ប្រទេសអាហ្វហ្កានីស្ថាន៖ មេដឹកនាំក្រុមសកម្មប្រយុទ្ធតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានបាននិយាយនៅថ្ងៃអង្គារកន្លងទៅនេះថា ពុំមានភស្តុតាងណាដែលបង្ហាញថា សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (ISIS) ឬក្រុមសកម្មប្រយុទ្ធអាល់កៃដាកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ បន្ទាប់ពី ISIS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយគ្រាប់បែកនៅភាគខាងកើតទីក្រុងចាឡាឡាបាដ។
ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកាប៊ុលនៅខែមុន ក្រុមសកម្មប្រយុទ្ធតាលីបង់បានប្រឈមមុខនឹងសម្ពាធពីសហគមន៍អន្តរជាតិដើម្បីបោះបង់ទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដា ដែលជាក្រុមស្ថិតនៅពីក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០០១ មកលើសហរដ្ឋអាមេរិក។
ស្របពេលជាមួយគ្នានេះដែរ ពួកគេត្រូវប្រឈមមុខនឹងការវាយប្រហារជាបន្តបន្ទាប់ដែលអះអាងដោយសម្ព័ន្ធមិត្តរបស់រដ្ឋអ៊ីស្លាម ដោយពួកគេមានជម្លោះជាច្រើនឆ្នាំមកហើយជុំវិញជម្លោះសេដ្ឋកិច្ច និងមនោគមវិជ្ជា។
អ្នកនាំពាក្យតាលីបង់លោកហ្សាប៊ីហ៊ូឡាស់ ម៉ូចាហ៊ីដ (Zabihullah Mujahid) បានច្រានចោលលើការចោទប្រកាន់ដែលថា ក្រុមសកម្មប្រយុទ្ធអាល់កៃដារក្សាវត្តមាននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានសន្យាម្តងហើយម្តងទៀតថានឹងមិនធ្វើការវាយប្រហារទៅលើប្រទេសទីបីចេញពីប្រទេសអាហ្វហ្គានីស្ថានដោយចលនាសកម្មប្រយុទ្ធឡើយ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយនៅទីក្រុងកាប៊ុលថា៖“ យើងមិនបានឃើញនរណាម្នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអាល់កៃដាឡើយ” ។ យើងបានប្តេជ្ញាចំពោះការពិតដែលថា ប្រទេសអាហ្វហ្កានីស្ថាននឹងមិនធ្វើឲ្យមានគ្រោះថ្នាក់ដល់ប្រទេសណាមួយឡើយ»។
ក្រុមសកម្មប្រយុទ្ធជនតាលីបង់ត្រូវបានបណ្តេញចេញពីអំណាចគ្រប់គ្រងដោយកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកនៅឆ្នាំ២០០១ ពីបទបដិសេធមិនព្រមប្រគល់មេដឹកនាំអាល់កៃដាដែលនៅពីក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា។ ពួកគេបានវិលត្រឡប់មកទីក្រុងកាប៊ុលវិញនៅខែមុន ក្រោយពីកងកម្លាំងអាមេរិកបានប្រកាសថា ពួកគេកំពុងចាកចេញ ហើយរដ្ឋាភិបាល និងយោធាដែលគាំទ្រដោយសហរដ្ឋអាមេរិកបានដួលរលំ។
កម្លាំងសម្ព័ន្ធក្នុងប្រទេសអាហ្វហ្គានីស្ថាន នៃរដ្ឋអ៊ីស្លាម ដែលត្រូវបានគេស្គាល់ថា រដ្ឋអ៊ីស្លាម Khorasan (ISIS-K) ជាឈ្មោះបន្ទាប់ពីឈ្មោះចាស់ដែលគេប្រើក្នុងតំបន់នេះ បានលេចមុខជាលើកដំបូងនៅភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០១៤ ហើយក្រោយមកបានធ្វើដំណើរទៅតំបន់ផ្សេងទៀត ជាពិសេសតំបន់នៅតំបន់ភាគខាងជើង។
នៅរយៈពេលប៉ុន្មានឆ្នាំមុន យោធារបស់សហរដ្ឋអាមេរិកបានបន្ថែមកម្លាំងក្នុងក្រុមរបស់ខ្លួនប្រមាណជា ២០០០នាក់ បើទោះបីជាមន្រ្តីអាហ្វហ្គានីស្ថានខ្លះ នៅពេលនោះបានប៉ាន់ប្រមាណថា ចំនួនកម្លាំងបន្ថែមខ្ពស់ជាងនេះក៏ដោយ។
ការប្រយុទ្ធគ្នាកើតឡើងពីកងកម្លាំងបរទេសដែលដឹកនាំដោយសហរដ្ឋអាមេរិក និងក្រុមសកម្មប្រយុទ្ធជនតាលីបង់ ក្នុងការដណ្តើគ្រប់គ្រងផ្លូវរត់ពន្ធ ខណៈពេលដែលមានបំណងព្យាយាមបង្កើតកាលីហ្វត (Caliphate) ទូទាំងពិភពលោក។
ក្រុមសកម្មប្រយុទ្ធជនតាលីបង់នេះបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារគ្រាប់បែកជាបន្តបន្ទាប់នៅក្នុងទីក្រុងចាឡាឡាបាដភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថាននៅចុងសប្តាហ៍មុន។ ពួកគេក៏បានអះអាងផងដែរពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅអាកាសយានដ្ឋានកាប៊ុលនៅខែមុន ដោយបានសម្លាប់ទាហានអាមេរិកចំនួន ១៣នាក់ និងជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើននាក់ ដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅច្រកអាកាសយានដ្ឋាន។
លោកម៉ូចាហ៊ីដ (Mujahid) បានបដិសេធថា ចលនានេះមិនមានវត្តមានពិតប្រាកដនៅក្នុងប្រទេសអាហ្វហ្គានីស្ថានឡើយ ទោះបីជាលោកធ្លាប់បានលើកឡើងថា វាជាការវាយប្រហារដោយភាពកំសាក។
លោកមានប្រសាសន៍បន្ថែមថា៖ “ ក្រុមសកម្មប្រយុទ្ធ ISIS ដែលមាននៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីមិនមាននៅទីនេះទេ តែនៅមានមនុស្សមួយចំនួនដែលជាជនជាតិអាហ្វហ្គានីស្ថានរបស់យើងបានប្រកាន់យកនូវគំនិតរបស់ក្រុមសកម្មប្រយុទ្ធ ISIS ដែលនោះគឺជារឿងមួយដែលប្រជាជនមិនគាំទ្រ”។ លោកបានបញ្ជាក់បន្ថែមថា៖“ កម្លាំងសន្តិសុខនៃរដ្ឋអ៊ីស្លាមអេមីរ៉ាតបានត្រៀមខ្លួនរួចជាស្រេច និងត្រៀមបញ្ឈប់ សកម្មភាពរបស់ពួកគេ” ៕
ប្រែសម្រួលដោយ៖ប៉ោក លក្ខិណា
ប្រភពព័ត៌មាន Reuter ចុះផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១