ប្រភពមួយបានប្រាប់ឱ្យដឹងថាការបំផ្ទុះគ្រាប់បែកនៅតាមដងផ្លូវកាលពីថ្ងៃព្រហស្បតិ៍នេះសំដៅលើរថយន្តមួយគ្រឿងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (PYD) ស្ថិតនៅក្នុងតំបន់ឃឺដ ស៊ីរី ឬតំបន់ស្វយ័តរូចាវ៉ាបណ្តាលឱ្យមន្ត្រីរបស់គណបក្សបីនាក់រងរបួស។
ប្រភពបានប្រាប់សារព័ត៌មាន BasNews ថាឧបទ្ទវហេតុនេះបានកើតឡើងនៅលើផ្លូវធំមួយរវាងទីក្រុងកាមេសលី (Qamishli) និងទីក្រុងអាមុដា (Amuda) ជាកន្លែងដែលគ្រាប់បែកនៅតាមដងផ្លូវមួយបានផ្ទុះឡើងខណៈរថយន្តមួយគ្រឿងរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដ (PKK) កំពុងធ្វើដំណើរឆ្លងកាត់។
ប្រភពដដែលបានប្រាប់បន្ថែមទៀតថាក្នុងចំណោមមនុស្ស៣នាក់ដែលរងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះមានម្នាក់ជាសមាជិកជាន់ខ្ពស់នៃគណបក្សពលករឃឺដ មានតួនាទីជាប្រធានការិយាល័យទំនៀមទំលាប់នៅក្នុងតំបន់។
អ្នកទាំងបីត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងកាមេសលី ខណៈដែលពួកគេស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរដោយមិនមានភាគីណាមួយអះអាងទទួលខុសត្រូវចំពោះហេតុការណ៍នេះទេ ប៉ុន្តែគេជឿជាក់ថាការវាយប្រហារនេះអាចធ្វើឡើងតាមរយៈយន្តហោះគ្មានមនុស្សបើក មិនមែនជាគ្រាប់បែកដាក់លើដងផ្លូវនោះទេ។
គួររំលឹកថាកាលពីថ្ងៃច័ន្ទសប្តាហ៍នេះយន្តហោះចម្បាំងតួកគីបានវាយប្រហារលើរថយន្តមួយរបស់គណបក្សពលករឃឺដស្ថិតនៅក្នុងតំបន់ស៊ីនចា (Sinjar) បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ដោយក្នុងនោះមានមេបញ្ជាការម្នាក់នៃក្រុមដែលមានទំនាក់ទំនងជាមួយគណបក្សពលករឃឺដនៅស៊ីនចាត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់តួកគីនេះ។
តួកគីចាត់ទុកគណបក្សពលករឃឺដជាអង្គការភេរវកម្ម ហើយភាគីទាំងពីរស្ថិតនៅក្នុងការប្រឈមមុខដាក់គ្នាផ្នែកយោធាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១