន្ទីរពេទ្យមួយក្នុងប្រទេសប៉ាគីស្ថានអស់រយៈពេលជាងពីរឆ្នាំ។ នៅខែបន្ទាប់ ក្រុមសកម្មប្រយុទ្ធតាលីបង់បាននិយាយថាពួកគេទុកការវាយប្រហារគ្នាមួយឡែកសិនអស់ជាច្រើនសប្តាហ៍ ហើយមកប្រមូលផ្តុំគ្នានៅចំពោះមុខមេដឹកនាំថ្មីលោក មូលឡាស់ ម៉ាន់សួរ (Mullah Mansour) ដែលជាអនុប្រធានរបស់លោក មូលឡាស់ អូម៉ា (Mullah Omar)។

ស្របពេលជាមួយគ្នានេះដែរក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានទីក្រុង គុណ ដូស (Kunduz) ដែលជាទីក្រុងមានយុទ្ធសាស្ត្រដ៏សំខាន់ មកគ្រប់គ្រងជាលើកដំបូងចាប់តាំងពីការបរាជ័យរបស់ពួកគេក្នុងឆ្នាំ២០០១។

លោក មូលឡាស់ ម៉ាន់សួរ (Mullah Mansour) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អាមេរិកនៅខែឧសភា ឆ្នាំ២០១៦ ហើយមេដឹកនាំថ្មីដែលចូលជំនួសតំណែងរបស់ លោកនោះគឺជាអនុប្រធានរបស់លោក ដែលមានឈ្មោះថា ម៉ាឡាវី ហ៊ីបាធូឡាស់ អាហានហ្សាដា (Mawlawi Hibatullah Akhundzada) ដែលនៅតែបន្តគ្រប់គ្រងលើក្រុមនេះ។

ក្រោយពីអាមេរិកដកទ័ព

នៅឆ្នាំបន្ទាប់ ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងក្រុមសកម្មប្រយុទ្ធតាលីបង់នៅខែកុម្ភៈ ឆ្នាំ២០២០ ជាកិច្ចចរចាសំខាន់ដោយផ្ទាល់ ដែលខកខានរយៈពេលយូរមកហើយ ក្រុមសកម្មប្រយុទ្ធតាលីបង់ហាក់បីដូចជាបានផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួនពីការវាយប្រហារដ៏ស្មុគស្មាញនៅក្នុងទីក្រុង និងលើប៉ុស្តិ៍យោធាទៅធ្វើសកម្មភាពវាយប្រហារថ្មី ដោយបានធ្វើឃាតទៅលើជនស៊ីវិលគោលដៅអាហ្វហ្គានីស្ថាន។

គោលដៅវាយប្រហារមានដូចជា អ្នកកាសែត ចៅក្រម សកម្មជនសន្តិភាព ស្ត្រីដែលកំពុងកាន់អំណាច ដោយសកម្មភាពវាយប្រហារថ្មីនោះបានបង្ហាញថា ក្រុមសកម្មប្រយុទ្ធតាលីបង់មិនបានផ្លាស់ប្តូរមនោគមន៍វិជ្ជាជ្រុលនិយមរបស់ពួកគេនោះទេ ដែលមានតែការផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ពួកគេតែប៉ុណ្ណោះ។

ថ្វីបើមានការព្រួយបារម្ភយ៉ាងខ្លាំងពីមន្រ្តីអាហ្វហ្គានីស្ថានជុំវិញភាពងាយរងគ្រោះរបស់រដ្ឋាភិបាលចំពោះក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលពុំមានការគាំទ្រពីអន្តរជាតិក៏ដោយ ប្រធានាធិបតីអាមេរិកថ្មីលោក ចូ បាយដិន (Joe Biden) បានប្រកាសនៅខែមេសា ឆ្នាំ២០២១ ថា កងកម្លាំងអាមេរិកទាំងអស់នឹងចាកចេញពីប្រទេសនេះត្រឹមថ្ងៃទី១១ ខែកញ្ញា ដោយកងកម្លាំងអាមេរិកបានចំណាយពេលក្នុងប្រទេសនេះអស់រយៈពេល២០ឆ្នាំមកហើយ ដោយគិតចាប់ពីថ្ងៃដួលរលំអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក។

ក្រោយពីបានបង្កើនអំណាចកាន់តែខ្លាំងតាមរយៈការធ្វើសង្គ្រាមពីរទសវត្សរ៍មក ក្រុមសកម្មប្រយុទ្ធតាលីបង់បានចាប់ផ្តើមដណ្តើមយកទឹកដីដ៏ធំមួយ ដោយធ្វើការគំរាមកំហែងថានឹងផ្តួលរំលំរដ្ឋាភិបាលនៅក្នុងទីក្រុងកាប៊ុលសារជាថ្មីម្តងទៀត ខណៈដែលកម្លាំងទ័ពជំនួយបរទេសបានចាកចេញ។

យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះរបស់អង្គការណាតូបង្ហាញឲ្យឃើញថា ក្រុមសកម្មប្រយុទ្ធតាលីបង់មានអំណាចកាន់តែខ្លាំងជាងពេលមុនៗ ចាប់តាំងពីពួកគេត្រូវបានបណ្តេញចេញក្នុងឆ្នាំ២០០១ ដោយមានអ្នកប្រយុទ្ធពេញម៉ោងរហូតដល់ ៨៥,០០០នាក់។

ល្បឿននៃការដណ្តើមអំណាចមានសន្ទុះលឿនជាងអ្វីដែលមនុស្សជាច្រើនធ្លាប់បានភ័យខ្លាច។ លោកឧត្តមសេនីយ៍ អូស្ទីន មីលឡឺ (Austin Miller) មេបញ្ជាការបេសកកម្មដឹកនាំដោយអាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថានបានធ្វើការព្រមានកាលពីខែមិថុនាថា ប្រទេសនេះអាចប្រឈមនឹងសង្គ្រាមស៊ីវិលដ៏ច្របូកច្របល់ដែលលោកចាត់ទុកថាវាជាកង្វល់របស់ពិភពលោក។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមសកម្មប្រយុទ្ធតាលីបង់អាចដណ្តើមបានទីក្រុងធំៗជាច្រើនរួចមកហើយ ដោយគ្មានការប្រយុទ្ធគ្នា ខណៈដែលកងកម្លាំងរដ្ឋាភិបាលបានចុះចាញ់ដើម្បីបង្កាមិនឲ្យមានជនស៊ីវិលស្លាប់។
ការវាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិកក្នុងខែដដែលមានខ្លឹមសារថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានអាចដួលរលំក្នុងរយៈពេលប្រាំមួយខែ ក្រោយពីការចាកចេញរបស់យោធាអាមេរិក៕

ប្រែសម្រួលដោយ៖ ប៉ោក លក្ខិណា
ប្រភពពត៌មាន​ BBC ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here