ប៉ូលិសក្នុងតំបន់បានប្រាប់សារព័ត៌មាន BasNews កាលពីថ្ងៃអង្គារនេះថាក្រុមជីហាដនៃអង្គការរដ្ឋអ៊ីស្លាមបានគំរាមកំហែងអ្នកភូមិដែលរស់នៅក្នុងតំបន់ជម្លោះខេត្ត Kirkuk ឱ្យធ្វើការចាកចេញពីភូមិរបស់ពួកគេ។
មេប៉ូលិសលោក អាលី ហ្វាទី (Ali Fathi) បានប្រាប់សារព័ត៌មាន BasNews ថាក្រុមបះបោរបានវាយឆ្មក់ចូលក្នុងភូមិការ៉ាបា (Qarabag) ក្នុងបរិវេណស្រុកភីដ (Pirde) កាលពីយប់ថ្ងៃច័ន្ទនេះដោយពួកគេបានធ្វើការគំរាមកំហែងអ្នកស្រុកឱ្យបោះបង់ចោលភូមិរបស់ពួកគេ។
ទោះយ៉ាងណាកងកម្លាំងអ៊ីរ៉ាក់បានឆ្លើយតបភ្លាមៗចំពោះការគំរាមកំហែងនេះ។
គួររំលឹកថាក្រុមរដ្ឋអ៊ីស្លាមបានប្រកាសចុះចាញ់ទាំងស្រុងនៅអ៊ីរ៉ាក់ក្នុងឆ្នាំ២០១៧ ប៉ុន្តែក្រុមបះបោរនៅតែបន្តសកម្មនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ាក់ជាពិសេសនៅក្នុងទឹកដីដែលមានជម្លោះរវាងទីក្រុងអើប៊ីល (Erbil) និងរដ្ឋធានីបាដាដដែលជាកន្លែងមានភាពចន្លោះប្រហោងផ្នែកសន្តិសុខ។
បន្ទាប់ពីព្រឹត្តិការណ៍កាលពីខែតុលាឆ្នាំ២០១៧ នៅពេលដែលកងទ័ពអ៊ីរ៉ាក់ និងកងកម្លាំងហាស្សាដអាល់សាប៊ី (Hashd al-Shaabi) គាំទ្រដោយអ៊ីរ៉ង់បានវាយដណ្តើមយកតំបន់ជម្លោះ និងបង្ខំពួកអ្នកប្រយុទ្ធប៉េសមេហ្គា (Peshmerga) ដកខ្លួនចេញពីទឹកដីទាំងនោះមកបានធ្វើឱ្យក្រុមរដ្ឋអ៊ីស្លាមមានភាពរីករាយចំពោះគម្លាតសន្តិសុខនៅក្នុងតំបន់ទាំងនេះ។
មេដឹកនាំឃឺដ និងពិភពលោកបានព្រមានម្តងហើយម្តងទៀតថាក្រុមរដ្ឋអ៊ីស្លាមនៅតែបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងសន្តិសុខ និងជនស៊ីវិលនៅកន្លែងផ្សេងៗនៃប្រទេសអ៊ីរ៉ាក់រហូតមកទល់ពេលនេះ។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១