ប្រទេសអាហ្វហ្គានីស្ថាន៖ធនាគារពិភពលោកបានបញ្ឈប់ផ្តល់ជំនួយមូលនិធិសម្រាប់គម្រោងជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពីក្រុមសកម្មប្រយុទ្ធជនតាលីបង់ដណ្តើមបានការគ្រប់គ្រងប្រទេសនេះមក។
គេបានលើកឡើងពីការព្រួយបារម្ភលើរបៀបនៃការកាន់កាប់របស់ក្រុមសកម្មប្រយុទ្ធជនតាលីបង់ ដែលនឹងជះឥទ្ធិពលដល់ចក្ខុវិស័យក្នុងអភិវឌ្ឍន៍របស់ប្រទេសជាពិសេសចំពោះស្ត្រីភេទ។
ការផ្តាច់ជំនួយបានកើតឡើងនៅរយៈពេលតែប៉ុន្មានថ្ងៃក្រោយពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យួរការទូទាត់ទៅលើប្រទេសអាហ្វហ្គានីស្ថាន។
រដ្ឋបាលលោកប៊ីដិនក៏បានបង្កកទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានកាន់កាប់នៅសហរដ្ឋអាមេរិកផងដែរ។
អ្នកនាំពាក្យធនាគារពិភពលោកបានប្រាប់ភ្នាក់ងារសារព័ត៌មានថា៖ “យើងបានផ្អាករាល់ការទូរទាត់ប្រាក់ក្នុងប្រតិបត្តិការរបស់យើងនៅប្រទេសអាហ្វហ្គានីស្ថាន ហើយយើងកំពុងធ្វើការតាមដាន និងវាយតម្លៃយ៉ាងម៉ត់ចត់លើស្ថានភាពស្របតាមគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងរបស់យើងផងដែរ។ យើងនឹងបន្តពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិនិងដៃគូវិនិយោគក្នុងការអភិវឌ្ឍ។ រួមគ្នាជាមួយដៃគូរបស់យើង យើងកំពុងរិះរកវិធីសាស្ត្រទាំងឡាយណា ដែលអាចឲ្យយើងបន្តចូលរួមក្នុងការរក្សាឲ្យបាននូវផលប្រយោជន៍នៃការអភិ
វឌ្ឈរឹងមាំប្រកបដោយជោគជ័យ និងអាចបន្តការគាំទ្រទៅកាន់ប្រជាជនអាហ្វហ្គានីស្ថាន” ។
ចាប់តាំងពីឆ្នាំ ២០០២ មក ស្ថាប័នហិរញ្ញវត្ថុដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាន
ប្តេជ្ញាផ្ដល់ជំនួយច្រើនជាង ៥,៣ពាន់លានដុល្លារ (៣,៩ពាន់លានផោន) ដល់គម្រោងសាងសង់ឡើងវិញ និងគម្រោងអភិវឌ្ឍជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
នៅថ្ងៃសុក្រសប្តាហ៍មុននេះ មន្ត្រីធនាគារពិភពលោកបានប្រាប់បុគ្គលិកថា បុគ្គលិករបស់ពួកគេដែលមានមូលដ្ឋាននៅទីក្រុងកាប៊ុល និងក្រុមគ្រួសាររបស់បុគ្គលិកទាំងនោះ ត្រូវបានជម្លៀសដោយសុវត្ថិភាពចេញពីប្រទេសអាហ្វហ្គានីស្ថានទៅកាន់ប្រទេសប៉ាគីស្ថាន។
ការសម្រេចចិត្តដោយធនាគារពិភពលោកក្នុងការបញ្ឈប់ការផ្តល់ជំនួយដល់ប្រទេសអាហ្វហ្កានីស្ថាន គឺជាការវាយប្រហារផ្នែកហិរញ្ញវត្ថុចុងក្រោយបង្អស់ចំពោះរដ្ឋាភិបាលថ្មីរបស់ប្រទេសអាហ្វហ្កានីស្ថាន។
នៅសប្តាហ៍មុន អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានប្រកាសថា ប្រទេសអាហ្វហ្កានីស្ថាននឹងមិនអាចចូលប្រើធនធានរបស់អ្នកផ្តល់ប្រាក់កម្ចីពិភពលោកបានទៀតឡើយ។
អ្នកនាំពាក្យរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានប្រាប់ឲ្យដឹងផងដែរថា ហេតុការណ៍នេះកើតឡើងដោយសារតែខ្វះភាពច្បាស់លាស់នៅក្នុងសហគមន៍អន្តរជាតិជុំវិញការទទួលស្គាល់រដ្ឋាភិបាលនៅអាហ្វហ្គានីស្ថាន។
ទុនបម្រុងរូបិយវត្ថុថ្មីប្រមាណជា ៤៤០លានដុល្លារត្រូវបានកំណត់ដាក់ឱ្យដកប្រើបានសម្រាប់ប្រទេសអាហ្វហ្កានីស្ថានចាប់ពីថ្ងៃទី២៣ ខែសីហាតទៅ។
នៅរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធជនតាលីបង់បានកាន់កាប់ទីក្រុងកាប៊ុល
មន្ត្រីសេតវិមានបាននិយាយថា ទ្រព្យសម្បត្តិទាំងឡាយណា ដែលធនាគារកណ្តាលនៃប្រទេសអាហ្វហ្គានីស្ថានមាននៅក្នុងសហរដ្ឋអាមេរិកនឹងមិនត្រូវបានផ្តល់ឱ្យក្រុមសកម្មប្រយុទ្ធជនតាលីបង់នោះទេ។
គួរបញ្ជាក់ផងដែរថា ធនាគារកណ្ដាលនៃប្រទេសអាហ្វហ្កានីស្ថានមានទុនបម្រុងប្រហែល
៩ពាន់លានដុល្លារ ដែលភាគច្រើនត្រូវបានដាក់តម្កល់នៅសហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ÷ប៉ោក លក្ខិណា
ប្រភពព័ត៌មានBBC ចុះផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១