ប្រទេសអាហ្វហ្គានីស្ថាន៖ ក្រុមសកម្មប្រយុទ្ធជនតាលីបង់បានបាញ់រះដើម្បីបំបែកហ្វូងមនុស្សនៅកន្លែងតវ៉ាដ៏ធំមួយនៅរដ្ឋធានី កាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន។
មានវីដេអូឃ្លីបពីកន្លែងដែលកើតហេតុគឺបានបង្ហាញពីមនុស្សជាច្រើនរត់ទៅរកកន្លែងសុវត្ថិភាព ខណៈដែលមានស្នូរកាំភ្លើងធំនៅពីខាងក្រោយពួកគេ។ក្រុមបាតុកររាប់ពាន់នាក់បានធ្វើបាតុកម្មនៅតាមដងផ្លូវកាលពីថ្ងៃអង្គារដើម្បីទាមទារសិទ្ធិស្ត្រីនិងប្រឆាំងនឹងការគ្រប់គ្រងរបស់ក្រុមសកម្មប្រយុទ្ធជនតាលីបង់។
ក្រុមបាតុករក៏បានស្រែកជាពាក្យស្លោកប្រឆាំងនឹងប្រទេសប៉ាគីស្ថានផងដែរ ព្រោះមានមនុស្សជាច្រើនជឿជាក់ថាប្រទេសជិតខាងគឺប៉ាគីស្ថានបានគាំទ្រក្រុមសកម្មប្រយុទ្ធជនតាលីបង់ ខណៈដែលប្រទេសប៉ាគីស្ថានបានបដិសេធមិនទទួលនោះទេ។
ការធ្វើបាតុកម្មនេះកើតឡើងនៅរយៈពេលមួយថ្ងៃបន្ទាប់ពីមេដឹកនាំកងកម្លាំងតស៊ូលោកអាមាដ ម៉ាសោដ (Ahmad Massoud) បានអំពាវនាវឱ្យមានការបះបោរជាតិប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធជនតាលីបង់។
វីដេអូមួយដែលបញ្ជូនទៅភ្នាក់ងារសារព័ត៌មានបានបង្ហាញពីសកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធជនតាលីបង់ដែលបានបាញ់កាំភ្លើងរបស់ពួកគេឡើងទៅលើអាកាស ហើយជាសកម្មភាពដែលត្រូវបានហាមឃាត់នៅសប្តាហ៍មុន ក្រោយពីមនុស្សជាច្រើនអ្នកត្រូវបានគេរាយការណ៍ថា ត្រូវបានស្លាប់បាត់បង់ជីវិតបន្ទាប់ពីមានការបាញ់កាំភ្លើងទៅលើអាកាសនេះ។
អ្នកសារព័ត៌មានខ្លះត្រូវបានរារាំងមិនឱ្យចូលថតនៅក្នុងការជួបជុំនោះទេ ហើយទីភ្នាក់ងារសារព័ត៌មាន Tolo News របស់ប្រទេសអាហ្វហ្គានីស្ថានបានរាយការណ៍ថា អ្នកថតរូបរបស់ខ្លួនត្រូវបានចាប់ខ្លួនរួមជាមួយបុគ្គលិកសារព័ត៌មានក្នុងស្រុក និងអ្នកសារព័ត៌មានបរទេសមួយចំនួនផ្សេងទៀត។
មានស្ត្រីជាច្រើនបានធ្វើការតវ៉ាអស់រយៈពេលមួយសប្តាហ៍មកហើយ ប៉ុន្តែនៅថ្ងៃអង្គារក៏មានបុរសជាច្រើននាក់ចូលរួមក្នុងការអំពាវនាវឱ្យមានសមភាព និងសុវត្ថិភាពផងដែរ។ អ្នកសង្កេតការណ៍ជាច្រើនបានបញ្ចេញមតិថា មិនមានបុរសនៅក្នុងការប្រមូលផ្តុំដែលដឹកនាំដោយស្ត្រីពីមុនមកនោះទេ។
មនុស្សជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានស្តីបន្ទោសលើប្រទេសប៉ាគីស្ថានដែលជាប្រទេសជិតខាង ចំពោះការវិលត្រឡប់មកកាន់អំណាចរបស់ក្រុមសកម្មប្រយុទ្ធជនតាលីបង់វិញ ហើយក្រុមបាតុករថែមទាំងបានស្រែកថា “ស្លាប់ទៅប៉ាគីស្ថាន” និងបន្ថែមទៀតថា“ យើងមិនចង់បានរដ្ឋាភិបាលអាយ៉ងឲ្យប្រទេសប៉ាគីស្ថាននោះទេ” ក្នុងពេលបាតុកម្មនៅថ្ងៃអង្គារនោះ។
ប្រទេសប៉ាគីស្ថានរងការចោទប្រកាន់ជាយូរមកហើយ ដោយសហរដ្ឋអាមេរិក និងប្រទេសដ៏ទៃផ្សេងទៀតថា បានផ្តល់ការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធជនតាលីបង់។
នៅថ្ងៃចន្ទ មានសេចក្តីរាយការណ៍ជាច្រើនដែលពុំទាន់មានការបញ្ជាក់ ដែលមានខ្លឹមសារថា ប្រទេសប៉ាគីស្ថានបានជួយដល់ក្រុមសកម្មប្រយុទ្ធជនតាលីបង់ ដោយប្រើយន្តហោះដ្រូន ដើម្បីទម្លាក់គ្រាប់បែកនៅជ្រលងភ្នំផានស្ហៀរ(Panjshir) នៃប្រទេសអាហ្វហ្គានីស្ថាន ជាកន្លែងដែលការប្រយុទ្ធគ្នានៅតែមានបន្តរវាងក្រុមសកម្មប្រយុទ្ធជនតាលីបង់ និងកងកម្លាំងតស៊ូ។
អ្នកនាំពាក្យយោធារបស់ប្រទេសប៉ាគីស្ថាន លោកឧត្តមសេនីយ៍ឯកបាបា ទីការ (Babar Iftikhar) បានបដិសេធលើរឿងនេះ។ លោកបានប្រាប់សារព័ត៌មានថា ប្រទេសប៉ាគីស្ថានមិនបានធ្វើអ្វីពាក់ព័ន្ធទៅនឹងហេតុការណ៍ ដែលកំពុងកើតឡើងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានមិនថា នៅជ្រលងភ្នំផាន ស្ហៀរ ឬកន្លែងផ្សេងទៀតនោះទេ៕
ប្រែសម្រួលដោយ៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន BBC ចុះផ្សាយនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១