រដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមរៀបចំបិទជំរុំចុងក្រោយដែលជាកន្លែងទទួលជនភៀសខ្លួនក្នុងស្រុកសម្រាប់ជនអន្តោប្រវេសន៍នៅក្នុងខេត្តអានបារ (Anbar) ខណៈប្រជាជនដែលរស់នៅក្នុងជំរុំត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ហើយដើម្បីត្រលប់ទៅផ្ទះវិញ។
រដ្ឋមន្ត្រីក្រសួងចំណាកស្រុក និងផ្លាស់ទីលំនៅអ៊ីរ៉ាក់លោកអ៊ីវ៉ានហ្វៀចចាប្រ៊ូ (Ivan Faiek Jabru) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគ្រួសារជនភៀសខ្លួនចំនួន៨០គ្រួសារ ស្មើនឹង ៤០០នាក់បានចាកចេញពីជំរុំអាមៀរីយ៉ា (Amiria) ក្នុងទីក្រុងហ្វាលូចា (Falluja) ឆ្ពោះទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ។
រដ្ឋមន្ត្រីអ៊ីរ៉ាក់បានប្រាប់ឱ្យដឹងទៀតថា ការរៀបចំកំពុងដំណើរការដើម្បីធានាថាជនភៀសខ្លួនទាំងអស់នឹងត្រលប់ទៅកន្លែងដើមវិញ ហើយជំរុំចុងក្រោយនេះនឹងត្រូវបិទ។
ការសម្របសម្រួលសម្រាប់ការវិលត្រឡប់របស់ជនអន្តោប្រវេសន៍របស់អាមៀរីយ៉ាបានធ្វើឡើងដោយសហការជាមួយរដ្ឋបាលមូលដ្ឋានរបស់ខេត្តអានបារ ក៏ដូចជាអង្គការអន្តោប្រវេសន៍អន្តរជាតិ។
ជាមួយគ្នានេះកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធនេះបានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងអន្តោប្រវេសន៍ និងការផ្លាស់ទីលំនៅ ដើម្បីពង្រឹងភាពជាដៃគូ រវាងភាគីទាំងពីរដើម្បីគាំទ្រដល់ការវិលត្រឡប់ និងការធ្វើសមាហរណកម្មជនភៀសខ្លួននៅអ៊ីរ៉ាក់។
កិច្ចព្រមព្រៀងមានរយៈពេល៣ឆ្នាំសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងគូភាគី រួមទាំងការគាំទ្រដល់កម្មវិធីក្នុងការផ្តល់ដំបូន្មានបច្ចេកទេស ចំណេះដឹងស្របតាមផែនការ និងគោលនយោបាយជាតិដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មជនភៀសខ្លួនឡើងវិញ ហើយនិងបរិយាកាសអំណោយផលសម្រាប់ស្ថិរភាពនៅអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១