ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះបានវាយប្រហារលើភូមិសាលី (Shahli) ភាគខាងជើងខេត្តគៀរគុក (Kirkuk) ហើយពួកគេបានធ្វើការចាប់ពង្រត់ជនស៊ីវិលម្នាក់បន្ទាប់ពីធ្វើឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ប្រភពក្នុងស្រុកបានប្រាប់សារព័ត៌មាន BasNews ថាអង្គភាពមួយរបស់កងទ័ពអ៊ីរ៉ាក់ដែលមានវត្តមាននៅក្នុងតំបន់នោះ បានធ្វើការឆ្លើយតបទៅនឹងការវាយប្រហារដែលមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងនេះ។
យ៉ាងហោចមានទាហានម្នាក់ស្លាប់ និងអ្នកស្រុក៦នាក់ផ្សេងទៀតក្នុងភូមិរងរបួស ខណៈពួកគេបានជួយដល់កងកម្លាំងប្រដាប់អាវុធទប់ទល់ទៅនឹងការវាយប្រហារនេះ។ ប្រជាជនភាគច្រើននៅក្នុងតំបន់ទាំងនេះមានអាវុធនៅក្នុងដៃ ដោយសារតែមានការគំរាមកំហែងឥតឈប់ឈរនៅក្នុងភូមិរបស់ពួកគេ។
សារព័ត៌មាន Kurdistan 24 បានប្រាប់ឱ្យដឹងថាប្រជាជនមកពីភូមិក្បែរនោះបានប្រញាប់ប្រញាល់មកជួយការពារភូមិសាលី ប៉ុន្តែពួកគេត្រូវបានក្រុមភេរវករស្ទាក់វាយប្រហារដោយបានបំផ្ទុះគ្រឿងផ្ទុះកែច្នៃដើម្បីបញ្ឈប់អ្នកភូមិដែលមកជួយ។
គួរបញ្ជាក់ថាភូមិសាលីស្ថិតនៅក្នុងតំបន់ឃឺដដែលជាតំបន់មានជម្លោះរវាងរដ្ឋាភិបាលតំបន់ឃឺដ និងរដ្ឋាភិបាលសហព័ន្ធអ៊ីរ៉ាក់។ តំបន់នេះបន្តទទួលរងនូវការគំរាមកំហែងសន្តិសុខឥតឈប់ឈរ បង្កឡើងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់។
ខេត្តឌីយ៉ាឡា (Diyala) ខេត្តគៀរគុក (Kirkuk) ខេត្តសាឡាហាដាឌីន (Salahaddin) ខេត្តនីនីវេ (Nineveh) និងខេត្តអាន់បា (Anbar) គឺជាខេត្តដែលស្ថិតក្នុងចំណោមខេត្តដែលប្រឈមមុខនឹងការវាយប្រហារភេរវកម្មរបស់រដ្ឋអ៊ីស្លាមដែលសំដៅទៅលើកងកម្លាំងសន្តិសុខ និងជនស៊ីវិល។
គួររំលឹកថារដ្ឋាភិបាលអ៊ីរ៉ាក់បានប្រកាសជ័យជម្នះពេញលេញលើក្រុមរដ្ឋអ៊ីស្លាមកាលពីខែធ្នូ ឆ្នាំ ២០១៧ នៅពេលដែលរដ្ឋាភិបាលបានរំដោះទឹកដីចុងក្រោយរបស់ខ្លួនចេញពីក្រុមរដ្ឋអ៊ីស្លាម។ ចាប់តាំងពីពេលនោះមកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលនៅសេសសល់នៅតែបន្តធ្វើសង្គ្រាមបះបោរនៅក្នុងតំបន់ឃឺដដែលមានជម្លោះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១