ទាហាន ០៣នាក់ត្រូវបានសម្លាប់ ក្នុងការវាយប្រហាររបស់ក្រុមសកម្ម ប្រយុទ្ធ IS

0

ប្រទេសអ៊ីរ៉ាក់៖ប្រភពសន្តិសុខក្នុងតំបន់បាននិយាយថា ទាហានអ៊ីរ៉ាក់ ០៣នាក់ត្រូវ បានសម្លាប់ និង០២នាក់ផ្សេងទៀតរងរបួសនៅថ្ងៃអាទិត្យ  ក្នុងហេតុការណ៍វាយ ប្រហារដោយក្រុមសកម្មប្រយុទ្ធ IS នៅក្នុងខេត្តឌី យ៉ាឡា (Diyala) ភាគខាងកើតនៃ ប្រទេសអ៊ីរ៉ាក់។

លោកម៉ូហាមេដ​​ អាល់ អូបាយឌី (Mohammed al-Obaidi) មកពីក្រុមយុទ្ធជនកុល

សម្ព័ន្ធក្នុងស្រុកបានប្រាប់ភ្នាក់ងារសារព័ត៌មានថា ហេតុការណ៍នោះបានកើតឡើងនៅ ពេលល្ងាច នៅពេលដែលក្រុមសកម្មប្រយុទ្ធ IS បានបើកការបាញ់ប្រហារលើទីតាំង ឈរជើងរបស់កងទ័ពអ៊ីរ៉ាក់នៅក្នុងតំបន់យ៉ូដែម (Udheim) ដែលមានចម្ងាយប្រមាណ​ជា ៦០គីឡូម៉ែត្រពីទីក្រុងបាគូបា (Baquba)។

លោកអាល់អូបាយឌីបន្ថែមថា ការវាយប្រហារនោះបណ្តាលឱ្យទាហាន ០៣នាក់ស្លាប់ និង ០២នាក់ផ្សេងទៀតរងរបួស។

បើទោះបីជា​មានប្រតិបត្តិការយោធាម្តងហើយម្តងទៀតនៅក្នុងខេត្តឌីយ៉ាឡាក៏ដោយ ក្រុមសកម្មប្រយុទ្ធ IS នៅតែបន្តលាក់ខ្លួនតាមតំបន់ខ្ពង់រាបជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់ ក៏ដូចជានៅតាមតំបន់ ដែលលាតសន្ធឹងពីផ្នែកខាងលិចនៃខេត្តឌីយ៉ាឡា ទៅតំបន់ភ្នំហ៊ីមរ៉េន (Himreen)។

គួរបញ្ជាក់ផងដែរថា ស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់មានភាពប្រសើរឡើង ចាប់តាំងពីកងកម្លាំងសន្តិសុខអ៊ីរ៉ាក់បានបង្ក្រាបក្រុមសកម្មប្រយុទ្ធ IS នៅទូទាំង ប្រទេសនៅចុងឆ្នាំ២០១៧។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកក្រុមសកម្មប្រយុទ្ធ IS ដែលនៅសេសសល់​បានបង្កប់ខ្លួននៅតាមតំបន់ទីប្រជុំជន ឬតំបន់វាលខ្សាច់ និងតំបន់ខ្ពង់រាប ដោយបានធ្វើការវាយឆ្មក់ជាញឹកញាប់ប្រឆាំងនឹងកងកម្លាំង សន្តិសុខ និងជនស៊ីវិល៕

ប្រែសម្រួល៖ ប៉ោក លក្ខិណា

ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១

LEAVE A REPLY

Please enter your comment!
Please enter your name here