លោកបៃដិនការពារភាពរញេរញ៉ៃលើសហរដ្ឋអាមេរិក ​ដោយដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន

0

លោកប្រធានាធិបតីចូបៃដិន (Joe Biden) មានប្រសាសន៍ថា គាត់ជាអ្នកនៅពីក្រោយនៃការចាកចេញរបស់កងទ័ពអាមេ
រិកពីប្រទេសអាហ្វហ្កានីស្ថាន ខណៈដែលគាត់កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លាជុំវិញភាពឃោឃៅរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ដែលកំពុងតែហែកហួរប្រទេសដោយសង្គ្រាម។

គេបានចោទសួរទៅលោកធានាធិបតីប្រជាធិបតេយ្យ៖”តើជីវិតជនជាតិអាមេរិកប៉ុន្មានអ្នកទៀត ដែលនឹងរស់នៅមានតម្លៃ?”

លោកឆ្លើយថា បើទោះបីជាមានភាពភាពរញ៉េរញ៉ៃក្នុងការដកទ័ពចេញលើកនេះក៏ដោយ ក៏មិនដែលមានពេលវេលាល្អណាសម្រាប់ដកកងទ័ពអាមេរិកចេញដែរ។

នៅថ្ងៃអាទិត្យក្រុមសកម្មជនតាលីបង់បានប្រកាសជ័យជំនះ បន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថានលោក អាស្រាហ្វ ហ្កានី ( Ashraf Ghani ) បានភៀសខ្លួន ហើយរដ្ឋាភិបាលរបស់លោកក៏បានដួលរលំ។

ការវិលត្រឡប់មកគ្រប់គ្រងសារជាថ្មីរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់បានបញ្ចប់វត្តមានរបស់កម្លាំងចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានអស់រយៈពេលជិត២០ឆ្នាំ។

ទីក្រុងកាប៊ុលគឺជាទីក្រុងដ៏សំខាន់ហើយក៏ជាទីក្រុងចុងក្រោយរបស់ប្រទេសអាហ្វហ្គានីស្ថានដែលបានធ្លាក់ក្នុងការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ឋតាលីបង់ ដែលបានចាប់ផ្តើមកាលពីប៉ុន្មានខែមុន ប៉ុន្តែពួកគេបានបង្កើនល្បឿនវាយប្រហារក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដោយពួកគេទទួលបានការគ្រប់គ្រងទឹកដី និងបានធ្វើឱ្យអ្នកសង្កេតការណ៍ជាច្រើនមានការភ្ញាក់ផ្អើល។

សុន្ទរកថារបស់លោកបៃដិនបានធ្វើឡើងបន្ទាប់មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅឯអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ជាកន្លែងដែលជនស៊ីវិលរាប់រយនាក់អស់សង្ឃឹមក្នុងការរត់ចេញពីប្រទេស និងបានបង្ខំចិត្តវិលត្រលប់ចូលស្រុកវិញនៅថ្ងៃចន្ទ។

មនុស្សម្នាយ៉ាងច្រើនកុះករបានរត់នៅលើផ្លូវរត់អមដំណើរជាមួយយន្តហោះយោធា ដែលកំពុងត្រៀមហោះចេញ។

អ្នកខ្លះឡើងបានតោងនៅជាប់នឹងយន្ដហោះ ហើយយ៉ាងហោចណាស់មានមនុស្ស ២នាក់ក្នុងចំណោមពួកគេ ត្រូវបានគេរាយការណ៍ថា បានធ្លាក់ស្លាប់នៅពេលដែលយន្តហោះបានហោះផុតពីដី។

កងទ័ពអាមេរិកបានសម្លាប់ជនជាតិអាហ្វហ្គានីស្ថានដែលប្រដាប់ដោយអាវុធពីរនាក់ ដោយពួកគេស្ថិតនៅក្នុងហ្វូងមនុស្ស ដែលបានបំពានវិន័យនៅបរិវេណអាកាសយានដ្ឋាន។ មនុស្ស ៧នាក់ជាទិន្នន័យសរុបដែលគេរាយការណ៍ថាត្រូវបានស្លាប់។

អាមេរិកបានផ្អាកការជម្លៀសខ្លួនចេញពីទីក្រុងកាប៊ុល ប៉ុន្តែពេលនេះបានបន្តឡើងវិញ។

រូបភាពគួរឱ្យកត់សម្គាល់មួយកាលពីថ្ងៃអាទិត្យបានបង្ហាញឱ្យឃើញថា ជនជាតិអាហ្វហ្គានីស្ថានចំនួន ៦៤០នាក់ ដែលត្រូវបានដឹកដោយយន្តហោះយោធារបស់សហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញពីទីក្រុងកាប៊ុលទៅកាន់ប្រទេសកាតា។

រូបភាពមួយសន្លឹក ដែលភ្នាក់ងារព័ត៌មានមិនហ៊ានបញ្ជាក់ថាពិត ឬយ៉ាងណានោះ ត្រូវបានផុសគេហទំព័រវិភាគរបស់ក្រសួងការពារជាតិអាមេរិក (Defense One)។

គេហទំព័រនេះបានដកស្រង់សម្តីមន្រ្តីអាមេរិកដែលមានខ្លឹមសារថា ជនស៊ីវិលដែលភ័យស្លន់ស្លោរបានរអិលធ្លាក់ចេញពីចំណោតផ្ទុកទំនិញ ប៉ុន្តែក្រុមនាវិកបានសម្រេចចិត្តថា វាជាការល្អបំផុតដែលបន្តការហោះហើរ​ ជាជាងចុះទៅយកជនជាតិដែលធ្លាក់នោះទៅជាមួយ។

នៅក្នុងហេតុការណ៍មួយដោយឡែកទៀត ក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រកាសថា នឹងមានការលើកលែងទោសជាទូទៅសម្រាប់មន្រ្តីរដ្ឋាភិបាលចំណាស់ ហើយបានជំរុញឱ្យពួកគេត្រលប់ទៅធ្វើការវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមានបញ្ជាក់ខ្លឹមសារថា មន្រ្តីគួរតែបន្តភារកិច្ចរបស់ពួកគេដោយគ្មានការភ័យខ្លាច ។

ការសម្រេចចិត្តដ៏ត្រឹមត្រូវ
លោកបៃដិនបានវិលត្រឡប់ទៅសេតវិមានវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីលោកបានចាកចេញពីការិយាល័យប្រធានាធិបតីឃេម​ ដេវីដ (Camp David) ដើម្បីថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូង អំពីស្ថានភាពនៅប្រទេសអាហ្វហ្គានីស្ថាន ដែលបានកើតឡើងក្នុងរយៈពេលជិតមួយ សប្តាហ៍មកនេះ។

លោកប៊ីដិនមានប្រសាសន៍ថា បើពុំមានហេតុការណ៍អ្វីប្រែប្រួលខ្លាំងបន្ថែមទៀតនោះទេ ការសម្រេចបញ្ចប់វត្តមានយោធាអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាននៅសប្តាហ៍មុននោះ គឺជាការសម្រេចចិត្តត្រឹមត្រូវ។ លោកបន្ថែមថា កងទ័ពអាមេរិកមិនអាច និងមិនគួរបន្តប្រយុទ្ធគ្នានៅក្នុងសង្រ្គាម ហើយត្រូវបាត់បង់ជីវិតនៅក្នុងសង្រ្គាម ខណៈដែលកងកម្លាំងអាហ្វហ្កានីស្ថានពុំមានឆន្ទៈក្នុងការប្រយុទ្ធដើម្បីខ្លួនឯង។

លោកបៃដិនកំពុងប្រឈមមុខនឹងប្រតិកម្មនយោបាយយ៉ាងខ្លាំង ចំពោះភាពច្របូកច្របល់នៅក្នុងទីក្រុងកាប៊ុល លើការសម្រេចចិត្តកាលពីខែមេសារបស់លោកក្នុងការបញ្ជាឱ្យកងទ័ពអាមេរិកទាំងអស់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី១១ ខែកញ្ញា ដែលជាខួប ២០ឆ្នាំនៃហេតុការណ៍វាយប្រហារភេរវកម្ម បណ្តាលនាំឲ្យកម្លាំងទ័ពអាមេរិកចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន។

លោកមីជម៉ាកខាណល(Mitch McConnell) មេដឹកនាំជនជាតិភាគតិចនៃព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានសរសេរលើបណ្តាញសង្គមទ្វីតធ័រមានខ្លឹមសារថា៖ “ហេតុការណ៍ដែលយើងកំពុងតែមើលឃើញនៅក្នុងប្រទេសអាហ្វហ្គានីស្ថានគឺជាគ្រោះមហន្តរាយដែលនឹកស្មានមិនដល់។ ការប្រកាសដកទ័ពរបស់រដ្ឋបាលលោកបៃដិននឹងបន្សល់ទុកនូវកេរ្តិ៍អសោចដល់សហរដ្ឋអាមេរិក” ។

អតីតប្រធានាធិបតីអាមេរិកលោកចចដាប់ប៊លយូរប៊ូស្ហ(George W Bush) ដែលធ្លាប់បានអនុញ្ញាតឱ្យមានអន្តរាគមន៍យោធាក្នុងឆ្នាំ២០០១ មានប្រសាសន៍ថា លោកបានមើលព្រឹត្តិការណ៍សោកនាដកម្ម ដែលកំពុងកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយភាពក្រៀមក្រំយ៉ាងខ្លាំង។

លោកប៊ូសបានសង្កត់ធ្ងន់ថា៖ “ជនជាតិអាហ្វហ្កានីស្ថានក្នុងគ្រាបច្ចុប្បន្នស្ថិតក្នុងហានិភ័យខ្ពស់បំផុតគឺអ្នកដែលត្រូវប្រឈមមុនគេលើសោកនាដកម្មក្នុងប្រទេសរបស់ខ្លួន”។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកមានសិទ្ធិស្របច្បាប់ដើម្បីផ្តាច់បន្ទាត់ក្រហមសម្រាប់ជនភៀសខ្លួនក្នុងពេលមានវិបត្តិមនុស្សធម៌បន្ទាន់។

នៅក្នុងសុន្ទរកថាមួយ លោកបៃដិនមានប្រសាសន៍ថា បេសកកម្មរបស់អាមេរិកនៅក្នុងប្រទេសអាហ្វហ្កានីស្ថានមិនដែលត្រូវបានគេចាត់ទុកថា ជាការជួយកសាងប្រទេសឡើងវិញនោះទេ។

លោកមានប្រសាសន៍ថា នៅពេលដែលលោកបម្រើការជាអនុប្រធានាធិបតី លោកធ្លាប់បានធ្វើការប្រឆាំងនឹងការដាក់ពង្រាយកងទ័ពរាប់ពាន់នាក់បន្ថែមទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននៅឆ្នាំ២០០៩ ដែលសម្រេចដោយអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា។

លោកបៃដិនបញ្ជាក់ឲ្យដឹងបន្ថែមផងដែរថា លោកធ្លាប់ទទួលបានកិច្ចព្រមព្រៀងក្នុងកិច្ចចរចាជាមួយក្រុមសកម្មប្រយុទ្ធតាលីបង់ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីលោកដូណាល់ត្រាំ ក្នុងការកំណត់ដកទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្កានីស្ថាននៅត្រឹមខែឧសភាឆ្នាំនេះ។

លោកមានប្រសាសន៍បន្ថែមថា ឥឡូវនេះលោកគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤ ដែលបានដើរតួជាអធិបតីលើសង្គ្រាមដ៏វែងបំផុតរបស់អាមេរិក ហើយនឹងមិនបន្តកិច្ចការនេះដល់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៥ឡើយ។ លោកមានប្រសាសន៍ថា៖

“ខ្ញុំនឹងមិនកុហកប្រជាជនអាមេរិក ដោយអះអាងថា គ្រាន់តែចំណាយពេលបន្តិចទៀតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ នឹងធ្វើឲ្យមានស្ថានភាពខុសគ្នាពីពេលមុនៗឡើយ»។

លោកបៃដិនបានធ្វើយុទ្ធនាការជាអ្នកជំនាញម្នាក់ ដែលមានបទពិសោធន៍ក្នុងគោលនយោបាយការបរទេស ហើយបានប្រកាសបន្ទាប់ពីចូលកាន់តំណែងនៅឆ្នាំនេះថា“អាមេរិកត្រលប់មកវិញហើយ” ។

កាលពីខែមុន លោកបានបញ្ជាក់ចំពោះអ្នកយកព័ត៌មានថា វាពិតជាមិនអាចទៅរួចទាល់តែសោះដែលក្រុមសកម្មប្រយុទ្ធតាលីបង់នឹងអាចវាយលុកយកបប្រទេសអាហ្វហ្គានីស្ថានបានទាំងមូល។

ប៉ុន្តែលោកបានសារភាពនៅថ្ងៃចន្ទនេះថា “រឿងនេះបានកើតឡើងលឿនជាងអ្វីដែលពួកយើងបានរំពឹងទុក” ។

នៅថ្ងៃអង្គារការវាយតម្លៃរបស់លោកបៃដិន ត្រូវបានបន្ទរបន្ថែមដោយប្រធានសម្ព័ន្ធមិត្តណាតូ ដែលមានតួនាទីនាំមុខក្នុងប្រតិបត្តិការប្រយុទ្ធ និងបណ្តុះបណ្តាលកម្លាំងសន្តិសុខរដ្ឋាភិបាល ក្នុងប្រទេសអាហ្វហ្គានីស្ថាន។

អគ្គលេខាធិការអង្គការអង្គការណាតូលោកជេនស្តូឡិនប៊ើក(Jens Stoltenberg)មានប្រសាសន៍ថា កងកម្លាំងណាតូមិនដែលមានបំណងស្នាក់នៅក្នុងអាហ្វហ្គានីស្ថានជារៀងរហូតនោះឡើយ ហើយល្បឿនដែលក្រុមសកម្មប្រយុទ្ធតាលីបង់ដណ្តើមបានការគ្រប់គ្រងនោះពិតជាបានធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើល។ លោកស្តូឡិនប៊ើកបានចាត់ទុកករណីដណ្តើមការកាន់កាប់យ៉ាងឆាប់រហ័សនេះថា “ជាការបរាជ័យនៃភាពជាអ្នកដឹកនាំរបស់អ្នកនយោបាយអាហ្វហ្គានីស្ថាន” ហើយអង្គការណាតូក៏ត្រូវរៀនសូត្រពីវិបត្តិនេះផងដែរ។

ការស្ទង់មតិនៅសហរដ្ឋអាមេរិកបានបង្ហាញថា ជនជាតិអាមេរិកភាគច្រើនគាំទ្រឲ្យកម្លាំងអាមេរិកដកទ័ពចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។

ប៉ុន្តែលោកបៃដិនកំពុងតែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងចំពោះការសម្រេចចិត្តឲ្យដកទ័ព ចេញ។ បន្ទាប់ពីលោកបានដកទ័ពអាមេរិកចេញរួច លោកក៏បានបញ្ជូនយោធារាប់ពាន់នាក់ទៅវិញ ដើម្បីជួយសម្រួលដល់ការជម្លៀសប្រជាជន។

រូបភាពជាច្រើនត្រូវបានចុះផ្សាយនៅថ្ងៃអាទិត្យបង្ហាញពីសកម្មភាពឧទ្ធម្ភាគចក្ររបស់អាមេរិកហោះហើរជុំវិញស្ថានទូតអាមេរិក ដែលតាំងនៅក្នុងរដ្ឋធានីកាប៊ុល។

យ៉ាងណាមិញ រូបភាពទាំងអស់នោះបានរំលឹកដល់ការចាកចេញយ៉ាងអាម៉ាស់របស់កម្លាំងទ័ពអាមេរិក ពីទីក្រុងសៃហ្គននៃប្រទេសវៀតណាមក្នុងឆ្នាំ១៩៧៥ នៅពេលដែលលោកបៃដិនកំពុងបម្រើការជាសមាជិកព្រឹទ្ធសភា។

ប្រែសម្រួលដោយ៖ប៉ោក លក្ខិណា
ប្រភពព័ត៌មានBBC ចុះនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here