ប្រទេសស៊ីរី៖ក្រុមភេរវករដែលនៅសេសសល់ក្នុងតំបន់ដារ៉ាអាល់បាឡាដ (Daraa al-Balad) បានធ្វើការបាញ់ផ្លោងទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុងដារ៉ា បណ្តាលឱ្យខូចខាតផ្ទះសម្បែងមួយចំនួន។
មេបញ្ជាការប៉ូលិសនៃគណៈអភិបាលខេត្តដារ៉ាលោកឧត្តមសេនីយ៍ត្រីឌីរ៉ារអាល់ដាឡង់ (Dirar al-Dandal) បានប្រាប់ភ្នាក់ងារសារព័ត៌មានថា ក្រុមភេរវករបានវាយប្រហារ កំណត់គោលដៅនៅថ្ងៃចន្ទ ដោយបានបាញ់គ្រាប់ប្រមាណជា ១៤គ្រាប់ផ្លោងទៅលើសង្កាត់អាល់កាស្ហេហ្វ(al-Kashef) តំបន់ឧស្សាហកម្ម អង្គភាពពន្លត់អគ្គីភ័យ និងតំបន់ហ្ការាហ្ស (Gharaz) បណ្តាលឲ្យខូចខាតផ្ទះសម្បែងមួយចំនួន និងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ។
លោកមេបញ្ជាការប៉ូលិសបន្ថែមឲ្យដឹងថា ក្រុមភេរវករបានបើកការវាយប្រហារប្រឆាំងនឹងប៉ុស្តិ៍ត្រួតពិនិត្យសម្រាប់កងទ័ពអារ៉ាប់ស៊ីរី ដោយបានប្រើកាំភ្លើងយន្តនៅក្បែរឧទ្យានហាមី ដាអាល់តាហៀរ (Hamida al-Tahir) និងតំបន់អាល់ម៉េនស្ហេយ៉ា (al-Mansheya) នៅជាយក្រុងដារ៉ាអាល់បាឡាដ។ យ៉ាងណាមិញ ការបាញ់ប្រហារនោះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេ ដោយលោកបានបញ្ជាក់បន្ថែមថា អង្គភាពកងទ័ពប្រតិបត្តិការបានធ្វើការឆ្លើយតបទៅនឹងប្រភពនៃការវាយប្រហារនោះ។
គួរបញ្ជាក់ផងដែរថា ក្រុមភេរវករដែលនៅសេសសល់តាមតំបន់មួយចំនួនក្នុងទីក្រុង ដារ៉ានៅតែបន្តទាមទារឲ្យមានដំណោះស្រាយពីរដ្ឋដើម្បីបង្កើតសន្តិសុខ និងស្ថិរភាព នៅទូទាំងខេត្តដូចហេតុការណ៍នៅថ្ងៃចន្ទ ដោយពួកគេបានវាយប្រហារលើអគារលំនៅដ្ឋាន និងវាយប្រហារកំណត់គោលដៅនៅសង្កាត់ម៉ាសាឡូន(Maysaloon) នៅលើផ្លូវដារ៉ា-តាហ្វាស (Tafas ) ដោយប្រើគ្រាប់រ៉ុកកែតមួយចំនួន បណ្តាលឱ្យខូចខាតដល់អគារគោលដៅ និងទីតាំងដែលស្ថិតនៅជុំវិញនោះ៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន sana ចុះផ្សាយថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១