ប្រភពបានប្រាប់ឱ្យដឹងថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានធ្វើការវាយប្រហារចំនួនពីរលើកដាច់ដោយឡែកពីគ្នាទៅលើកងទ័ពអ៊ីរ៉ាក់កាលពីថ្ងៃពុធនេះស្ថិតនៅក្នុងខេត្តឌីយ៉ាឡា (Diyala)បណ្តាលឲ្យទាហានម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួស។
ការវាយប្រហារដំបូងកើតឡើងនៅជាយក្រុងខានណាគីន (Khanaqin) ភាគឦសានខេត្តឌីយ៉ាឡាដែលជាទីកន្លែងដែលក្រុមបះបោររដ្ឋអ៊ីស្លាមបានកំណត់គោលដៅវាយប្រហារលើទីស្នាក់ការសន្តិសុខកងទ័ពអ៊ីរ៉ាក់ ដោយប្រើសប្រាស់អ្នកលបបាញ់ និងអាវុធប្រយុទ្ធធនមធ្យមបានសម្លាប់ទាហានម្នាក់ និងរបួសម្នាក់។
ការវាយប្រហារលើកទីពីរ ប្រភពបានប្រាប់សារព័ត៌មានសាហ្វាក (Shafaq) ថារថយន្តមួយគ្រឿងរបស់កងទ័ពដែលកំពុងធ្វើដំណើរឆ្ពោះទៅកន្លែងកើតហេតុដើម្បីជួយដល់កងកម្លាំងប្រឆាំងនឹងក្រុមជីហាដត្រូវបានបំផ្ទុះដោយគ្រាប់បែកដែលដាក់លើដងផ្លូវ បណ្តាលឱ្យទាហាន៤នាក់រងរបួស។
ហេតុការណ៍វាយប្រហារនានាដែលបានកើតឡើង ខណៈក្រុមរដ្ឋអ៊ីស្លាមបានចាប់ផ្តើមរៀបចំក្រុមរបស់ពួកគេឡើងវិញស្ថិតនៅក្នុងតំបន់ដែលមានជម្លោះរវាងទីក្រុងអើប៊ីល (Erbil) និងរដ្ឋធានីបាដាដដែលជាកន្លែងដែលមានចន្លោះប្រហោងផ្នែកសន្តិសុខ។ នាពេលថ្មីៗនេះកងកម្លាំងប៉េសមេហ្គា (Peshmerga) នៃតំបន់ឃឺដបានឈានដល់កិច្ចព្រមព្រៀងចុងក្រោយជាមួយក្រសួងការពារជាតិអ៊ីរ៉ាក់ដើម្បីបង្កើតកងពលតូចរួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការយោធានៅក្នុងទឹកដីដែលមានជម្លោះ។
គួរបញ្ជាក់ថាក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះទាហានអ៊ីរ៉ាក់ប្រហែល២០នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងហេតុការណ៍វាយប្រហារដែលធ្វើឡើងដោយក្រុមជីហាដស្ថិតនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសអ៊ីរ៉ាក់។
អ្នកប្រែសម្រួល៖ គល់ សេងហាក់
ប្រភពព័ត៌មានពី basnews ចេញផ្សាយថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១