ប្រទេសអ៊ីរ៉ាក់៖មន្ត្រីប៉ូលិសខេត្តម្នាក់បានប្រាប់ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោច ណាស់បុគ្គលិកសន្តិសុខ ១៣នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតរងរបួសនៅក្នុង ហេតុការណ៍វាយប្រហារពេញមួយយប់ ដោយក្រុមរដ្ឋអ៊ីស្លាម IS ក្នុងខេត្តគៀរគុក (Kirkuk)។
លោកវរសេនីយ៍ទោ អាបាស អាល់ថេ(Abbas al-Taie) បានប្រាប់ឲ្យដឹងថា ការវាយប្រហារកើតឡើង នៅយប់ថ្ងៃសៅរ៍នៅពេលដែលសមាជិកក្រុមឧទ្ទាមធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសសហព័ន្ធមួយនៅក្នុងភូមិក្បែរទីក្រុងអាល់រ៉ាស្ហាដ(al-Rashad) ភាគខាងត្បូងនៃរដ្ឋធានីគៀរគុក (Kirkuk) ដែលមានចម្ងាយប្រមាណជា ២៥០គីឡូម៉ែត្រភាគខាងជើងទីក្រុងបាកដាដ។
លោក អាល់ថេ បានបញ្ជាក់ឲ្យដឹងថា មន្ត្រីប៉ូលិស ១៣នាក់ត្រូវបានសម្លាប់ និង៦នាក់ ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ វាយប្រហារនៅក្នុងទីប្រជុំជន និងពីហេតុការណ៍ផ្ទុះគ្រាប់បែកនៅតាមដងផ្លូវដែលភ្ជាប់ទៅដល់ភូមិ។ ក្រោយមក ក្រុមអ្នកវាយប្រហារបានដកខ្លួនចេញពីកន្លែងកើតហេតុ បន្ទាប់ពីកម្លាំងសន្តិសុខកាន់តែច្រើនបានទៅដល់តំបន់កើតហេតុនោះ។
សូមបញ្ជាក់ផងដែរថា នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រុមសកម្មប្រយុទ្ធ IS បានបង្កើនការវាយប្រហារទៅលើកងកម្លាំងសន្តិសុខអ៊ីរ៉ាក់នៅក្នុងខេត្ត ដែលក្រុមឧទ្ទាមធ្លាប់បានគ្រប់គ្រងពីមុនមក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាច្រើននាក់។
គួររំលឹកផងដែរថា ស្ថានភាពសន្តិសុខនៅប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើង ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានកម្ចាត់សមាជិកក្រុមឧទ្ទាម IS នៅឆ្នាំ ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកក្រុមឧទ្ទាម IS ដែលនៅសេសសល់ក្នុងទីប្រជុំជនឬតំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាបផ្សេងទៀតបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំងសន្តិសុខ និងជនស៊ីវិល៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១