ការបំផ្ទុះដ៏ធំមួយបានកើតឡើងនៅជំរុំជនភៀសខ្លួននៅទីក្រុងឌូហុក (Duhok) កាលពីយប់ថ្ងៃចន្ទនេះបានសម្លាប់មនុស្សពីរនាក់ និងបណ្តាលឱ្យមនុស្សបីនាក់ផ្សេងទៀតរងរបួស។
ប្រភពក្នុងតំបន់បាននិយាយថាមូលហេតុនៃការផ្ទុះនេះនៅមិនទាន់ដឹងច្បាស់នៅឡើយ ខណៈការស៊ើបអង្កេតកំពុងដំណើរការ។
ពាក្យចចាមអារាមបាននិយាយថា បានឮសម្លេងយន្តហោះចម្បាំងហោះពីលើតំបន់កើតហេតុមុនពេលផ្ទុះ។ ទោះយ៉ាងណាប្រភពផ្លូវការបានច្រានចោលការអះអាងនេះ ហើយបាននិយាយថារបាយការណ៍បឋមមិនបានបង្ហាញពីការវាយប្រហារតាមអាកាសនោះទេ។
សារព័ត៌មាន BasNews បានប្រាឱ្យដឹងថាកុមារជាច្រើននាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួសក្នុងហេតុការណ៍បំផ្ទុះដែលស្ថិតនៅក្នុងជំរុំកាដា (Qadia) ជិតស្រុកសាកហូ (Zakho) ទីក្រុងឌូហុក ដែលភាគច្រើនសំបូរទៅដោយជនជាតិភាគតិចយេហ្ស៊ីឌី (Yezidi) ដែលបានផ្លាស់ទីចេញពីលំនៅដ្ឋានរបស់ពួកគេនៅទីក្រុង Sinjar ចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលតំបន់នេះត្រូវបានគ្រប់គ្រងដោយក្រុមរដ្ឋអ៊ីស្លាម។
ប្រភពវេជ្ជសាស្ត្របាននិយាយថាយ៉ាងហោចណាស់អ្នករបួសម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយក៏បានកត់សម្គាល់ផងដែរថាជនភៀសខ្លួនដែលរងរបួសភាគច្រើនបានរងរបួសក្បាលហើយមិនមានសញ្ញានៃការរលាកស្បែកឡើយ។
គួររំលឹកថាជាច្រើនឆ្នាំបន្ទាប់ពីការបរាជ័យក្នុងទឹកដីរបស់ក្រុមរដ្ឋអ៊ីស្លាម តំបន់ឃឺដនៅតែមានជនភៀសខ្លួនដែលចំនួននេះមានរហូតដល់ទៅ៩២៥,៥៣២នាក់ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយដែលផ្តល់ដោយមជ្ឈមណ្ឌលសម្របសម្រួលវិបត្តិរួមរបស់ខេត្ត។
របាយការណ៍ថ្មីៗនេះបាននិយាយថា ៣០% នៃជនភៀសខ្លួនដែលរស់នៅក្នុងជំរុំចំនួន៣៦កន្លែង នៅក្នុងតំបន់ទាំងនោះភាគច្រើនស្ថិតនៅក្នុងខេត្តឌុកហុក (Duhok)។
ជំរុំកាដាគឺជាផ្ទះរបស់ប្រជាជនចំនួន ២,៣៩០គ្រួសារដែលមានប្រជាជនសរុបជិត ១២,៥០០ នាក់គិតត្រឹមខែសីហាឆ្នាំ ២០២១។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១