ប្រទេសតួកគី៖មន្ត្រីក្រសួងការពារជាតិនិយាយនៅថ្ងៃអាទិត្យថា ទាហានតួកគី ០១នាក់ ត្រូវបានសម្លាប់ និង ០១នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍វាយប្រហារដោយ កម្លាំងរបស់គណបក្សពលករឃឺដ(PKK) នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
មន្ត្រីនៃក្រសួងការពារជាតិបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយមានខ្លឹមសារថា កម្លាំងរបស់គណបក្សពលករឃឺដបានវាយប្រហារលើរថយន្តយោធាតួកគីនៅ ខាងក្រៅមូលដ្ឋានតួកគី ក្នុងតំបន់ប្រតិបត្តិការផេន ស៊ីមសេគ ( Pence-Simsek )។
ការវាយប្រហារនោះបានកើតឡើងនៅរយៈពេលមួយថ្ងៃបន្ទាប់ពីទាហានតួកគី ០៣ នាក់ត្រូវបានសម្លាប់ និង ០២នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារមួយនៅ ខេត្តអ៊ីដលីបភាគពាយ័ព្យនៃប្រទេសស៊ីរី។
កងកម្លាំងតួកគីតែងតែធ្វើប្រតិបត្តិការឆ្លងដែនទៅលើមូលដ្ឋានរបស់កម្លាំងរបស់គណបក្សពលករឃឺដ នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
គួរបញ្ជាក់ផងដែរថា កម្លាំងរបស់គណបក្សពលករឃឺដ (PKK) ដែលត្រូវបានចុះចូល ក្នុងបញ្ចីភេរវករដោយកម្លាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្វើការវាយ ប្រហារ ប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលតួកគីអស់រយៈពេល ៣០ឆ្នាំមកហើយ ដោយបាន សម្លាប់មនុស្សច្រើនជាង ៤០ ០០០នាក់៕
ប្រែសម្រួល៖ ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១