អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡាហារីស(Kammala Harris)ធ្វើការរិះគន់លើការគំរាមកំហែងរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង

0

អនុប្រធានាធិបតីអាមេរិក លោកស្រីកាម៉ាឡាហារីស(Kammala Harris)មានប្រសាសន៍រិះគន់លើប្រទេសចិនអំឡុងពេលធ្វើសុន្ទរកថាមួយនៅប្រទេសសិង្ហបុរីក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាស៊ីអាគ្នេយ៍។

លោកស្រីហារីសបានចោទប្រកាន់ទីក្រុងប៉េកាំងពីការបង្ខិតបង្ខំ និងគំរាមកំហែងនៅសមុទ្រចិនខាងត្បូង ដែលជាចំណុចក្តៅក្នុងតំបន់អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកស្រីមានប្រសាសន៍ថា ​ សហរដ្ឋអាមេរិកនឹងឈរជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅពេលប្រឈមមុខនឹងការគំរាមកំហែង។

ដំណើរទស្សនៈកិច្ចរបស់លោកស្រីហារីស(Harris) បានបង្ហាញពីគោលបំណង ដែលជាការបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតំបន់មួយនោះ។

សុន្ទរកថារបស់លោកស្រី ក៏បានប៉ះទៅលើបញ្ហាមួយចំនួនផ្សេងទៀតផងដែរ ដូចជាបញ្ហាការដកកងទ័ពអាមេរិកចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយលោកស្រីបានអះអាងថា ការសម្រេចចិត្តនោះមានភាពក្លាហាន និងត្រឹមត្រូវ។

នៅក្នុងករណីរិះគន់លើប្រទេសចិន លោកស្រីហារីស(Harris)បានរិះគន់លើការទាមទារដ៏ធំធេងរបស់ចិ​ននៅសមុទ្រចិនខាងត្បូង ដែលលោកស្រីមានប្រសាសន៍ វាជាការបង្ខិតបង្ខំ និងគំរាមកំហែង។

លោកស្រីបានបន្ថែមថា៖“ ការទាមទារខុសច្បាប់ទាំងនេះត្រូវបានច្រានចោល ដោយសេចក្តីសម្រេចរបស់សាលាក្តីអាជ្ញាកណ្តាលឆ្នាំ២០១៦ ហើយសកម្មភាពរបស់ទីក្រុងប៉េកាំងនៅតែបន្តធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ដោយប្រើច្បាប់ថ្មី និងគំរាមកំហែងដល់អធិបតេយ្យភាពរបស់ប្រជាជាតិនានា” ។

លោកស្រីហារីសបានលើកឡើងសំដៅដល់ជ័យជំនះផ្នែកច្បាប់ ដែលប្រទេសហ្វីលីពីនធ្លាប់បានឈ្នះលើប្រទេសចិនទាក់ទងនឹងការលុកលុយទឹកដីនៅសមុទ្រចិនខាងត្បូង។ ចាប់តាំងពីឆ្នាំ២០១២មក បើទោះបីជាមានសាលក្រមរបស់សាលាក្តីក៏ដោយ ក៏នៅតែមានវត្តមានឆ្មាំ សមុទ្រជនជាតិចិនជាប់ជានិច្ចនៅទីនោះ ដោយមានអ្នកនេសាទហ្វីលីពីនរាយការណ៍ពីការយាយីដោយអាជ្ញាធរចិន។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានធ្វើការអះអាងកាន់តែខ្លាំងឡើងលើអ្វីដែលខ្លួនធ្លាប់និយាយថា ជាសិទ្ធិកាន់កាប់ដែលមានអាយុកាលរាប់សតវត្សលើតំបន់ជម្លោះនោះ ហើយថែមទាំងបាននិងកំពុងបង្កើនវត្តមានយោធារបស់ខ្លួនយ៉ាងឆាប់រហ័សដើម្បីគាំទ្រការទាមទារទាំងនោះ។

ប្រទេសមួយចំនួនផ្សេងទៀតរួមទាំងប្រទេសជប៉ុនបានទាមទារកម្មសិទ្ធិលើកោះតូចៗ និងថ្មប៉ប្រះទឹកជាច្រើន ដែលមានភាពលេចធ្លោក្នុងសមុទ្រ ជាមួយនឹងសិទ្ធិចូលប្រើប្រាប់ធនធានទាំងនោះ។

ថ្វីបើសមុទ្រចិនខាងត្បូងគឺជាបញ្ហាក្នុងតំបន់ដ៏ធំក៏ដោយ ក៏ដំណើរទស្សនៈកិច្ចរបស់លោកស្រីហារីស(Harris) ត្រូវបានកំណត់ចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី៣១ ខែសីហា។

លោកស្រីមិនបានបកស្រាយលម្អិតពីបញ្ហា ដែលត្រូវបានសហគមន៍ពិភពលោករិះគន់នោះទេ ដោយលោកស្រីគ្រាន់តែបានលើកឡើងថា សហរដ្ឋអាមេរិកបានសម្រេចនូវអ្វីៗ ដែលខ្លួនបានទៅទីនោះដើម្បីធ្វើវារួចហើយ ដោយលោកស្រីក៏បានបន្ថែមថា ឥឡូវនេះសហរដ្ឋអាមេរិកបានផ្តោតចម្បងតែលើការជម្លៀសជនជាតិអាហ្វហ្កានីស្ថានដែលធ្លាប់បានធ្វើការជាមួយកងទ័ពអាមេរិកប៉ុណ្ណោះ។

សូមរំលឹកផងដែរថា ការចូលកាន់កាប់ក្នុងប្រទេសអាហ្វហ្កានីស្ថានយ៉ាងឆាប់រហ័សរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ត្រឹមតែ១០ថ្ងៃ បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រែសម្រួលដោយ៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here