ប្រទេសអ៊ីរ៉ាក់៖យោធាអ៊ីរ៉ាក់បាននិយាយនៅថ្ងៃអាទិត្យថា សមាជិកជាន់ខ្ពស់ ៧នាក់របស់ក្រុមភេរករដ្ឋអ៊ីស្លាមជ្រុលនិយម (IS) ត្រូវបានកងកម្លាំងអ៊ីរ៉ាក់ចាប់ខ្លួននៅភាគខាងជើងខេត្តនីនេវេ (Nineveh)។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រព័ន្ធផ្សព្វផ្សាយនៃបញ្ជាការប្រតិបត្តិការចម្រុះអ៊ីរ៉ាក់ (JOC) មានបញ្ជាក់ខ្លឹមសារថា កងកម្លាំងស៊ើបការណ៍ជាតិអ៊ីរ៉ាក់(INIS) បានធ្វើប្រតិបត្តិការមួយនៅក្នុងទីក្រុងម៉ូស៊ូល (Mosul) ដែលស្ថិតនៅចម្ងាយប្រមាណជា ៤០០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាកដាដ ក្រោមដីកាចាប់ខ្លួនសមាជិកភេវករ IS ទាំង ៧នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលនោះមានបន្ថែមខ្លឹមសារថា ក្រុមភេវករទាំងនោះបានសារភាពថា ពួកគេបានចូលរួមជាមួយក្រុមភេរវករនៅក្នុងខេត្តនីនេវេ។
ថ្មីៗនេះផងដែរ កងកម្លាំងអ៊ីរ៉ាក់បានបង្កើនប្រតិបត្តិការរបស់ខ្លួនដើម្បីប្រឆាំងនឹងក្រុមឧទ្ទាម IS ជ្រុលនិយម ខណៈដែលប្រតិបត្តិការនោះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការបង្កើនសន្តិសុខសុវត្ថិភាពឲ្យបាន មុនពេលមានការបោះឆ្នោតសភាក្នុងប្រទេស ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១០ ខែតុលាខាងមុខនេះ។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើងចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកឧទ្ទាម IS នៅឆ្នាំ២០១៧ មក។
យ៉ាងណាមិញ សមាជិកឧទ្ទាមដែលនៅសេសសល់បានលាក់ខ្លួនក្នុងទីក្រុង ឬតំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀត ដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១