ប្រទេសលីប៊ី៖នាយករដ្ឋមន្ត្រីលីប៊ីលោកអាប់ឌុល ហាមីត ឌីបីបាស់ (Abdul-Hamid Dbeibah) នៅថ្ងៃអង្គារបានប្រកាសថា សន្តិសុខលីប៊ីបានចាប់ខ្លួនមេដឹកនាំជាន់ខ្ពស់ ម្នាក់នៃក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ។
លោកឌីបីបាស់បានសរសេរនៅលើបណ្តាញទ្វីតធ័រថា៖“ កម្លាំងប្រតិបត្តិការចម្រុះចាប់បាន មេដឹកនាំ IS ឈ្មោះអ៊ីមប៉ារ៉ាក់អាល់កាមី(Embarak al-Kharmi” )។ លោកបន្ថែមថា
“ការបន្តជោគជ័យនៅក្នុងការងារនេះនឹងនាំឱ្យមានព័ត៌មានស៊ើបការណ៍សំខាន់អំពីក្រុមឧទ្ទាម IS និង សម្រេចបាននូវយុត្តិធម៌ក្នុងការប្រឆាំងនឹងភេរវករដ៏គ្រោះថ្នាក់” ។
មន្រ្តីការិយាល័យអគ្គព្រះរាជអាជ្ញាលីប៊ីបាននិយាយថា លោកអាល់ខាមីត្រូវបានចាប់ ខ្លួននៅក្នុងទីក្រុងបានីវ៉ាលីដ ដែលមានចម្ងាយប្រមាណជា ១៨០គីឡូម៉ែត្រភាគ អាគ្នេយ៍នៃរាជធានីទ្រីប៉ូលី។ មន្ត្រីដដែលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយមានខ្លឹមសារថា លោកអាល់កាមីទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកជា ច្រើនដែលកំណត់គោលដៅលើកម្លាំងសន្តិសុខ និងប៉ុស្តិ៍ត្រួតពិនិត្យយោធានៅជិត ទីក្រុងបានី វ៉ាលីដ (Bani Walid)។
នៅក្នុងសេចក្តីថ្លែងការណ៍មានបន្ថែមខ្លឹមសារថា លោកអាល់កាមីក៏មានជាប់ពាក់ព័ន្ធ ទៅនឹងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅជំរុំហ្វឹកហាត់យោធាមួយនៅឆ្នាំ២០១៦ នៅក្នុងទីក្រុងហ្សីលេន (Zliten) ភាគខាងលិចនៃប្រទេសលីប៊ី ដែលបានសម្លាប់មនុស្សយ៉ាងតិច ៦៧ នាក់។
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១