សេចក្តីថ្លែងការណ៍ដោយកងទ័ពលីបង់ ដែលបានរាយការណ៍នៅថ្ងៃអង្គារមានខ្លឹមសារថា កម្លាំងនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់លីបង់ បានចាប់ខ្លួនមនុស្សមួយចំនួន ដែលបង្កើតសមាជិកគាំទ្រដល់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម(IS) នៅភាគខាងជើងទីក្រុងទ្រីប៉ូលី។
នៅក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា សមាជិករបស់ក្រុមសកម្មប្រយុទ្ធបានទិញ
អាវុធ និងគ្រាប់រំសេវដើម្បីធ្វើប្រតិបត្តិការភេរវកម្ម ដោយទាញយកប្រយោជន៍ពីស្ថាន ភាពកាន់តែដុនដាបនៅក្នុងប្រទេសលីបង់។ លើសពីនេះ សមាជិកក្រុមសកម្មប្រយុទ្ធក៏បានជ្រើសរើសសមាជិកបន្ថែមដើម្បីចូលរួមជាមួយពួកគេ។
គួររំលឹកផងដែរថា សមាជិកក្រុមសកម្មប្រយុទ្ធបានចាប់ផ្តើមធ្វើសកម្មភាពនៅចុងខែមិថុនា និងបានចូលរួមធ្វើឃាតអតីតសមាជិកស៊ើបការណ៍សម្ងាត់របស់កងទ័ពលីបង់លោកអាមិដ ម៉ូរ៉ាដ (Ahmed Murad) នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅក្នុងទីក្រុងទ្រីប៉ូលី។
សូមបញ្ជាក់ផងដែរថា សមាជិកក្រុមសកម្មប្រយុទ្ធដែលជាប់ឃុំខ្លួនត្រូវបានបញ្ជូនទៅ ប្រព័ន្ធតុលាការមានសមត្ថកិច្ចដើម្បីធ្វើការស៊ើបអង្កេត និងអនុវត្តតាមនីតិវិធីច្បាប់ផ្សេងៗទៀត៕
ប្រែសម្រួល៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Xinhua ចុះផ្សាយថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១