យន្តហោះបានជាប់គាំងនៅអាកាសយានដ្ឋាន Mazar-i-Sharif រង់ចាំការចេញដំណើរ

0

សមាជិកសភាជនជាតិអាមេរិកម្នាក់បានចោទប្រកាន់ក្រុមសកម្មប្រយុទ្ធជនតាលីបង់ថាបានបង្អាក់ជនជាតិអាហ្វហ្កានីស្ថាននិងជនជាតិអាមេរិកមិនឱ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថានតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Mazar-i-Sharif ។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោកមៃឆែល ម៉ាកកូល(Michael McCaul) មានប្រសាសន៍នៅថ្ងៃអាទិត្យថា យន្តហោះបានព្យាយាមចាកចេញពីអាកាសយានដ្ឋានក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ។

មន្រ្តីអង្គការក្រៅរដ្ឋាភិបាលមួយបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានថា អង្គការមានមនុស្សរង់ចាំឡើងយន្តហោះនៅក្នុងចំណោមអ្នករង់ចាំជើងហោះហើរទាំងនោះ។

ក្រុមសកម្មប្រយុទ្ធជនតាលីបង់បានបដិសេធលើការអះអាងនេះ ដោយចាត់ទុកថាជាការឃោសនាបោកប្រាស់។

អ្នកនាំពាក្យលោកហ្សាប៊ីហ៊ូឡាស់ ម៉ូចាហ៊ីដ( Zabihullah Mujahid) ប្រាប់ភ្នាក់ងារសារព័ត៌មានថា “រឿងនេះមិនពិតទេ។ មេដឹកនាំមូចាហ៊ីដ (Mujahideen) របស់យើងមិនបានធ្វើអ្វីលើជនជាតិអាហ្វហ្គានីស្ថាននោះទេ។ វាជាការឃោសនា ហើយពួកយើងសូមបដិសេធវា” ។

លោកម៉ាកកូល ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាជាន់ខ្ពស់គណបក្សសាធារណរដ្ឋបានប្រាប់ភ្នាក់ងារសារព័ត៌មាន Fox News ថា មានយន្តហោះចំនួន ៦គ្រឿងដែលសម្រាប់ដឹកពលរដ្ឋអាមេរិក និងអ្នកបកប្រែភាសាអាហ្វហ្គានីស្ថាន ដែលកំពុងរង់ចាំនៅព្រលានយន្តហោះ។

លោកបន្ថែមថា៖ “ មន្ត្រីក្រសួងការបរទេស បានចេញដោះស្រាយជើងហោះហើរទាំងនេះ ហើយក្រុមសកម្មប្រយុទ្ធជនតាលីបង់នឹងមិនអនុញ្ញាតឱ្យប្រជាជនចាកចេញពីព្រលានយន្តហោះទេ” ។

អ្នកតំណាងរដ្ឋតិចសាស់រូបនេះបានបន្ថែមថា៖ “ យើងដឹងពីមូលហេតុ នោះក៏ព្រោះតែក្រុមសកម្មប្រយុទ្ធជនតាលីបង់ចង់បានអ្វីជាថ្នូរ” ។

នៅក្នុងសារអ៊ីម៉ែលទៅកាន់សមាជិកសភា ដែលភ្នាក់ងារសារព័ត៌មាន CBS បានឃើញ មានខ្លឹមសារថា ក្រសួងការបរទេសបានទទួលស្គាល់ថា មានជើងហោះហើរនៅ Mazar-i-Sharif ហើយក្រុមសកម្មប្រយុទ្ធជនតាលីបង់នឹងមិនអនុញ្ញាតឱ្យហោះហើរទេ រហូតដល់មានការ    អនុញ្ញាត្តិទើបពួកគេយល់ឲ្យព្រមចាកចេញ។

លោកស្រី ម៉ារ៊ីណា លីហ្គ្រី (Marina LeGree) គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Ascend Athletics ដែលធ្វើការជាមួយក្មេងស្រី និងស្ត្រីជនជាតិអាហ្វហ្គានីស្ថានបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ចំនួនយន្តហោះអាចច្រើនជាង ៦គ្រឿង ហើយលោកស្រីបានបន្ថែមថា លោកស្រីបានលឺថា មានមនុស្សរហូតដល់ ១០០០នាក់កំពុងរង់ចាំចាកចេញពីប្រទេស

អាហ្វហ្គានីស្ថាន។

អង្គការរបស់លោកស្រីមានមនុស្ស ៣៤នាក់ដែលបានរង់ចាំចាកចេញអស់រយៈពេល ៦ថ្ងៃក្នុងនោះមានជនជាតិអាមេរិក ១៩នាក់ និងអ្នកកាន់កាតបៃតង ២នាក់។ ពួកគេគឺជាផ្នែកមួយនៃការជម្លៀស ដែលមានការរៀបចំធំក្រោមការឧបត្ថម្ភរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកស្រីលីហ្គ្រី មានប្រសាសន៍ថា លោកស្រីជឿជាក់ថា នឹងមានជំលោះ ឬក៏ការចរចារវាងក្រុមសកម្មប្រយុទ្ធជនតាលីបង់ និងក្រុមហ៊ុនអាកាសចរណ៍ Kam Air របស់ប្រទេសអាហ្វហ្គានីស្ថានកំពុងផ្អាកការហោះហើរ។

លោកស្រីបានប្រាប់បន្ថែមទៀតថា៖ “យើងបានរង់ចាំដោយការអត់ធ្មត់ដូចអ្នកដទៃទៀតដែរហើយយើងមានមនុស្ស ដែលនៅជាប់ជាមួយក្រុមគ្រួសាររបស់ពួកគេ និងមានក្មេងអាយុ ៣ឆ្នាំ   ម្នាក់ស្ថិតនៅក្នុងចំណោមមនុស្សទាំងនោះជិតមួយសប្តាហ៍ហើយ” ។ លោកស្រីបន្តថា​  ក្រុមសកម្មប្រយុទ្ធជនតាលីបង់បានចូលទៅកន្លែងដែលឃុំខ្លួនប្រជាជន និងចាប់ខ្លួនមនុស្សមួយចំនួនពីរឬបីដងមកហើយ។ លោកស្រីបញ្ជាក់ថា“ វាគ្រាន់តែជាស្ថានភាពមួយដែលគួរឱ្យព្រួយបារម្ភ” ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ភ្នាក់ងារសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា៖ “គេយល់អំពីការព្រួយបារម្ភនេះ ប៉ុន្តែយើងមិនមានបុគ្គលិកនៅលើដី យើងមិនមានយន្តហោះនៅក្នុងប្រទេស ហើយយើងក៏មិនបានគ្រប់គ្រងលើដែនអាកាស មិនថានៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឬកន្លែងផ្សេងទៀតនោះទេនៅក្នុងតំបន់” ។

សហរដ្ឋអាមេរិកបានដកកងទ័ពរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាននៅសប្តាហ៍មុនក្រោយពីបានចំណាយពេលអស់រយៈពេល ២០ឆ្នាំនៅក្នុងប្រទេសនេះ។  ពលរដ្ឋអាមេរិក កម្លាំងសម្ព័ន្ធមិត្ត និងពលរដ្ឋអាហ្វហ្គានីស្ថានច្រើនជាង ១២ម៉ឺននាក់ត្រូវបានជម្លៀសចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល។

ជាលទ្ធផលនៃការដកទ័ពហូតដល់ពេលនេះ មន្ត្រីក្រសួងការបរទេសអាមេរិកបាននិយាយថាខ្លួនមិនមានមធ្យោបាយដើម្បីបញ្ជាក់លម្អិតអំពីជើងហោះហើរ ឬជួយដល់អ្នកដែលរង់ចាំឡើងយន្តហោះបានឡើយ។ អ្នកនាំពាក្យរូបនោះបន្ថែមថា៖ “ទោះយ៉ាងណា យើងជជែកជាមួយនឹងក្រុមសកម្មប្រយុទ្ធជនតាលីបង់ឲ្យធ្វើតាមការសន្យាថានឹងអនុញ្ញាតឱ្យប្រជាជនចាកចេញពីប្រទេសអាហ្វហ្គានីស្ថានដោយសេរី។

ប្រែសម្រួល៖ប៉ោក លក្ខិណា

ប្រភពព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here